ភ្នំពេញៈ សមាជិក​សភា លោក ហ៊ុន ម៉ានី ដែលជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​សមាជិក​រដ្ឋសភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ទេ្វ​ភាគី​ជាមួយ​សមាជិក​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ប្រធានបទ​ ៣ ​សំខាន់ៗ តាមរយៈ​ប្រព័ន្ធ​ប្រជុំ Zoom នៅ​ថ្ងៃទី​ ២៤ ឧសភា​។

ការដឹកនាំ​គណៈប្រតិភូ​សមាជិក​រដ្ឋសភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​នេះ បន្ទាប់ពី​ទទួល​បាន​ចំណារ​អនុញ្ញាត​ពី​លោក ហេង សំរិន ប្រធានរដ្ឋសភា​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មការ​ទី​ ៧ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​អំពី​ដំណើរការ​រៀបចំ​ត្រៀម​ឈានឆ្ពោះ​ទៅកាន់​កិច្ចប្រជុំ​។

បើតាម​ទំព័រ​ហ្វេសប៊ុក​គណៈកម្មការ​ទី​៧ កិច្ចប្រជុំ​នេះ ពិភាក្សា​អំពី​ប្រធានបទ​ចំនួន​ ៣ ​សំខាន់ៗ ដោយ​ប្រធានបទ​ទី​១ ស្តីពី​ការលើក​កម្ពស់​សន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច ការរក្សា​ពហុភាគី​និយម និង​ការកសាង​វិបុលភាព​សម្រាប់​មនុស្សជាតិ តាមរយៈ​ការបន្ត​គាំទ្រ​គ្នា និង​សហការគ្នា​លើ​គ្រប់​ទិដ្ឋភាព ក្នុងដំណាក់កាល និង​ក្រោយពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ចំណែក​ប្រធានបទ​ទី​២ គណៈកម្មការ​នេះ​បាន​បញ្ជាក់ថា​៖ «​នឹង​ជជែក​ពី​ការកាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច​សង្គម​ដោយ​ជំងឺ​កូវីដ​ ១៩ និង​ការលើក​កម្ពស់​នូវ​ភាពធន់ ក្រោយ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ បទពិសោធ និង​ទស្សនាទាន​។ ប្រធានបទ​ទី​ ៣ ស្តីពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​សភា​ចិន-កម្ពុជា ជាពិសេស​ទំនាក់ទំនង​នៃ​សមាជិក​សភា​វ័យក្មេង​នៃ​ប្រទេស​ទាំង​ ២ ឆ្ពោះទៅកាន់​ការពង្រឹង​នីតិរដ្ឋ​»​។

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋសភា​កម្ពុជា​ឱ្យ​ដឹងថា កិច្ចប្រជុំ​ទ្វេភាគី​រវាង​សមាជិកសភា​វ័យក្មេង​កម្ពុជា-ចិន​តាម​ប្រព័ន្ធ​វីដេអូ​នេះ ប្រព្រឹត្ត​ទៅក្នុង​គោលដៅ​បន្ត​ស្មារតី​នៃ​លទ្ធផល​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​លោក លី ចាន់ស៊ូ ប្រធានសភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​ ១៨ ខែ មករា ឆ្នាំ​ ២០២១​។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ចន្ទ​ថា តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​សភា​នៃ​ប្រទេស​ទាំង​ ២ ​ក៏ដូចជា​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សមាជិកសភា​វ័យក្មេង​កម្ពុជា-ចិន​នេះ គឺជា​ការសបញ្ជាក់​ពី​ការបន្ត​រក្សា​ចំណង​មិត្តភាព​ដ៏រឹងមាំ​កម្ពុជា​-​ចិន ទាំង​ផ្នែក​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ ជាពិសេស​ក្នុង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២​។

ជាមួយ​គ្នា​នេះ លោក​បន្តថា កិច្ចប្រជុំ​នេះ​ក៏​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​របស់​សមាជិក​នៃ​រដ្ឋសភា​កម្ពុជា​។ បើ​ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីករាលដាល ជំងឺ​កូវីដ​ ១៩ ក៏​នៅតែ​បន្ត​បំពេញ​ការងារ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី សម្រេច​លើ​កិច្ចការ​ចាំបាច់​នានា ដែល​បម្រើ​ប្រយោជន៍​រួម​សម្រាប់​ប្រទេសជាតិ​ និង​ប្រជាជន​។

លោក​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន​។ អ៊ីចឹង​កាលពីមុន យើង​មាន​ប្រជុំ​គណៈកម្មការ​មួយចំនួន ហើយ​ឥឡូវនេះ គឺ​មាន​គណៈកម្មការ​សភា​វ័យក្មេង​នេះ​។ យើង​រំពឹងថា កិច្ចប្រជុំ​ទាំងនេះ​នឹង​ឈាន​ឱ្យ​ប្រទេស​ទាំង​ ២ មាន​ការជិតស្និទ្ធ​»​។

លោក​បន្ថែមថា​៖ «​កិច្ចប្រជុំ​ពេលនេះ គឺ​យើង​ផ្លាស់ប្តូរ​យោបល់​គ្នា ហើយ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត ដែល​អាច​នឹង​ប្រព្រឹត្ត​បន្តពេល​ខាងមុខ ព្រោះ​ក្នុង​ពេលនេះ​ដោយសារ​តែ​កូវីដ គឺ​យើង​បាន​ត្រឹម​ប្រជុំ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទេ និង​រៀបចំ​ផែនការ​ទៅ​អនាគត​។ ពេល​ចប់​កូវីដ ភាគី​ទាំង​ ២ អាច​នឹងមាន​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​ និង​អាច​ផ្លាស់ប្តូរ​ការដក​ពិសោធ​ជាច្រើន​ទៀត​»៕