ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ត្រូវ​ផ្លាស់ប្តូរ​របៀប​ផលិត របៀប​កែច្នៃ របៀប​ធ្វើ​អាជីវកម្ម របៀប​បរិភោគ និង​ការរស់នៅ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ដែល​មាន​ទិសដៅ​គាំទ្រ​ដល់​របប​អាហារ​សុខភាព​ឱ្យ​កាន់តែ​រឹងមាំ​ខណៈ​បញ្ហា​ស្បៀង កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ និង​ការរំខាន​ដោយ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​។

ការអំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២ ខែ​វិច្ឆិកា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​ ៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា ក្រោម​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​របប​អាហារ​សុខភាព​»​។

លោក ហ៊ុន សែន ថ្លែង​ថា ទិវា​ជាតិ​អាហារូបត្ថម្ភ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ និង​លើក​កម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ឱ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​អំពី​សារៈសំខាន់​នៃ​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​។

លោក​បន្ថែមថា ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សម្រាប់​ជន​គ្រប់រូប​គឺជា​កត្ដា​មិនអាច​ខ្វះ​បាន​ដែល​ទាមទារ​ឱ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាត និង​អនាម័យ គាំពារ​សង្គម និង​វិស័យ​ពាក់ព័ន្ធ​នានា​។ «​ឈរលើ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ឥរិយាបថ​ក្នុង​ការបរិភោគ​ចំណីអាហារ​ដែល​ការផ្លាស់ប្តូរ​ទាំងនេះ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន លើ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ប្រជាជន​»​។

ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​មីក្រូ​សារជាតិ និង​បញ្ហា​ថយចុះ​អត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់ លោក​ថា បញ្ហា​ធាត់ និង​លើស​ទម្ងន់​ក៏មាន​និន្នាការ​កើនឡើង​ដែរ​។ ដូច្នេះ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​សម្រាប់​ជន​គ្រប់រូប​គឺ​មិនអាច​ខ្វះ​បាន​។

លោក​ថា​៖ «​របប​អាហារ​មិន​ល្អ​នឹង​ការធ្វើ​លំហាត់ប្រាណ​មិន​គ្រប់គ្រាន់​គឺជា​កត្តា​ហានិភ័យ​នៃ​បញ្ហា​សុខភាព​សាធារណៈ និង​ធ្វើឱ្យ​បាត់បង់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​គ្រប់​ប្រភេទ​។ ការទទួល​ទាន​អាហារ​ដែល​មាន​ថាមពល​ខ្ពស់ ជាតិ​ខ្លាញ់ ស្ករ ឬ​អំបិល​ច្រើន និង​បរិភោគ​បន្លែ​ផ្លែឈើ​មិន​គ្រប់គ្រាន់​គឺជា​ហេតុផល​ចម្បង​បណ្តាលឱ្យ​មាន​ជំងឺ​មិនឆ្លង​នានា​»​។

តាមរយៈ​ការគាំទ្រ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ជំនួយ​សង្គម​ដូចជា​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ក៏ដូចជា​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​១៩​ផងដែរ​។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ក៏​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​លើក​ទី​ ២ ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ​២០២៣ ផងដែរ​។ នេះ​បើតាម​សារលិខិត​លោក​ ហ៊ុន សែន​។

លោកស្រី Rudina Vojvoda ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​យូនីសេហ្វ​បាន​សាទរ​ចំពោះ​សារលិខិត​របស់​លោក ហ៊ុន សែន ដែល​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ប្រព័ន្ធ​ចំណីអាហារ​សម្រាប់​របប​អាហារ​ដែលមាន​សុខភាព​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បន្ថែម​ថា វិបត្តិ​កូវីដ​ ១៩​ មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អាហារូបត្ថម្ភ​តាមរយៈ​ការលំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​ជះ​ឥទិ្ធពល​ទៅលើ​ស្ថានភាព​គ្រួសារ​នីមួយៗ ខណៈ​អ្នក​ជំនាញ​ពិភពលោក​ព្យាករ​ថា សូម្បីតែ​នៅក្នុង​សេណារីយ៉ូ​អភិរក្ស​ក៏ដោយ​ក៏​ផលប៉ះពាល់​របស់​វា​អាច​កើនឡើង​នូវ​អត្រា​ប្រេវ៉ាឡង់​របស់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ទៅ​ដល់​ ១៤,៣% ​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប​ដូចជា​ប្រទេស​កម្ពុជា​។ «​ដំណោះស្រាយ​មួយចំនួន​ដែល​អាច​ចូលរួម​បន្ធូរបន្ថយ​នូវ​ផលប៉ះពាល់​នៃ​អាហារូបត្ថម្ភ​ក្នុង​ពេល​វិបត្តិ​កូវីដ​ ១៩ គឺ​ការការពារ​ការទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ដែល​គួរតែ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាពប្រសើរ​ឡើង និង​ឆ្លើយតប​នឹង COVID-19​។ អាហារូបត្ថម្ភ​ល្អប្រសើរ​នាំ​ឱ្យ​មាន​ភាពធន់​ប្រសើរ​ជាង​មុន​ក្នុងពេល​មាន​អាសន្ន​ដូចជា​វិបត្តិ​កូវីដ​ ១៩ និង​គ្រោះទឹកជំនន់​។

លើសពី​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព និង​ពង្រីក​ការអន្តរាគមន៍ បង្ការ និង​ការព្យាបាល​ចំពោះ​កង្វះ​អាហារូបត្ថម្ភ​»​។ បន្ថែម​ពីនេះ លោកស្រី​ថា​ការលើក​កម្ពស់​របប​អាហារ​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​សហគមន៍​ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ឆ្នាំ​ខណៈ​ភ័ស្តុតាង​បង្ហាញថា ការវិនិយោគ​ក្នុង​រយៈពេល ១ ០០០ ​ថ្ងៃ​ដំបូង គឺជា​ការវិនិយោគ​ដ៏ល្អ​បំផុត​ដែល​ប្រទេស​នានា​អាច​ធ្វើ​ដើម្បី​លើកកម្ពស់​សុខភាព​ការយល់ដឹង និង​ការអភិវឌ្ឍ​ជាទូទៅ និង​សុខុមាលភាព​របស់​កុមារ​។ «​យូនីសេហ្វ​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ដទៃ​ទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​អាហារូបត្ថម្ភ និង​ធ្វើឱ្យ​ប្រាកដ​ថា​កុមារ​គ្រប់រូប​អាច​ទទួល​បាន​អាហារ​សុខភាព និង​អាហារូបត្ថម្ភ​»៕