ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ការធ្វើសមយុទ្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម គឺដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋនៃប្រទេសទាំង ២ នៅពេលមានគ្រោះមហន្តរាយកើតឡើង ហើយការចូលទៅជួយពលរដ្ឋរងគ្រោះតាមព្រំដែនគ្នាទៅវិញទៅមក គឺមិនមែនជាការឈ្លានពានគ្នានោះទេ។
ការថ្លែងរបស់លោក ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសម្តែងក្តីបារម្ភថា គម្រោងធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងនាថ្ងៃទី ១៨ ខែធ្នូ ខាងមុខ មិនមែនគ្រាន់តែជាការធ្វើសមយុទ្ធនោះទេពោលគឺវៀតណាមអាចនឹងឈ្លានពានកម្ពុជា។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលចំនួន ២ ៥៨៨ នាក់ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-វៀតណាម គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហានានាតាមព្រំដែន និងការជួយសង្គ្រោះប្រជាជននៃប្រទេសទាំង ២ ពេលជួបគ្រោះមហន្តរាយផ្សេងៗដែលសមយុទ្ធនេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់លោក។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការភាន់ច្រឡំ និងសូមកុំមានការព្រួយបារម្ភដោយលោកបញ្ជាក់ថា ការធ្វើសមយុទ្ធ យោធា សង្គ្រោះប្រជាពលរដ្ឋកម្ពុជា និងវៀតណាមនៅខេត្តស្វាយរៀងដែលគ្រោងចាប់ផ្តើមពីថ្ងៃទី ១៨ ខែធ្នូខាងមុខនេះថាមិនមែនជាការឈ្លានពានពីវៀតណាមដូចមានបុគ្គលមួយចំនួនបាននិយាយនោះទេ ហើយថាសមយុទ្ធយោធាសង្គ្រោះនេះនឹងជួយបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។
លោកបញ្ជាក់ថា៖ «ព្រំដែនយើងគឺនៅតែជាព្រំដែនគ្រាន់តែនេះជាការរួមគ្នាដើម្បីដោះស្រាយបញ្ហា។ កុំឲ្យមានការភាន់ច្រឡំថា វៀតណាមឈ្លានពាន ឬថៃឈ្លានពាន ឬក៏ឡាវឈ្លានពាន... យើងអាចឆ្លងទៅគេបានគេអាចឆ្លងមកយើងបានដោយចាត់ទុកថា នេះគឺជាកិច្ចសហប្រតិបត្តិការសង្គ្រោះ»។
លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា ការធ្វើសមយុទ្ធកងទ័ពរវាងកម្ពុជានិងវៀតណាម គឺជាគំនិតផ្តួចផ្តើមរបស់លោក ព្រោះដោយសារកម្ពុជាធ្លាប់មានបទពិសោធគ្រោះទឹកជំនន់ និងគ្រោះភ្លើងឆេះព្រៃនៅតាមព្រំដែនជាមូលហេតុដែលកម្ពុជាត្រូវធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសជិតខាងត្រៀមបង្ការថ្ងៃណាមួយមានគ្រោះផ្សេងៗដែលអាចជួយគ្នាទៅវិញទៅមក ដើម្បីជីវិតប្រជាពលរដ្ឋ។
លោកបន្តថា៖ «ប្រទេសជិតខាងយើងត្រូវមានកិច្ចសហប្រតិបត្តិការ ដើម្បីនឹងសង្គ្រោះ និងគ្រប់គ្រងគ្រោះមហន្តរាយឆ្លងកាត់ព្រំដែន ឧទាហរណ៍ភ្លើងឆេះព្រៃពីព្រំដែនកម្ពុជា ហើយភ្លើងវាមិនស្គាល់ព្រំដែនវៀតណាម ឬថៃទេ ដូច្នេះយើងត្រូវតាមពន្លត់វា ហើយបើខាងនោះឆេះមក យើងក៏ត្រូវរួមគ្នាដើម្បីទប់ស្កាត់កុំឲ្យវាឆេះរាលដាល ពីព្រោះយើងជាប្រទេសជិតខាងគ្នា។ ពីព្រោះខ្ញុំចង់ការពារប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់»។
បើតាមលោក ហ៊ុន សែន ប្រទេសកម្ពុជាបានជួបប្រទះគ្រោះមហន្តរាយច្រើនដងរួចមកហើយដូចកាលពីឆ្នាំ ២០១១ នៅខេត្តរតនគិរី ទឹកជំនន់វ៉ៃលុក នៅតំបន់ព្រំដែនភូមិភាគទី ១ ហើយលោកត្រូវទូរស័ព្ទទៅទីក្រុងហាណូយ ដើម្បីសុំអន្តរាគមន៍ពីកងទ័ពវៀតណាមភូមិគាគទី ៥ ឲ្យសហការជាមួយភូមិភាគ ទី ១ កម្ពុជា ដើម្បីជម្លៀសប្រជាជនចេញពីទឹកជំនន់ឆ្លងកាត់ទៅវៀតណាមវិញ ដោយមិនអាចឆ្លងកាត់មកកម្ពុជាបានទេ ពីព្រោះទឹកជំនន់វាកួចយកតែម្តង។
លោកបន្តថា មិនមែនតែជាមួយវៀតណាមនោះទេកន្លងមក កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធជាមួយអាមេរិក និងចិន និងជាមួយប្រទេសដទៃ ផ្សេងទៀតផងដែរហើយលោកនាយករដ្ឋមន្ត្រីបានចោទជាសំណួរថា៖ «ជាមួយអាមេរិក ចិន និងប្រទេសមួយចំនួនទៀតក៏ធ្លាប់ធ្វើ ហេតុអ្វីយើងមិនអាចធ្វើជាមួយប្រទេសជិតខាងបាន?»។
លោកបានឲ្យដឹងដែរថា សមយុទ្ធនេះគឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការដែលជួនកាលមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនោះទេ ដោយពេលខ្លះក៏មានកិច្ចសហប្រតិបត្តិការ ដោយមានពហុជាតិសាសន៍ចូលមកជួយផងដូចករណីគ្រោះរញ្ជួយដីនៅប្រទេសហៃទីដែលមានកងទ័ពអាមេរិករួមទាំងកងទ័ពប្រទេសផ្សេងទៀតបានចូលទៅជួយសង្គ្រោះ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទឲ្យដឹងថា សមយុទ្ធនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះទឹកជំនន់និងភ្លើងឆេះព្រៃ ព្រមទាំងពង្រឹងការសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ សមយុទ្ធនេះនឹងមានការប្រើប្រាស់កងកម្លាំងយោធាកម្ពុជាចំនួន ៤៧១ នាក់ និងយោធាវៀតណាម ៦៥ នាក់។
លោកថា៖ «ដំណាក់កាលទី ១ គឺយើងធ្វើលំហាត់នៅលើទីលានដោយប្រើប្រាស់ ដ្រូនស៊ើបការណ៍ និងការជួយសង្គ្រោះបន្ទាន់នឹងដំណាក់កាលទី ២ គឺការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីមេរោគរាតត្បាតនៅព្រំដែន និងការចែកអំណោយមនុស្សធម៌។ មិនមានការឈ្លានពានដូចការលើកឡើងរបស់ពួកប្រឆាំងនោះទេ»។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា ការធ្វើសមយុទ្ធរវាងភាគីកម្ពុជា និងវៀតណាមនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងវិស័យយោធាក្នុងការជួយសង្គ្រោះដល់ពលរដ្ឋដែលជារឿងធម្មតា។
លោកបានថា៖ «នេះគឺជាការយល់ព្រមរវាងគ្នានឹងគ្នា រវាងប្រទេសទាំង ២ ហើយជារឿងធម្មតាទេក្នុងការធ្វើសមយុទ្ធ ដើម្បីពង្រឹងទំនាក់ទំនង ហើយអ្នកចោទប្រកាន់ចេះតែចោទទៅដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយយើងឲ្យតែឮពាក្យវៀតណាម យើងរសើបតែម្តងហើយរាជរដ្ឋាភិបាលត្រូវតែប្រុង»។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញកាលពីថ្ងៃទី ១៣ ខែធ្នូរដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា ការធ្វើសមយុទ្ធនេះគឺដើម្បីចែករំលែកបទពិសោធរួមគ្នា និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២ នៅពេលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ និងគ្រោះធម្មជាតិផ្សេងៗទៀត៕