ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែង​ថា នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើរ​តួនាទី​ជា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង​ជំនាញ​ព្រមទាំង​ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដែល​ជា​មូលដ្ឋាន​ចម្បង សម្រាប់​ជំរុញ​ល្បឿន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​។

លោក​នាយករដ្ឋមន្ដ្រី​ថ្លែង​បែបនេះ តាមរយៈ​សារលិខិត​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​ ៣ នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ​ ២០២០ ក្រោម​ប្រធានបទ «TVET ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ​» ដោយ​លោក​បានចាត់​ទុក​មូលធន​មនុស្ស​គឺជា​កត្ដា​កំណត់​នៃ​ផលិតភាព​ការងារ ការបង្កើត​តម្លៃ​បន្ថែម សមត្ថភាព​ប្រកួតប្រជែង ភាពទាក់ទាញ​សម្រាប់​វិនិយោគ​ពី​បរទេស និង​ការចាប់​យក​បច្ចេកវិទ្យា​ថ្មី​ជាដើម​។

លោក​នាយករដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្នុង​បរិបទ​ដែល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​ផ្លាស់ប្ដូរ​យ៉ាង​រហ័ស ដូចជា​កម្ពុជា​យើង​ព្រម​ជាមួយ​នឹង​វិវឌ្ឍនៈ​បច្ចេកវិទ្យា​ដ៏លឿន​ក្រោម​ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដែល​ធ្វើឱ្យ​តម្រូវ​ការជំនាញ មាន​ការប្រែប្រួល​យ៉ាងខ្លាំង​តាមរយៈ​ការបង្កើត​ការងារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ជំនួស​ការងារ​ដែល​មាន​ស្រាប់​។ ជំនាញ​វិជ្ជាជីវៈ​ដើរតួនាទី​ចាំបាច់​ក្នុង​ការផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​អាច​រក្សា​ស្ថិរភាព​ការងារ និង​អាច​ផ្លាស់ប្ដូរ​ទៅ​រក​ការងារ​ថ្មី​បាន​យ៉ាង​រហ័ស​»​។

លោក​ថ្លែងថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​កន្លងមក​ដោយ​យល់ច្បាស់​ពី​សារៈសំខាន់​ចាំបាច់​នៃ​ជំនាញ​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​អាទិភាព​ខ្ពស់បំផុត​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ហើយ​បាន​ធ្វើការ​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​នេះ ដើម្បី​ខិតខំ​រត់តាម​ឱ្យទាន់ មហិច្ឆតា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម វិវឌ្ឍនៈ និង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​ទីផ្សារ​ការងារ ព្រមទាំង​ក្ដី​រំពឹងទុក​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​ និង​កម្រិត​ជីវភាព​កាន់តែ​ប្រសើរ​។

លោក​បាន​លើកឡើង​ថា ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​សិក្ខាកាម សិស្សានុសិស្ស និស្សិត និង​កម្មករនិយោជិត​ជាង​​ ២០ ​ម៉ឺន​នាក់​បាន​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​ថ្មី និង​លើក​កម្ពស់​ជំនាញ​របស់ខ្លួន ហើយ​បាន​ចាប់យក​ឱកាស​ការងារ​ល្អៗ និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ដោយ​ជោគជ័យ​។ លោក​ថា​បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​សាធារណៈ​ចំនួន ២៣ ត្រូវ​បាន​ទទួលស្គាល់​គុណភាព​ពី​អង្គការ​ស្ដង់ដា​អន្តរជាតិ (ISO)​។

ក្នុងឱកាស​ប្រារព្ធ​ទិវា​នេះ លោក​នាយករដ្ឋមន្ដ្រី​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ជំរុញ​លើក​ទឹកចិត្ដ និង​បង្កើន​ការចុះឈ្មោះ​កូនចៅ​ឲ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​មាន​ចំណេះដឹង​ចំណេះធ្វើ ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ​ដែល​ជា​កត្ដា​កំណត់​ភាព​ប្រកួតប្រជែង សម្រាប់​ចាប់​យក​ឱកាស​ការងារ​ល្អ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ដែល​នាំឱ្យ​គ្រួសារ​មាន​ប្រាក់ចំណូល និង​ជីវភាព​កើនឡើង និង​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​សង្គម​មាន​ការអភិវឌ្ឍ​ដូច​ដែល​ប្រធានបទ​នៃ​ទិវា​ជាតិ​នេះ​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ និង​ប្រកាស​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កិច្ចខិតខំ​ពង្រឹង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) នៅ​កម្ពុជា​ជា​សសរស្តម្ភ​នៃ​និរន្តរភាព​ជីវភាព​រស់នៅ​សមរម្យ ជាពិសេស​ក្នុង​ចំណោម​ក្រុម​ងាយ​រងគ្រោះ​ និង​ការជ្រោង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាពធន់​នឹង​វិបត្តិ​នានា ដូចជា​ជំងឺ​រាតត្បាត COVID-19 ជាដើម​។

«​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​អំពី​សារៈសំខាន់​នៃ TVET ធនាគារ​អភិវឌ្ឍន៍អាស៊ី​រួម​សហការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេងៗ​បាននិង​កំពុង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​ ៣ ឆ្នាំ​ ២០២០ នៅ​ថ្ងៃទី​ ១៥ មិថុនា ក្រោម​ប្រធានបទ TVET ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ​»​។

បើតាម ADB ចាប់តាំងពី​ឆ្នាំ ២០១៤ មក ADB បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ធ្វើ​កំណែទម្រង់​លើកស្ទួយ​ប្រព័ន្ធ និង​កម្មវិធី TVET ឱ្យដល់​កម្រិត​ថ្មី​មួយ​ទៀត​ដោយ​បាន​វិនិយោគ​ថវិកា​ជិត ១៧៥ លាន​ដុល្លារ​។ ការងារ​នេះ​រួម​មាន​ការសម្រួច​ជំនាញ​ និង​សមត្ថភាព​ប្រកួតប្រជែង​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​ព្រម​ទាំង​អភិវឌ្ឍ​ធនធាន​មនុស្ស សម្រាប់​វិស័យ​អាទិភាព​ទាំង​ ៤ រួមមាន ផលិតកម្ម សំណង់ អគ្គិសនី និង​អេឡិចត្រូនិក​។

ការគាំទ្រ​ក្នុង​ការអប់រំ​ និង​ការអភិវឌ្ឍ​ជំនាញ​របស់ ADB ក៏បាន​ចូលរួម​ចំណែក​នាំមក​នូវ​បរិក្ខារ​បង្កើន​ជំនាញ សម្ភារ​សិក្សា ព្រមទាំង​គុណភាព​បង្រៀន​ដល់​សិស្ស​វិទ្យាល័យ​ជិត​កន្លះ​លាន​នាក់ (​ក្នុងនោះ ៤០% ​ជា​ស្ត្រី​) និង​បាន​ជួយ​សិស្ស​ប្រមាណ ៣៤ ០០០ ​នាក់ (​ស្ត្រី ៥២,៨%) ចុះឈ្មោះ​ចូលរៀន​ក្នុង​កម្មវិធី TVET​។ ដោយ​គិតគូរ​អំពី «​ភាពធម្មតា​ក្នុង​បរិបទ​ថ្មី​» ដែល​នាំមក​ដោយ​ការរាតត្បាត​នៃ​ជំងឺ COVID-19 គម្រោង​របស់ ADB ក៏​ពង្រឹង​តួនាទី និង​ការចូលរួម​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុង​ការអភិវឌ្ឍ​ជំនាញ​ដោយ​ផ្តោតលើ​ការពង្រឹង​ជំនាញ និង​ការប្តូរ​ជំនាញ​ក្នុង​ចំណោម​កម្មករ​ផងដែរ​៕