ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិរបស់ចិនថា ប្រទេសមហាអំណាចមួយនេះ បានជួយឱ្យសេដ្ឋកិច្ច និងឯករាជភាពរបស់កម្ពុជាឲ្យកាន់តែរឹងមាំ ដែលបានជួយទប់ស្កាត់សកម្មភាពជ្រៀតជ្រែកពីបរទេសខាងក្រៅដែលប្រើវិធីសាស្ដ្រគ្រប់រូបភាពចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយរូបលោកសព្វថ្ងៃនេះ។
សារព័ត៌មាន ហ្រ្វេសញូវ បានចុះផ្សាយនៅថ្ងៃម្សិលមិញថា នៅពិធីសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ៤៦៨ នាក់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ក្រៅតែពីប្រាប់ក្រុមនិស្សិតទាំងនោះថា ចិនបានជួយទប់ស្កាត់សកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាល លោក ហ៊ុន សែន ក៏បានឆ្លើយតប ចំពោះការរិះគន់របស់បរទេសមួយចំនួន ដែលចោទលោកថា បានកាត់ដីឱ្យចិនផងដែរ។
លោកថ្លែងថា៖ «ការជួយរបស់ចិន ដើម្បីការធ្វើឱ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពង្រឹងឯករាជភាពទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ដែលមានមហិច្ឆតាផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា លើគ្រប់រូបភាពទាំងអស់។
ការចោទប្រកាន់ (កាត់ដីឱ្យចិន) របស់បរទេសទាំងនោះ ក៏ព្រោះតែឃើញចិន វិនិយោគច្រើននៅកម្ពុជា ខណៈពួកគេមិនបានជួយអ្វីសោះដល់កម្ពុជាប្រទេសនៅលើពិភពលោកនេះ កំពុងតែធ្វើការទាក់ទាញអ្នកទេសចរចិនខ្លាំងណាស់រាប់ទាំងប្រទេសជិតខាងកម្ពុជា ក៏កំពុងតែមានការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគទុនចិនផងដែរ»។
ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ២០ មករាក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន នឹងធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន កាន់តែរឹងមាំថែមទៀត។
បើតាមសំណេរនៅលើហ្វេសប៊ុករបស់លោកហ៊ុន សែន បានសរសេរទៀតថា រដ្ឋាភិបាលកម្ពុជានឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ «នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១,២ លាននាក់ ហើយនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១,៩ លាននាក់។ កាលពីឆ្នាំមុនលោកនាយករដ្ឋមន្ត្រីគ្រោងចង់បានទេសចរចិនយ៉ាងហោចណាស់ ០,០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិនយ៉ាងហោចណាស់ ០,០៥ នៃប្រជាជនចិន ១៣០០ លាននាក់»។
ហ្វេសប៊ុកលោក ហ៊ុន សែន បន្តថា ក្រៅពីចិន កម្ពុជាក៏ត្រូវតែពង្រីកទីផ្សារនាំទំនិញចេញថែមទៀត ដូចជាទៅប្រទេសចិន តំបន់អាហ្រ្វិក មជ្ឈិមបូព៌ា និងកូរ៉េជាដើម។ «កម្ពុជាត្រូវខិតខំបើក ពង្រីក ពង្រឹងទីផ្សារឱ្យបានច្រើនថែមទៀតក្រៅពីទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងចិនក៏បានកើនឡើងដល់ ៦ ៦០០ លានដុល្លារហើយ»។
តាមរយៈហ្វេសប៊ុកដដែលលោក ហ៊ុន សែន បានសន្យាចំពោះមុខនិស្សិតថា លោកនឹងមិនឱ្យប្រជាជនកម្ពុជាណាម្នាក់ត្រូវដាច់បាយឡើយបើទោះបីជាពិភពលោកបច្ចុប្បន្ន កំពុងមិនច្បាស់លាស់ថា ត្រូវទៅផ្លូវណាមួយឱ្យពិតប្រាកដក៏ដោយ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា លោក ហ៊ុន សែន ដែលធ្លាប់ជួយឱ្យប្រជាជនកម្ពុជាឆ្លងផុតពីដំណាក់កាលអត់ឃ្លាន លោកប្រាកដជាមានយុទ្ធសាស្ដ្រសម្រាប់ទប់ទល់ចំពោះបញ្ហានេះ។
លោកថា៖ «មនុស្សដែលកាន់អំណាច គឺសម្ដេចនាយកហ្នឹង តាំងពី ៧៩ មកគាត់បានឆ្លងកាត់រឿងហ្នឹងអ៊ីចឹងគាត់ត្រូវតែមានយុទ្ធសាស្ដ្រសម្រាប់ទប់ទល់បញ្ហាហ្នឹង វាខុសអំពីអ្នកដែលមកកាន់ដូរដៃហើយ ហើយអត់ដឹង (យុទ្ធសាស្ដ្រ) ហើយរុញបញ្ហាកម្ពុជា វិលទៅរកភាពអត់ឃ្លានវិញ។ ភាពអត់ឃ្លានលឿនណាស់លោក អ្នកណាដឹងថា (ប្រទេស) ស៊ីរី អ៊ីចឹង លីប៊ីដែលជាប្រទេសឋានសួគ៌របស់មនុស្សគ្រាន់តែមិនមែនឋានសួគ៌សម្រាប់ប្រជាធិបតេយ្យ ប៉ុន្តែឋានសួគ៌សម្រាប់រស់នៅ ប៉ុន្តែមួយប៉ប្រិចភ្នែក ធ្វើឱ្យក្លាយទៅជាស្អី ជាកន្លែងទុរភិក្ស កន្លែងនិរាសព្រាត់ប្រាស»។
នៅក្នុងបេសកកម្មបំពេញទស្សនកិច្ចផ្លូវការលើកទី ៦ក្នុងប្រទេសចិននេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួបពិភាក្សាជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន លោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយចិន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន លោក សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ព្រមទាំងអ្នករកស៊ីចិនមួយចំនួនទៀត៕
(កែសម្រួលដោយ សូ វិសាល)