ហុងគ្រីៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទឹកនៅក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេស ហុងគ្រី កាលពីថ្ងៃទី ១៥ តុលា បានឲ្យដឹងថា បញ្ហាសន្តិសុខទឹកបាននិងកំពុងគំរាមកំហែង ព្រោះកង្វះយន្តការគោលនយោបាយក្នុងការគ្រប់គ្រងប្រភពធនធានទឹក និងកាកសំណល់គីមីបញ្ចេញពីរោងចក្រឧស្សាហកម្ម និន្នាការនៃការឡើងកម្តៅភពផែនដី និងកំណើនប្រជាជន។
យោងតាមសុន្ទរកថាគន្លឹះរបស់លោក ហ៊ុន សែន បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលស្ដីពីទឹក និងត្រូវបានចែកចាយតាមបណ្ដាញព័ត៌មានមួយចំនួនបានឲ្យដឹងថា៖ «គួបផ្សំនឹងបច្ច័យកាន់តែអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ ការគ្រប់គ្រងធនធានទឹក និងការវិនិយោគសាធារណៈមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក មិនត្រឹមតែបង្កឱ្យមានការខាតបង់ធនធានទឹកធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតំបន់ខ្លះ ប្រែជាខ្វះខាតទឹកប្រើប្រាស់ និងតំបន់ខ្លះទៀតប្រឈមនឹងគ្រោះរាំងស្ងួតទៀតផង»។
កិច្ចប្រជុំកំពូលនេះបានធ្វើឡើងនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី កាលពីព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីលោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី។ លោក Liqun Jin ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីលោក Shri Gajendra Singh Shekhawat រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានគណ:ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនានាលើសកលលោកជាច្រើនរូប។
លោក ហ៊ុន សែន ថ្លែងថាក្នុងបរិបទពិភពលោកបច្ចុប្បន្ន និងនិន្នាការនៃការកើនឡើងកម្ដៅភពផែនដី ការប្រែប្រួល អាកាសធាតុ និងការកើនឡើងចំនួនប្រជាជនការរីកដុះដាលនៃទីក្រុងការរីកចម្រើនវិស័យឧស្សាហកម្ម និងការកើនឡើងនូវតម្រូវការទឹក ការថយចុះគុណភាពទឹក និងបរិមាណទឹក ការកើនឡើងជម្លោះបញ្ហាស្តីពីការប្រើប្រាស់ទឹកឆ្លងដែន ការទទួលបានទឹកស្អាតប្រើប្រាស់ និងការយល់ដឹងនៅមានកម្រិត និងវិនិយោគសាធារណៈនៅក្នុងវិស័យធនធានទឹកបានធ្វើឲ្យបញ្ហាទឹកកាន់តែធ្ងន់ធ្ងរទៅៗដែលអាចឈានទៅដល់វិបតិ្តទឹកក្នុងពេលអនាគត។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងគប្បីត្រូវមានយន្តការអនុវត្ត និងអភិក្រមរួមគ្នាចំពោះការគ្រប់គ្រងធនធានទឹក តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខទឹកនានាទាំងកម្រិតតំបន់ និងសកលដើម្បីរួមគ្នាទប់ស្កាត់នូវវិបត្តិទឹកដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានជារួម»។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា នៅក្នុងតំបន់អាស៊ានស្របពេលដែលសេដ្ឋកិច្ចមានកំណើន និងការវិវឌ្ឍប្រែប្រួលឆាប់រហ័ស ពិសេសការរីកលូតលាស់ឥតឈប់ឈរនៃឧស្សាហូបនីយកម្ម កំណើនប្រជាជនចំណាកស្រុកមករស់នៅទីក្រុង និងនគរូបនីយកម្មទីក្រុងសម្ពាធតម្រូវការទឹកប្រើប្រាស់ទាំងសម្រាប់ប្រជាពលរដ្ឋ និងសម្រាប់បម្រើដល់សកម្មភាពឧស្សាហកម្មផ្សេងៗបានក្លាយជាបញ្ហាសាធារណៈធំមួយដែលទាមទារនូវការដោះស្រាយរួមគ្នាក្នុងកម្រិតតំបន់ព្រោះទឹកជាបញ្ហាគ្មានព្រំដែននោះទេ ដែលប្រទេសនីមួយៗត្រូវចូលរួមដោយគ្មានលក្ខខណ្ឌប្រកបដោយឆន្ទៈខ្ពស់។
នៅក្នុងកិច្ចប្រជុំនោះដែរលោក ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍មួយចំនួនដើម្បីដោះស្រាយបញ្ហាទឹកទៅថ្ងៃខាងមុខដូចជាបន្តផ្តួចផ្តើមបង្កើតនិម្មាបនកម្មនយោបាយសកលលោកថ្មីមួយសម្រាប់គ្រប់គ្រងធនធានទឹកដើម្បីកៀរគរការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់បញ្ចុះស្មារតី សន្សំសំចៃទឹក ក៏ដូចជាចៀសវាងសកម្មភាពបំពុលប្រភពទឹក និងកសាងអភិបាលកិច្ចស្ថាប័ន និងគោលនយោបាយទឹកមួយដែលរឹងមាំស្រុះស្រួលគ្នា និងមានតម្លាភាព។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវផងដែរក្នុងការពង្រឹងកិច្ចសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងគណនេយ្យភាពស្តីពីទឹកក្រោមក្របខ័ណ្ឌសកលលោកពោលគឺអង្គការសហប្រជាជាតិដែលជាអ្នកត្រួសត្រាយផ្លូវដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសកល និងក្នុងការអនុវត្តរបៀបវារៈសកលឆ្នាំ ២០៣០។
ពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការទាំងកម្រិតបច្ចេកទេស និងគោលនយោបាយស្តីពីទឹក ថាមពល ការប្រែប្រួលអាកាសធាតុ ស្បៀង សុខភាព និងការអភិរក្សជីវចម្រុះសំដៅលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចសម្រាប់ធនធានទឹក និងការគ្រប់គ្រងធនធានទឹករួមគ្នាតាមរយៈកិច្ចសម្របសម្រួលអន្តរវិស័យរវាងក្រសួង និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់រួមទាំងអ្នកប្រើប្រាស់ទឹកផងដែរ។
-បង្កើនការប្តេជ្ញាចិត្តក្នុងកម្រិតថ្នាក់ជាតិដើម្បីលុបបំបាត់ទីបំពុលប្រភពទឹក ដោយបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ សមត្ថភាពស្តុកទុកទឹកដែលត្រូវបានបំពុល និងពង្រឹងយន្តការទប់ស្កាត់ប្រភពនៃការបំពុលទឹកគ្រប់ទម្រង់ ។
-បង្កើតភាពប្រទាក់ក្រឡាគ្នារវាងគោលនយោបាយពាក់ព័ន្ធនឹងទឹកតាមរយៈការពង្រឹងការរៀបចំយន្តការស្ថាប័ន ការរឹតបន្ដឹងក្របខ័ណ្ឌគតិយុត្ត និងច្បាប់។
-លើកទឹកចិត្តដល់ការបង្កើតវិធីសាស្ត្រថ្មី ដោយមានការវាយតម្លៃពីការបែងចែកផលប្រយោជន៍ពីទឹក និងការទទួលខុសត្រូវលើការថែទាំប្រភពទឹកក៏ដូចជាការរៀបចំផែនការ និងប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកឆ្លងដែនសំដៅទប់ស្កាត់ជម្លោះជាយថាហេតុ និង ធានានិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹករួមគ្នា។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា ពិភពលោកបាន និងកំពុងប្រឈមមុខបញ្ហាសន្តិសុខទឹកដែលទាមទារឲ្យពិភពលោកធ្វើការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង់ឲ្យបានហ្មត់ចត់ និងបែងចែកគ្នាដោយសមធម៌ ដើម្បីទប់ស្កាត់វិបត្តិធនធានទឹកនាពេលខាងមុខ។
លោក យុត្ថា បានថ្លែងថា៖ «បច្ចុប្បន្នបញ្ហាសន្តិសុខទឹកជាបញ្ហាប្រឈមមួយហើយដែលបានបង្កឲ្យមានការព្រួយបារម្ភខ្លាំងនៅទូទាំងពិភពលោក ហើយប្រសិនមិនមានការគ្រប់គ្រងឲ្យបានហ្មត់ចត់ និងបែងចែកគ្នាដោយសមធម៌ទេ វាអាចបណ្តាលឲ្យកើតមានវិបត្តិអាចនឹងកើតមានឡើង ហើយពិភពលោក កំពុងរកវិធីសព្វគ្រប់បែបដើម្បីធ្វើយ៉ាងណាប្រមូលគ្រប់គ្រងហើយប្រើប្រាស់ដោយសមធម៌»។
លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យបានចាកចេញពីប្រទេស កម្ពុជា ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ចាប់ពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ ២០១៩ ដើម្បីជួបពិភាក្សាថ្នាក់ដឹកនាំនានាពីបញ្ហាមួយចំនួន ក្នុងនោះក៏មានបញ្ហាតំបន់ និងអន្តរជាតិ និងមានការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរួមគ្នាមួយចំនួនផងដែរ៕