កណ្ដាលៈ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា បុគ្គល​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ក្រោយពី​វិសោធនកម្ម​នៃ​សេចក្ដី​ស្នើច្បាប់​មាត្រា​ ៤៥ ​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ឡាយព្រះហស្ត​ដោយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ពិធី​ជួបជុំ​សំណេះ​សំណាល​ និង​សួរសុខទុក្ខ​ជាមួយ​កម្មករ-កម្មការិនី​ប្រមាណ​ជាង​ ១ ​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ព្រឹទ្ធសភា​ទើប​បាន​អនុម័ត​សេចក្ដី​ស្នើច្បាប់​វិសោធនកម្ម​នៃ​ច្បាប់​នេះ​គឺ​ដើម្បី​បង្រួបបង្រួម​ជាតិ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ការបោះឆ្នោត​នៅក្នុង​ប្រទេស ជាពិសេស​ច្បាប់​នេះ​អាច​បើក​ផ្លូវ​ដល់​អ្នកនយោបាយ​ចំនួន​ ១១៨ ​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល និង​ហាមឃាត់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ចំនួន​ ៥ ​ឆ្នាំ​ព្រោះ​ជាប់ចោទ​ពី​អំពើ​ក្បត់ជាតិ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ពិត​ហើយ​យើង​បាន​ឮថា គេ​មិន​សុំ មិន​សុំ​ខ្ញុំ​អរគុណ ព្រោះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​ដែល​មិន​សុំ អ្នក​ក៏​នឹង​មិន​បាន​ចូលរួម​ការបោះឆ្នោត ឃុំ-សង្កាត់​នៅ​ឆ្នាំ​ ២០២២ អ្នក​ជ្រើសរើស​ទៅ​! រវាង​ម្ខាង​អ្នក​សុំ អ្នក​នឹង​បាន​សិទិ្ធ​ធ្វើ​នយោបាយ​ពី​ឥឡូវ រៀបចំ​កម្លាំង ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ប៉ុន្តែ​ប្រសិន​ជា​អ្នក​នៅ​ជាប់​បម្រាម​អ្នក​ហ៊ាន​ធ្វើ​នយោបាយ អ្នក​នឹង​ទទួលទោស​បន្ថែម​ទៀត អ្នក​គិត​មើល​ទៅ​ចំណេញ ខាត​កន្លែង​ណា ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ​តែ​ច្បាប់​បាន​បើក​ហើយ បើ​វា​មិន​សុំ​សិទិ្ធ​ទេ វា​អត់​មាន​សិទ្ធិ​ទៅ​ជួបជុំ​ទេ កុំ​ភាន់ច្រឡំ អ្នកឯង​គ្មាន​លទ្ធភាព​ចូល​បោះឆ្នោត​ឆ្នាំ​ ២០២២ ពីព្រោះ​ពួក​អ្នកឯង​នឹង​រួចផុត​បម្រាម​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ឯ​ការបោះឆ្នោត​ធ្វើ​ឡើង​នៅ​ខែ​ ៥ ​ឬ​ខែ​ ៦ ​នៅ​ឆ្នាំ​ ២០២២ អ្នកឯង​មិន​សុំ ខ្ញុំ​កាន់តែ​អរ​ហើយ កុំ​មាន​ហេតុផល​ថា បិទ​ច្រក​ទៀត ដោយសារ​ខ្ញុំ​បើក​ច្រក​ឲ្យ​អ្នកឯង​ហើយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ផង​ដែរ​ថា​ច្បាប់​ស្តីពី​ការផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្នើ​ទៅ​ព្រះមហាក្សត្រ និង​ត្រូវបញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ពេល​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​រួច​ហើយ​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ឡាយ​ព្រះហស្ថ​លេខា​ហើយ​អះអាង​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​មិន​សម្រាប់​គណបក្ស​ណា​មួយ​នោះ​ទេ​ហើយ​ថា​អ្នក​ដែល​ជាប់​បម្រាម​មិន​អាច​ធ្វើការ​ស្នើសុំ​ជា​កញ្ចប់​បាន​នោះ​ទេ ហើយ​ពួកគេ​ត្រូវ​ស្នើសុំ​ជា​លក្ខណៈ​បុគ្គល​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ចំពោះ​មនុស្ស​ល្ងង់​មួយ​ចំនួន ដែល​មិន​យល់ (​ព្រោះ​) ​ច្បាប់​នេះ​គឺ​ធ្វើ​តម្រូវ​សម្រាប់​បណ្តា​បក្ស​នយោបាយ​ទាំងអស់​នៅពេល​ខាង​មុខ​មិនមែន​តម្រូវ​មនុស្ស​មួយ​ក្រុម​ណា​នោះ​ជាក់លាក់​ទេ​។ ពិត​ហើយ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ជាប់​បម្រាម​នេះ​មិនមែន​ច្បាប់​នេះ​ចេញ​ទៅ [​ហើយ​ពួកគេ​] ​រួច​ខ្លួន​ជា​ស្វ័យប្រវត្តិ​ទេ​។ អ្នកឯង​ត្រូវ​ធ្វើការ​សុំ​ម្តងម្នាក់​មិនមែន​សុំ​មួយ​កញ្ចប់​ទេ​.. អ្នកឯង​អាច​ជ្រើសរើស​ទៅ អ្នកឯង​អាច​ស្នើ​ទៅ​រដ្ឋមន្ត្រី​មហាផ្ទៃ​ផ្ទាល់​ [​ហើយ​] រដ្ឋមន្ត្រី​មហាផ្ទៃ​លើក​សំណើ​មក​នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​លើក​សំណើ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ លើកលែង​បម្រាម​នោះ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​បន្ថែម​ទៀត​ថា ​ជម្រើស​ទី​ ២ អ្នក​ជាប់​បម្រាម​អាច​លើក​សំណើ​ផ្ទាល់​មក​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​នឹង​បញ្ជូន​ទៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដើម្បី​ពិនិត្យ​ថា តើ​វា​គ្រប់​លក្ខណ​សម្បត្តិ​ឬទេ ដើម្បី​ទទួល​បាន​នូវ​ការលើកលែង​ឬ​អត់ បន្ទាប់មក​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​វិញ នាយករដ្ឋមន្ត្រី​នឹង​ធ្វើ​សំណើ​ថ្វាយ​​ព្រះមហាក្សត្រ ដើម្បី​សុំ​លើក​បម្រាម​ហើយ​ថា អ្នក​ជាប់​បម្រាម​ក៏​អាច​ធ្វើ​លិខិត​ថ្វាយ​ត្រង់​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​លើកលែង​ផង​ដែរ​ហើយ​អះអាង​ថា​នេះ​គឺជា​ការបើក​ផ្លូវ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២២​។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​តាម​ទម្លាប់​ធម្មតា​ព្រះមហាក្សត្រ​គឺ​បញ្ជូន​មក​នាយករដ្ឋមន្ត្រី​មាន​យោបល់ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់​នូវ​សំណើ​នោះ​ទៅ​ឲ្យ​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ ថា​តើ​មាន​គ្រប់​លក្ខណសម្បត្តិ ហើយ​លិខិត​នោះ​ជា​លិខិត​ដែល​ទទួល​យក​បាន​ឬ​អត់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​រួចហើយ​ក៏​បញ្ជូន​ត្រឡប់​មក​នាយករដ្ឋមន្ត្រី​វិញ ហើយ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ស្នើ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​វិញ ថា​លើកលែង​បាន​ដោយ​ភ្ជាប់​ទៅ​ជាមួយ​ព្រះរាជក្រឹត្យ​លើកលែង​បម្រាម​។ ​សូម​កុំ​ភាន់ច្រឡំ​ថា លើក​ ១​ ​កញ្ចប់​តែម្តង​គឺ​មិន​អាច​ទេ ត្រូវ​ធ្វើ​សំណើ​ម្នាក់​ម្តង​តាម​លក្ខណសម្បត្តិ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ឥឡូវ​នេះ​យើង​បើក​ច្រក​ហើយ អ្នក​ចង់​ចេញ​ក៏​ចេញ ហើយ​អ្នក​ចង់​ចូល​ក៏​ចូល​ខ្ញុំ​អត់​បង្ខំ​ទេ​»​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ផង​ដែរ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ ព្រោះ​ថា​ខ្មោច​ដែល​ងាប់​ហើយ​មិន​អាច​រស់​ឡើងវិញ​បាន​ទេ ដូចជា​លោក ហេង សាល អតីត​ប្រធាន​ក្រុមការងារ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត​ដែល​បាន​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​បក្ស​ថា​បាន​និង​កំពុង​បោកប្រាស់ និង​បំផ្លាញ​អនាគត​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​សូម​ផ្តាំ​ទៅ​លោក ហេង សាល ដែល​ជា​ប្រធាន​ក្រុម​ការងារ​នៅ​កំពត ដែល​កំពុង​តែ​​រៀបចំ​រចនាសម្ព័ន្ធ​តាម​ស្រុក តាម​ឃុំ ហើយ​ថា ប្រមូល​មេឃុំ ឲ្យ​ធ្វើការ​ឡើង​វិញ​សូមកុំ​សង្ឃឹម​។ លោក ហេង សាល សូម​ផ្តាំ​ទៅ​លោក​កំពុង​តែ​បោកប្រាស់​ផ្តល់​នូវ​ក្តីសង្ឃឹម​នូវ​អ្វី​ដែល​គ្មាន​សង្ឃឹម ហើយ​លោក​កំពុង​បំផ្លាញ​អនាគត​របស់​អ្នក​ទាំងឡាយ​តាមរយៈ​វិធី​បោកប្រាស់​អ្នកចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​ ២០២២ ហើយ​បន្ត​ឈរ​ឈ្មោះ​នៅ​ក្នុង​គណបក្ស​ប្រជាជន​បន្ត​ទៀត​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​​នយោបាយ​បាន​ថ្លែង​ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​អាច​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​មាន​សិទ្ធិសេរីភាព​ឡើង​វិញ​ដោយ​ធ្វើ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​។

លោក សុវណ្ណារ៉ា ថ្លែង​ថា​៖ «​យើង​មើលឃើញ​ថា​សេរីភាព​នៃ​ការបញ្ចេញមតិ​ឬ​ក៏​ការបើក​លំហ​សេរីភាព​នយោបាយ​ឡើង​វិញ​នៅ​មាន​កម្រិត​។ ច្បាប់​នេះ​មាន​បំណង​ចង់​ឲ្យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ធ្វើ​លិខិត​ស្នើសុំ​ហើយ​នៅពេល​ដែល​ខ្លួន​ធ្វើការ​ស្នើសុំ​មាន​ន័យ​ថា​ខ្លួន​ទទួល​ស្គាល់ និង​ឱន​លំទោន​គណបក្ស​កាន់​អំណាច​មិន​ទាន់​មាន​ទស្សនៈ​ទូលាយ​ដើម្បី​បើក​លំហ​នូវ​សិទ្ធិ​នយោបាយ​ឡើង​វិញ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​យើង​មិន​អាច​ដឹងថា​អ្នក​ដែល​នឹងធ្វើ​លិខិត​ស្នើសុំ​ប៉ុន្មាន​នាក់​ទេ​តែ​វា​មាន​លក្ខខណ្ឌ​ដែល​ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​ឈាន​ទៅ​រក​ការបែកបាក់​គ្នា​នៅពេល​ដែល​ពួកគាត់​ធ្វើ​លិខិត​ស្នើសុំ វា​បង្ហាញ​ពួកគាត់​ទទួល​ថា ពួកគាត់​មាន​ទោស​ដែល​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​រារែក​ក្នុង​ការ​ស្នើសុំ​ដែរ​»៕