ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​មហាអំណាច និង​លោក​ខាងលិច​ខ្លះ​បាននិង​កំពុង​សហការ​ប្រទាក់ក្រឡា​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការដាក់​សម្ពាធ​គាបសង្កត់​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់​ខ្លួន​ដូចដែល​ពួកគេ​ធ្លាប់​បាន​ប្រព្រឹត្ត​មកលើ​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០-១៩៨០​។

លោក ហ៊ុន សែន បាន​ថ្លែង​សារ​របស់​លោក​ក្នុង​សារលិខិត​អបអរ​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​ ២១ ខែ កញ្ញា ឆ្នាំ​ ២០២០ ថា ការដាក់​សម្ពាធ​គាបសង្កត់​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​នៃ​ប្រទេស​មហា​អំណាច និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​នោះ​ជា​ការរំលោភបំពាន​លើ​គោលការណ៍​សមភាព អធិបតេយ្យ​រវាង​បណ្តា​រដ្ឋ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​នៅក្នុង​ច្បាប់​អន្តរជាតិ​។

ក្នុង​សារលិខិត​ដដែល​បញ្ជាក់ថា​៖ «​សមិទ្ធផល​ធំធេង​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ជាង​ ៤០ ​ឆ្នាំ​មក​នេះ មិន​ដែល​ទទួល​នូវ​ការសាទរ ឬ​សរសើរ​ពី​មហាអំណាច និង​ប្រទេស​លោក​ខាងលិច​ខ្លះ​ដែល​មាន​របៀបវារៈ​នយោបាយ​តែ​ ១ ​គត់​គឺ​ទាញ​កម្ពុជា​ឲ្យ​ធ្វើជា​ឈ្នាន់​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​» ។

សារ​ដដែល​នេះ​បញ្ជាក់​ទៀត​ថា​៖ «​លើស​ពី​នេះ​ទៀត ពួកគេ​មិន​ញញើត​ក្នុង​ការអនុវត្ត​នូវ​ស្តង់ដា​ ២ ​ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​នេះ​ជា​ឧបករណ៍​នយោបាយ​ ឬ​ជា​លេស​សម្រាប់​ការលូកដៃ​ចូល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​រំលោភ​លើ​អធិបតេយ្យភាព និង​ឯករាជភាព​របស់​កម្ពុជា និង​បណ្តា​ប្រទេស​ទន់ខ្សោយ​ផ្សេងទៀត​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជាទូទៅ​ប្រទេស​តូច ឬ​ប្រទេស​កំពុង​អភិវឌ្ឍន៍​តែងតែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ធំ ឬ​ប្រទេស​​មហាអំណាច ប្រទេស​អភិវឌ្ឍន៍ មិន​អាច​ចៀសផុត​ទេ គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ​។

លោក ប៉ា ចន្ទរឿន ​ថ្លែងថា​៖ «​ចំណុច​សំខាន់​គឺ​អ្នកដឹកនាំ​នៅក្នុង​ប្រទេស​ត្រូវតែ​មាន​ភាពវៃឆ្លាត​នៅក្នុង​ការចេះ​ទទួល និង​ការប្រើប្រាស់​ឥទ្ធិពល​នោះ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​ប្រយោជន៍​សម្រាប់​ជាតិ ហើយ​ប្រកាន់​ប្រយោជន៍​ជាតិ​ជាធំ និង​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ជា​គោល​ដើម្បី​ធានា​អធិបតេយ្យភាព បូរណភាព​ដែនដី និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​»​។

លោក​ ចន្ទរឿន បន្តថា ប៉ុន្តែ​ជា​បទពិសោធ​កន្លងមក​ឃើញថា តាំងពី​ចុង​សម័យ​សង្គមរាស្ត្រនិយម​ និង​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ទៅ​ប្រទេស​កម្ពុជា​បាន​ទទួល​រងគ្រោះ​ដោយសារ​តែ​ឥទ្ធិពល​បរទេស​មក​ញាំញី​។

លោក​ ចន្ទរឿន ថ្លែងថា​៖ «​ជាពិសេស​គឺ​ការប្រទាញប្រទង់​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​ដែល​ធ្វើឲ្យ​ប្រទេស​យើង​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង ពិសេស​យើង​បាត់បង់​នូវ​គោលជំហរ​អព្យាក្រឹត​យើង​ងាក​ទៅរក​ប្រទេស​មហាអំណាច​ខាង​ប្លុក​នីមួយៗ​ហ្នឹង ជ្រុល​ក្បាលក្រពើ​ទៅ​ធ្វើឲ្យ​យើង​បាត់បង់​តុល្យភាព​នៅក្នុង​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រទេស​មហាអំណាច​ដែល​បាន​ធ្វើឲ្យ​ស្រុក​យើង​ធ្លាក់​ចូលក្នុង​ជម្លោះ​ផ្ទៃក្នុង​ហើយ​ឈាន​ទៅដល់​កើតសង្គ្រាម ស៊ីវិល​រុំារ៉ៃ​នៅក្នុង​ស្រុក​ជា​ហូរហែ​មក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គោលនយោបាយ​ក្រៅប្រទេស​របស់​ប្រទេស​ ១ ​ត្រូវ​បាន​រចនា​ឡើង​ជា​លក្ខណពិសេស​នៃ​ប្រទេស​នីមួយៗ មិនអាច​ចម្លង​គោលនយោបាយ​ការបរទេស ឬ​អនុវត្ត​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ទៅតាម​លំនាំ​របស់​ប្រទេស​ណាមួយ​បាន​នោះទេ​។ ជាក់ស្តែង​កម្ពុជា​ជា​ប្រទេស​តូច​ដែល​មាន​ភាព​អាស្រ័យ​ច្រើន​ទៅលើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខាងក្រៅ ដូច្នេះ​កម្ពុជា​ត្រូវតែ​គិតគូរ​ការរៀបចំ​គោលនយោបាយ​ការបរទេស​តាម​លក្ខណពិសេស​ទៅតាម​ប្រទេស​របស់ខ្លួន​។

លោក ភា ថ្លែង​ថា​៖ «​អ៊ីចឹង​ទេ យើង​មិនអាច​ចម្លង​យក​គំរូ​របស់​ប្រទេស​ណាមួយ យក​មក​អនុវត្ត​បាន​នោះទេ ហើយ​នយោបាយ​ដាក់​សម្ពាធ​បង្ខំ​ឲ្យ​កម្ពុជា​ធ្វើ​បែប​នេះ​ធ្វើ​បែប​នោះ​ទៅតាម​ប្រទេស​ណាមួយ​ហ្នឹង គឺជា​នយោបាយ​មួយ​ហួស​សម័យ​ចាស់គំរិល​ពីព្រោះ​បច្ចុប្បន្ននេះ មិនមែន​ជា​ពិភពលោក​ស្ថិត​ក្រោយ​សង្គ្រាម​លោកលើកទី​ ២ ឬ​ដំណាក់កាល​នៃ​សង្គ្រាមត្រជាក់​ទេ​»​។

លោក គិន ភា ថ្លែង​ថា បច្ចុប្បន្ន​ប្រទេស​នីមួយៗ គេ​ព្យាយាម​គិតគូរ​នូវ​គោលនយោបាយ​ការបរទេស​របស់គេ​ដើម្បី​ផលប្រយោជន៍​ប្រទេស​រៀងៗ​ខ្លួន តាម​លក្ខណពិសេស​នៃ​ប្រទេសជាតិ​នីមួយៗ​មិន​អាច​ដើរ​តាម​លំនាំ​ប្រទេស​ណាមួយ​បានទេ​។

លោក​ថ្លែង​ទៀតថា​៖ «​បើសិន​ជា​បង្ខំ​ ឬ​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ណាមួយ​ដើរ​តាម​គន្លង​របស់​ប្រទេស​ណាមួយ​ទៀត ឬ​ការប្រកួតប្រជែង​រវាង​មហាអំណាច​ ២ ឬ​ច្រើន​ទៅលើ​ប្រទេស​តូច​ ១ ទី​ ១ ​មានន័យ​ថា ជាការ​រំលោភ​លើ​អធិបតេយ្យ​ផ្ទៃក្នុង​របស់​ប្រទេស​ ១ ទី​ ២ ​គឺ​អាច​នឹង​ធ្វើឲ្យ​ប្រទេស​ដែល​ត្រូវគេ​ដាក់​សម្ពាធ​ជួប​បញ្ហា​ច្រើន​មាន​ភាព​ប្រទាញប្រទង់​អាច​ធ្លាក់​ទៅក្នុង​បញ្ហា​សង្គ្រាម​ក៏​ថា​បាន​។ ជួនកាល​សង្គ្រាម​ស៊ីវិល​មួយចំនួន​ដែល​កើតឡើង​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ដំណាក់កាល​នៃ​សម័យ​សង្គ្រាមត្រជាក់​ក្តី ឬ​ក៏​អាច​បច្ចុប្បន្ននេះ​ក្តី គឺ​វា​កើតចេញ​ពី​ការដែល​ពួក​មហាអំណាច​ជ្រៀតជ្រែក​លូកដៃ​»៕