ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លទ្ធភាពនៃការកើតឡើង «សង្គ្រាមត្រជាក់បែបថ្មី» គឺជាកង្វល់ដ៏ចម្បងមួយ ប៉ុន្តែប្រទេសទាំងអស់ត្រូវតែច្រានចោលយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងណាមួយ ដែលនាំទៅរកការសាដាននៃប្រវត្តិសាស្ត្រ។
លោកថ្លែងដូច្នេះក្នុងសុន្ទរកថាចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ធ្វើឡើងកាលពីថ្ងៃសៅរ៍។ ដោយលើកឡើងពីបញ្ហាភូមិសាស្ត្រនយោបាយលោក ហ៊ុន សែន បានថ្លែងថា ស្ថិរភាព និងវិបុលភាពរយៈពេលវែងបំផុតក្នុងសម័យទំនើបនេះកំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះនៃសណ្ដាប់ធ្នាប់នេះក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិត្រូវបានគេរំលោភបំពាន និងលែងគោរព។
លោកសង្កេតឃើញមាននិន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយកំពុងតែកើនឡើងដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងវិធានពហុភាគីនិយម។ ស្ថាប័នអន្តរជាតិត្រូវបានគេវាយប្រហារយ៉ាងកំរោល ខណៈដែលសំឡេងប្រកបដោយហេតុផលត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្តតាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និងវិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត។ បញ្ហាទាំងនេះកើតឡើងដោយសារប្រទេសមានអំណាចបំផុត តម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗទាំងអស់។
ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងត្រូវបានគេប្រើប្រាស់ដោយឥតញញើត និងធ្វើឡើងក្នុងកម្រិតមួយដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាអាទិ៍សិទ្ធិស្វ័យសម្រេច និងអធិបតេយ្យជាតិ។ ក្នុងបរិបទនេះការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិគឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេង។ នេះបើតាមប្រសាសន៍របស់លោក ហ៊ុន សែន។
លោកថ្លែងដូច្នេះថា៖ «ទន្ទឹមនេះលទ្ធភាពនៃការកើតឡើងនូវ “សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថាប្រទេសកម្ពុជាដ៏តូចមួយនេះធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់, ការខ្វែងគំនិតគ្នាផ្នែកមនោគមន៍វិជ្ជា និងការប្រកាន់ឥរិយាបថជាតិនិយមជ្រុល។ ហេតុនេះយើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយដែលនាំទៅរកការសាដាននៃប្រវត្តិសាស្ត្រ»។
ក្រៅពីបញ្ហាភូមិសាស្ត្រនយោបាយលោក ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាជំងឺកូវីដ ១៩ បម្រែបម្រួលអាកាសធាតុ និងបញ្ហាសកលជាច្រើនទៀត។ លោកសន្និដ្ឋានថា វាអាស្រ័យទៅលើប្រទេសដែលមានអំណាចខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពពិភពលោក និងភាពរស់រានរបស់ភពផែនដី។ ជាមួយគ្នានេះវាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ ទាំងថ្នាក់កំពូលទាំងថ្នាក់កណ្ដាលក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា សង្គ្រាមត្រជាក់បែបថ្មីសំដៅដល់ការប្រកួតប្រជែងលើភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាជាងផ្ដោតលើមនោគមន៍វិជ្ជា និងនយោបាយដូចកាលពីសង្គ្រាមត្រជាក់ក្រោយសង្គ្រាមលោកលើកទី ២។ ប្រទេសតូចៗដូចកម្ពុជាសុទ្ធតែជាជនរងគ្រោះនៃការប្រជែងគ្នារបស់ពួកមហាអំណាច។
លើសពីនេះលោកសង្កេតឃើញមានការជ្រៀតជ្រែកផ្ទៃក្នុងមកលើកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលលោកថា បានអនុវត្តស្តង់ដាទ្វេ។
លោកថា៖ «យើងឃើញគេនិយាយច្រើនពីសិទ្ធិមនុស្សនៅកម្ពុជា ហើយបានប្រើទណ្ឌកម្មបែបពាណិជ្ជកម្ម បែបនយោបាយជាដើមមកលើកម្ពុជា។ ជាក់ស្ដែង EU ដែលគាត់ដកហូត EBA ២០ ភាគរយនោះគឺជាឧទាហរណ៍ស្រាប់។ យើងមើល EU ដដែលធ្វើការជាមួយវៀតណាមដែលជាប្រទេសកុម្មុយនីស្ត។ គេអត់ដែលនិយាយរឿងប្រជាធិបតេយ្យទេ គេគិតតែផលប្រយោជន៍»។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ យល់ថា សង្គ្រាមត្រជាក់ថ្មីបានចាប់ផ្ដើមហើយក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ គឺការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ កម្ពុជាដែលជាប្រទេសតូចនឹងរងឥទ្ធិពលនៃសង្គ្រាមត្រជាក់នេះ។ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាខ្លួនឯង ត្រូវចេះគេចពីឥទ្ធិពលនយោបាយ និងការជ្រៀតជ្រែករបស់ប្រទេសធំៗតាមរយៈការដឹកនាំរបស់អ្នកនយោបាយធំៗ។
លោកបានថ្លែងថា៖ «យើងដឹងហើយកន្លងមកអ្វីដែលគេអាចជ្រៀតជ្រែកកើតដោយសារផ្ទៃក្នុងជាតិយើងមានការបាក់បែក។ បើផ្ទៃក្នុងជាតិមិនមានការបាក់បែកទេ ខ្ញុំជឿថា មិនមានបញ្ហាអ្វីទេ។ យើងប្រទេសតូចត្រូវតែឆ្លាត និងឈ្លាសវៃជាងប្រទេសធំទៅទៀត ព្រោះយើងដូចដើរនៅក្រោមជើងដំរីអ៊ីចឹង។ បើយើងដើរមិនប្រយ័ត្នទេ បើភ្លាត់ ដំរីនឹងជាន់ហើយ»៕