តាកែវៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ក្តីសង្ឃឹមដែលថា នឹងមានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំនេះដោយលោកឲ្យរង់ចាំរហូតដល់ «សេះដុះស្នែង» ដែលនេះគឺជាអ្វីដែលលោកបានវាយបកភ្លាមៗទៅលើប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានព្រលយពីប្រភពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាថាលោក កឹម សុខា នឹងត្រូវដោះលែងនៅថ្ងៃទី ២៩ ខែធ្នូ។
សម្រាប់អ្នកវិភាគបានចាត់ទុកការនៅតែបន្តប្រើវោហារស័ព្ទឌឺដងដាក់គ្នារបស់អ្នកនយោបាយជាន់ខ្ពស់ទាំង ២ រូបនេះថាពុំមានផ្តល់ផលប្រយោជន៍អ្វីឡើយ និងថែមទាំងធ្វើឲ្យកម្តៅនយោបាយនៅតែក្តៅជាបន្តទៅទៀត។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅពេលនេះកំពុងជាប់ឃុំនៅក្នុងផ្ទះរបស់លោកក្រោមការត្រួតពិនិត្យរបស់តុលាការចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ មក។
លោកត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដ៏ចម្រូងចម្រាសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពលោក កឹម សុខា ប្រឈមជាប់ពន្ធនាគារចន្លោះពី ១៥ ទៅ ៣០ ឆ្នាំឯណោះ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ២៣០០០ នាក់មកពីរោងចក្រ សហគ្រាសចំនួន ២០ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ កាលពីម្សិលមិញលោក ហ៊ុន សែន បានចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្សពូកែបោក និងរត់ចោលគុក។
លោកថ្លែងថាលោក កឹម សុខា នឹងមិនត្រូវបានដោះលែងតាមការអះអាងរបស់លោក សម រង្ស៊ី ឡើយ។
លោក ហ៊ុន សែន បានថ្លែងដោយចំឈ្មោះថា៖ «និយាយឲ្យចំទៅ សម រង្ស៊ី គាត់បង្ហោះក្នុងហ្វេសប៊ុកគាត់ថាថ្ងៃទី ២៩ (ខែធ្នូ) នេះលោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ហៅថា (យើង) ធ្វើខួបលើកទី ២០ នៃនយោបាយឈ្នះៗហើយនេះក្រោមសម្ពាធអន្តរជាតិ។ ឯងចាំមើលទៅហើយអ្នកគាំទ្រអ្នកឯងចាំមើលទៅ។ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងចាំមើលទៅអាមេខ្លួនឯងបោកកូនខ្លួនឯងប៉ុនណាដើម្បីឲ្យវាដឹង ព្រោះអត់ទាន់កាត់ទោស អត់មានទោសលើកឲ្យលោកឯងទេ។ អាហ្នឹងនិយាយឲ្យដឹង»។
លោក ហ៊ុន សែន បានពន្យល់ថារូបលោកគ្មានសិទ្ធិស្នើលើកលែងទោសឲ្យ «ពិរុទ្ធជន» ដែលមិនទាន់ទទួលការកាត់ទោសទេ និងចំអកឲ្យលោក សម រង្ស៊ី រង់ចាំ «រហូតដល់សេះដុះស្នែង»។
លោកបានបន្តថា៖ «គ្រាន់តែច្បាប់ប៉ុណ្ណឹងលោកឯងមិនយល់ផង មានទោសឯណាសម្រាប់លើក បើវាអត់ទាន់កាត់ទោសផង។ អ៊ីចឹងទេ ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខានឹងឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេលអ្នកណាក៏ដោយ ដែលនៅស្ថិតក្នុងក្របខ័ណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅជាភាសាដ៏ខ្លីមួយចាំរហូតដល់សេះដុះស្នែងបានវាកើត»។
លោកបន្តថាវោហារស័ព្ទរបស់លោក សម រង្ស៊ី គ្រាន់តែជាភាសាដើម្បីទាក់ទាញប្រជាប្រិយភាពឬ «ភូតថ្លុក ភូតត្រពាំង» ហើយថាកម្ពុជាជារដ្ឋឯករាជ្យដែលមិនចុះញ៉មនឹងសម្ពាធសហគមន៍អន្តរជាតិដូចការអះអាងរបស់លោក សម រង្ស៊ី ទេ។
លោកបានសង្កត់ធ្ងន់ថា៖ «វាបង្ហោះយក Like អានេះ បង្ហោះនាំឲ្យខាត អាបង្ហោះភូតនេះ។ គេថា ហ៊ុន សែន ទទួលសម្ពាធអន្តរជាតិទើបដោះលែង ឥឡូវអញមិនដោះអាអ្ហែងធ្វើអីអញ។ និយាយអ៊ីចឹងហ្មង អាអ្ហែងធ្វើអីអញ។ កម្ពុជាឯករាជ្យ ហើយភូតគ្រប់កន្លែង»។
កាលពីព្រលប់ថ្ងៃពុធប្រធានចលនាសង្គ្រោះជាតិ (CNRM) លោក សម រង្ស៊ី បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកដោយលើកឡើងពីព័ត៌មានផ្ទៃក្នុងរបស់គណបក្សកាន់អំណាចថា អតីតមេបក្សប្រឆាំងលោក កឹម សុខា នឹងត្រូវដោះលែងពីឃុំនៅក្នុងផ្ទះនៅថ្ងៃទី ២៩ ខែធ្នូ ២០១៨ នេះជាក់ជាមិនខានដើម្បីចៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «យើងបានទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថាលោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃទី ២៩ ធ្នូ ២០១៨ នេះក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។ តាមការពិតការដោះលែងលោក កឹម សុខា នេះគឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធហើយជាជំហានទី ១ ដើម្បីចៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ ជំហានទី ២ ដែលលោក ហ៊ុន សែន កំពុងតែទីទើរនៅឡើយគឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
លោក សម រង្ស៊ី បានថ្លែងទៀតថាសហគមន៍អន្តរជាតិមិនជឿការចោទប្រកាន់ប្រឆាំងលោក កឹម សុខា ពីសំណាក់តុលាការដែលលោកចាត់ទុកថាបានស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីទេ។
លោកបញ្ជាក់ថា៖ «លោក ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ពីបទ "ក្បត់ជាតិ" ដែលតុលាការអាយ៉ងរបស់គាត់បានដាក់មកលើលោក កឹម សុខា។ សហគមន៍អន្តរជាតិមិនជឿទាល់តែសោះចំពោះការចោទប្រកាន់លើគោកបែបនេះ»។
ទោះបីជាយ៉ាងណាក៏ដោយលោក ហង្ស វិទូ អ្នកវិភាគនយោបាយយល់ថា ការបង្ហាញជំហរមិនបន្ថយកម្តៅនយោបាយរបស់លោក ហ៊ុន សែន នឹងនៅតែធ្វើឲ្យអ្នកនយោបាយខ្មែរបន្តការបែកបាក់ ខណៈដែលកាលៈទេសៈនេះ អ្នកនយោបាយខ្មែរគួរតែងាកមកចាប់ដៃគ្នាវិញ។
លោកបានថ្លែងថា៖ «ខ្ញុំជឿថាទោះបីជាខ្មែរឈ្លោះគ្នាប៉ុនណា ក៏ខ្មែរអាចចាប់ដៃគ្នាវិញបានដែរ។ ការធ្វើការដើម្បីប្រទេសជាតិគឺយើងមិនត្រូវប្រកាន់ រហូតដល់ថាទាល់តែសេះដុះស្នែងបែបនេះអានេះជាសារ ១ ដែលបញ្ជាក់ថា ខ្មែរនៅតែមានការបែកបាក់គ្នាខ្លាំងដដែល»។
ចំពោះលោក សម រង្ស៊ី លោកវិទូថាមិនគួរប្រើភាសា «បញ្ជោះបន្សោក» ទៅលោក ហ៊ុន សែន ដែលលោកប្រៀបធៀបទៅនឹងការចាក់សាំងទៅលើភ្លើងដែលកំពុងឆេះស្រាប់។
លោកបន្តថា៖ «ខ្ញុំគិតថាវាដូចជាមិនអាចទៅរួចការប្រើសាំងទៅចាក់លើភ្លើង វាមានតែធ្វើឲ្យភ្លើងនោះឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងព្រោះអីគណបក្សប្រជាជនកម្ពុជា គេមានទាំងអំណាចមានទាំងលុយ និងសក្ដានុពលនយោបាយដែលគ្មានច្រកណាមួយក្នុងការចុះចាញ់នោះទេ។ ដូច្នេះបើប្រើវិធីសាស្ត្រក្នុងការបញ្ជោះបន្សោក ឬការដាក់សម្ពាធណាមួយខ្ញុំគិតថាអត់មានប្រសិទ្ធភាពទេ»។
លោកថា៖ «ការចង់ឲ្យគណបក្សប្រជាជនកម្ពុជាចុះញ៉ម ខ្ញុំគិតថា មិនងាយមានផ្លូវទេ។ ដូច្នេះមានតែព្យាយាមក្នុងការធ្វើយ៉ាងណាប្រើវិធីសាស្ត្រត្រជាក់ ទើបមានផលផ្លែផ្កា»៕