ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចាត់ទុក​ជំនួយ​វ៉ាក់សាំង​របស់​ចិន​លើកដំបូង​ចំនួន​ ៦០ ​ម៉ឺនដូស ដែល​ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ជា​សក្ខីភាព​ថ្មី​ដ៏សំខាន់​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ ២ កម្ពុជា-ចិន​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការកសាង​សហគមន៍​វាសនា​រួមគ្នា​។

លោក ហ៊ុន សែន បាន​ទៅ​ទទួលយក​វ៉ាក់សាំង​ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួម​នឹង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា លោក​ វ៉ាង វិនធាន (Wang Wen Tian) ​ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូប​ទៀតផង​ដែរ​។ យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន បាន​ដឹកជញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ពី​ប្រទេស​ចិន​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ ៤ ​រសៀល​ម្សិលមិញ​។

នៅក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩​ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ទៅ​ដល់​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ដែល​បាន​ផ្តល់​នូវ​វ៉ាក់សាំង​កូវីដ​១៩​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ចំនួន​ ៦០ ​ម៉ឺនដូស​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន ដោយសារតែ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ បើ​គ្មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ចិន យើង​នឹង​ពុំ​ទទួល​បាន​វ៉ាក់សាំង សម្រាប់​ប្រជាជន​យើង​នៅថ្ងៃនេះ​ទេ​។ ខ្ញុំ​ក៏បាន​ស្នើសុំ​បន្ថែម​ទៅ​រដ្ឋាភិបាល​ចិន​ក្នុង​នាម​រាជរដ្ឋាភិបាល ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជា​ដំណាក់ៗ​»​។

ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ពី​ម្សិលមិញ​។ហេង ជីវ័ន

បន្ទាប់ពី​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​រួចមក​លោក​ ហ៊ុន សែន បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​លោក​បាន​ធ្វើការ​ពន្យល់​ពី​មូលហេតុ​ដែល​លោក​លុបចោល​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១០ ​ខាងមុខ​។ លោក​ថា លោក​បាន​តម​អាហារ​មួយចំនួន​ ២ ​ថ្ងៃ​រួចហើយ ដើម្បី​ត្រៀម​ចាក់​វ៉ាក់សាំង​នេះ ប៉ុន្តែ​បន្ទាប់ពី​បាន​ទទួល​លិខិត​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ដែលមាន​អាយុ​ពី​ ១៨ ​ទៅ​ ៥៩ ​ឆ្នាំ ហើយ​សម្រាប់​អ្នកមាន​អាយុ​ ៦០ ​ឆ្នាំ​ឡើងលើ​កំពុង​សិក្សា​តាមដាន​ប្រសិទ្ធភាព​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​យល់ស្រប​ជាមួយ​នឹង​ការរៀបចំ​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ជូន​កូនប្រុស​ទាំង​ ៣ ​របស់​លោក និង​កូន​មន្ត្រី​ធំៗ ព្រមទាំង​រដ្ឋមន្ត្រី​ដែលមាន​អាយុ​ក្រោម​ ៥៩ ​ឆ្នាំ​ដូចជា លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ព្រមទាំង​មេទាហាន​មួយចំនួន​ដើម្បី​បង្ហាញ​នូវ​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ឯកភាព​ឱ្យ​កូនប្រុស​ទាំង​ ៣ ​របស់ខ្ញុំ​ទទួល​ការចាក់​វ៉ាក់សាំង និង​កូនប្រសា​ ២ ​នាក់​ទៀត អាច​ទទួល​យក​ការចាក់​វ៉ាក់សាំង​នេះ​បាន និង​នាយ​ទាហាន​ផងដែរ​។ នេះ​ជា​ការបង្ហាញ​នូវ​ការយកចិត្ត​ទុកដាក់​របស់​យើង​»​។

លោក​ ហ៊ុន សែន ​ក៏​បាន​លើកឡើង​ផងដែរ​ថា កម្ពុជា​ក៏​កំពុង​ស្វះស្វែង​រក​ការទិញ​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ​ផងដែរ​ដូចជា ប្រទេស​ឥណ្ឌា និង​ថៃ​ជាដើម ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​ ៨ ខែកុម្ភៈ​នេះ កម្ពុជា​អាច​នឹង​ធ្វើការ​ចរចា​ជាមួយ​នឹង​ស្ថានទូត​ឥណ្ឌា​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ផងដែរ​។

លោក​ វ៉ាង វិនធាន បាន​ថ្លែង​ក្នុង​ឱកាស​ប្រគល់​ទទួល​នូវ​វ៉ាក់សាំង​កូវីដ​ ១៩ ថា កម្ពុជា​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ដែល​ទទួល​វ៉ាក់សាំង​កូវីដ ​១៩​ ពី​ប្រទេស​ចិន​។ អំណោយ​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​ដ៏ពិសេស និង​ជ្រាលជ្រៅ​នៃ​ប្រទេស និង​កងទ័ព​ទាំង​ ២​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា វ៉ាក់សាំង​ទាំងនេះ​នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​ប្រទេស​កម្ពុជា ទប់ស្កាត់​វីរុស​កូវីដ​ ១៩​។ វីរុស​កូវីដ​ ១៩ បន្ដ​រីករាលដាល​យ៉ាងខ្លាំងក្លា​នៅ​ទូទាំង​ពិភពលោក​។ ការសាមគ្គី​គ្នា​ក្នុង​ការទប់ស្កាត់​ការឆ្លង​វីរុស​នៅតែ​ជា​ភារកិច្ច​ចម្បង​សម្រាប់​សហគមន៍​អន្ដរជាតិ​»​។

លោក​ វ៉ាង វិនធាន ​បញ្ជាក់ថា ភាគី​ចិន​ក៏បាន​សម្រេចចិត្ត​ផ្តល់​វ៉ាក់សាំង​ចំនួន​ ១០ ​លានដូស​ជូន​ដល់​យន្តការ COVAX សម្រាប់​បំពេញតម្រូវការ​ជាបន្ទាន់​ទៅដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ នេះ​គឺជា​វិធានការ​ដ៏សំខាន់​មួយ​របស់​ចិន​សម្រាប់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ស្តីអំពី​ការកសាង​សហគមន៍​សុខភាព​មនុស្សជាតិ​។ លោក​បន្តថា ក្នុងន័យ​ខាងលើ​នេះ ភាគី​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ជូន​ដល់​ភាគី​កម្ពុជា​លើក​នេះ​គឺជា​សកម្មភាព​ដ៏សំខាន់​នៃ​ការអនុវត្ត​ទៅតាម​ការប្រកាស​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ​ស្តីអំពី​ការចាត់ទុក​វ៉ាក់សាំង​កូវីដ​១៩​ជា​ទំនិញ​រួម​របស់​ពិភពលោក​។

វ៉ាក់សាំង​ចំនួន​ ៦០ ​ម៉ឺនដូស​នេះ ត្រូវ​បាន​ចែក​ជា​ ២ គឺ ៣០ ​ម៉ឺនដូស ផ្តល់ជូន​ក្រសួង​សុខាភិបាល និង​ ៣០ ​ម៉ឺនដូស​ទៀត ផ្តល់​ជូន​ក្រសួង​ការពារជាតិ​។

កាលពី​ចុង​សប្តាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ចំនួន​ ១ ​សែនដូស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃទី​ ៥ ខែ​កុម្ភៈ តាមរយៈ​លិខិត​មួយ​​ថា​៖ «​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ផ្តល់​ការផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ចំនួន ១០ ​ម៉ឺន​ដូស​ដល់​កម្ពុជា​ក្នុង​ស្ថានភាព​បន្ទាន់​។

ការផ្តល់​វ៉ាក់សាំង​នេះ គឺជា​ការឆ្លើយតប​ចំពោះ​សំណើ​របស់​លោក​ ហ៊ុន សែន ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន ដ្រា ម៉ូឌី សម្រាប់​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

ស្ថានទូត​បន្តថា ការផ្តល់​វ៉ាក់សាំង​នេះ​ត្រូវធ្វើឡើង​តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ទោះបី​ជា​មាន​ការប្រកួត​ប្រជែង​ និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​ការប្តេជ្ញាចិត្ត​របស់​ឥណ្ឌា​ចំពោះ​ប្រជាជន​ខ្លួន​ក្នុង​ស្រុក​ក៏ដោយ​។ «​ការសម្រេចចិត្ត​នេះ​គឺជា​សក្ខីភាព​បញ្ជាក់​ពី​ទឹកចិត្ត​របស់​ឥណ្ឌា​ចំពោះ​ប្រទេស​កម្ពុជា​ ដែលជា​ដៃគូ​សំខាន់ និង​ជា​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា​»៕