ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​មេដឹ​ក​នាំ​បក្ស​ប្រឆាំង​ ថា​ «អន់​បំផុត»​ ដែល​ធ្វើ​ឲ្យ​បក្ស​របស់​ខ្លួន​​បែក​បាក់​ខណៈ​ដែល​លោក​ សម រង្ស៊ី បាន​រាយការណ៍​ជូន​លោក​ស្រី Federica Mogheriri សាជា​ថ្មី​ថា EU ត្រូវជួយ​​ឲ្យ​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ។​

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ ខណៈ​មាន​ការ​ចោទប្រកាន់​អ្នក​ស្នើ​សុំ​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​វិញ​ចំនួន ​៩​ នាក់​ថា ជា​អ្នក​លក់​ឧត្តម​គតិ ឲ្យ​លោក ហ៊ុន សែន។ លោក​បាន​បញ្ជាក់​សាជា​ថ្មី​ថា​ លោក​មិន​បាន​ទិញ​អ្នក​សុំ​សិទ្ធិ​​ធ្វើ​នយោបាយ​ទេ​ ដោយ​សារ​ពួក​គេ ​មិន​មែន​ជា​ទំនិញ​សម្រាប់​លក់។

លោ​កបាន​ចាត់​ទុក​អ្នក​ចោទ​​ប្រកាន់​ និង​មេដឹក​នាំ​អតីត​គណ​​បក្ស​សង្គ្រោះ​ជាតិ​ថា «អន់​» ព្រោះ​មិន​អាច​គ្រប់​គ្រង​បក្ស​ខ្លួន​ឯង​បាន។​ លោក​បាន​ថ្លែង​ទៅ​កាន់និស្សិត​ ដែល​ប​ញ្ចប់​ការ​សិក្សា​ នៃ​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ជាង​ ១ ៥០០ ​នាក់​ នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា៖ «គេថា​ ហ៊ុន ​សែន ធ្វើ​អី​មិន​បាន (ទៅ)​​ បំបែក​គេ​​។ ខ្ញុំ​ករុណា​ខ្ញុំ​ គ្រាន់​តែ​ជូន​សារ​ទៅវិញ​ថា បើ​អ្នក​ឯង​ទុក​ឲ្យ​គេ​បំបែក​បា​នយ៉ាង​ដូច្នេះ អ្នក​​មិន​ស័ក្តិសម​ធ្វើ​មេដឹកនាំ​ទេ។ ខ្ញុំ​គ្រាន់​តែ​ផ្ដាំ​ដោយ​សុភាព​រាប​សាទៅ​អ្នក​ អ្នក​ជា​មនុស្ស​ ដែល​អន់​បំផុត​ហើយ ក្នុង​ការ​ធ្វើ​មេដឹកនាំ​ហើយ​ឲ្យ​គេ​បំបែក​បាន។ អ្នក​ជា​មនុស្ស​ដែល​អន់​បំផុត​ មិន​អាច​ធ្វើ​ជា​មេដឹក​នាំ​ប្រទេស​ កុំ​ថា​ធ្វើ​មេដឹកនាំ​ប្រទេ​ស​ សូម្បី​តែ​ធ្វើ​មេដឹកនាំ​គណបក្ស​នយោបាយ​មួយឬ​កូន​ក្លិប​សមា​​គម​មួយ​ក៏​អ្នក​ឯង​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ។ ខ្ញុំ​មិន​វាយ​បក​អី​ទេ គ្រាន់​តែ​ជា​ការ​ដាស់​តឿន​ប៉ុណ្ណោះ»​។ ​«ហើយ​នេះ​អ្នក​តែង​តែ​និយា​យ​​ថា​ គណបក្ស​ប្រជាជន​ជា​អ្នក​បំបែក​ ប៉ុន្តែ​បើ​សិន​ជា​អ្នក​កុំ​បែក​ទៅ វា​យ៉ាង​ម៉េច?​ វា​អត់​រន្ទះបាញ់​ទេ​។ ប៉ុន្តែ​រឿង​របស់​អ្ន​ក ​វា​ផ្ដើម​ចេញ​ពីអា​លាប​ពណ៌។ អាមេ​លាបពណ៌​ឲ្យ​កូន​តែ​ប៉ុណ្ណឹង​ទេ ដែល​ធ្វើ​ឲ្យ​កូន​ឈឺ​ចិត្ត»។

លោក​ ហ៊ុន សែន ចាត់​ទុក​​ភាសា​​ដែល​​ថា ​គេ​បំបែក​បំបាក់​នោះ​ថា ​មាន​ន័យ​ស្មើ​នឹង​ «​ការ​បន្តុះ​បង្អាប់​ខ្លួន​ឯង​តែ​ប៉ុណ្ណឹង»។

លោក​ ហ៊ុន សែន ​ក៏​បាន​លើក​ឡើ​ង​ពី​ការ​ចោទ​ប្រកាន់​​ដែល​ថា ​គណបក្ស​ប្រជាជន​របស់​លោ​ក ​មាន​ការ​បែក​បាក់​ផងដែរ។

លោក​ថា​ ការ​លើក​ឡើង​បែប​នេះ​ មាន​រយៈ​ពេល ​៤០ ​​ឆ្នាំ​ហើយតែ​វា​ជា​ការ​វាយ​តម្លៃខុ​ស​។ «បើ​អ្នក​វាយ​តម្លៃ​នៅ​តែ​ខុស​របៀប​នេះអ្នក​មិន​អា​ច​យក​ឈ្នះ​គណ​បក្ស​ប្រជា​ជ​​ន​បាន​ទេ។ អ្នក​ត្រូវ​ចាំ ដោយ​សារ​អ្នក​វាយតម្លៃ​ខុស​ ក្នុង​គណបក្ស​ប្រជា​ជ​ន​ហ្នឹង​ហើយ​បាន​ជា​អ្នក​តែង​តែ​ទទួល​បរាជ័យ»។

លោក​ថ្លែង​ថា បក្ស​ប្រឆាំង ​បាន​​បែក​បាក់​ទៅ​ជា​ចម្រៀកៗ គឺ​មាន​ពួក​ក្នុង​បក្ស មាន​ក្រុម​ក្នុង​បក្សដោយ​មេ​ដឹក​នាំ​មិន​​អាច​​ធ្វើ​ការ​សម្រប​សម្រួល​បាន។ ដោយ​ហេតុ​ដូច្នេះ លោក​ចោទ​ជា​សំណួរ​ថា «តើ​អ្នក​ទៅ​ដឹកនាំ​រាជ​រដ្ឋាភិបាល​យ៉ាង​ម៉េច​? អ្នក​ទៅ​ដឹកនាំ​កម្លាំង​ប្រដា​ប់​អាវុធ​របៀប​ម៉េច? ជួប​អ្ន​ក​នេះ​ទៅ​និយាយ​ដើម​អ្នក​នោះ ជួប​អ្នក​នោះ​ទៅ​និយាយ​ដើម​អ្នក​នេះ ហើយ​បើ​ធុន​អ៊ីចឹងៗ ទៅ​ដឹក​នាំ​គេ​យ៉ាង​ម៉េច?»។

លោក មាស នី អ្នក​វិភាគ​បញ្ហា​សង្គម​ថ្លែង​ថា​ ការ​ចោទ​ប្រកាន់​រឿង​ទិញ​លក់​នេះ​ គ្មាន​អ្នក​ណា​​អាច​ដឹង​ទេហើយ​វា​អា​ច​​គ្រាន់​តែ​ជា​សារ​នយោ​បាយ​របស់​​គូ​​បដិបក្ខ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។ «​ការ​ចោ​ទ​ប្រកាន់​រឿង​ទិញ​ដូរ​នេះ​មិន​មែន​​ទើប​តែ​កើត​មាន​ពេល​នេះ​ទេ គឺ​មាន​តាំង​ពី​ដើម​មកហើយ​ករ​ណី​​ទិញ​ដូរ​នេះ​ធ្លាប់​មាន​ដល់​ឥឡូវ​នៅ​តែ​យក​រឿង​នេះ​មក​ចោទ​ប្រកាន់​គ្នា​ដដែល»។

លោក​ មាស នី ថ្លែង​ថា បើ​លោក សុខា នឹង​ត្រូវ​បាន​ដោះ​លែង​ ហើយ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មែន​នោះ សង្គ្រោះ​ជាតិ​នឹង​បែក​ជា ៣ បំណែក​គឺ​ទៅ​ជា​ក្រុម​លោក សុខា ក្រុម លោក សម រង្ស៊ី និង​មួ​យ​ក្រុម​ទៀត ​ទៅ​បង្កើត​បក្ស​ថ្មី។ លោក​ថា ​វា​នឹង​ធ្វើ​ឲ្យ​បក្ស​នេះចុះ​ខ្សោ​យ​ ដែល​ជា​ការ​ចង់​ឃើញ​របស់​បក្ស​ដែល​ជា​គូបដិបក្ខ។ លោក​យល់​ថា បើ​សិន​លោកសុខា ត្រូវ​បា​ន​ដោះ​លែង​ សហភា​ព​អឺរ៉ុប​ អាច​ពិចារណា​រក្សា​ទុក EBA។ ប៉ុន្តែ​បក្ស​ប្រឆាំង​ខ្លួន​ឯង​ ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់។

លោក​ថ្លែង​ថា៖ «ផែន​ការ​ ក គឺ​បើសិន​គេ​មិន​ដោះ​លែង ហើយ​ផែនការ​ ខ បើ​សិន​គេ​ដោះ​លែង​ថា​តើ​គូភាគី​សង្គ្រោះ​ជាតិ​ ត្រូវ​​មាន​យុទ្ធ​សាស្ត្រ​ធ្វើ​ការ​យ៉ាង​ណា​ ក្រោម​​តុ​ ឬ​យ៉ាង​ណា​ជាមួយ​គ្នា។ ពេល​ខ្លះ​បដិសេធ​ខាងក្រៅ តែ​ខាងក្នុង​ ធ្វើ​ការ​ជាមួយ​គ្នា​បាន​។ រឿង​សំខាន់​រក្សា​គុណតម្លៃ​ នៃ​សាមគ្គីភាព​ពេល​ចេញ​មក»។ «បើ​សិន​ពួក​​គេ​ត្រចៀក​ស​ ការ​បែក​បាក់​នឹង​មាន​ហើយ ហើយ​បើ​បែកបាក់​មែន​នោះ​ វា​ជា​ការ​ខក​ចិត្ត​ធំ​មែន​ទែន​សម្រាប់​អ្នក​គាំទ្រ​សង្គ្រោះ​ជាតិ»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោ​ក សម រង្ស៊ី ប្រធាន​ស្ដី​ទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​អុីមែល​មួយ​ទៅ​លោក​ស្រី ​Federica Mogherini ​តំណាង​ជាន់ខ្ពស់​នៃ​សហ​ភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស​ និង​​សន្តិសុខ ដោយ​លោក​ថា «សហភាព​អឺរ៉ុប​ត្រូវ​តែ​បន្ត​ជំរុ​ញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ»។

លោកបាន​រៀបរាប់​ប្រាប់​លោក​ស្រី Mogherini ថា លោក​បាន​ឮ​ពាក្យ​ចចា​ម​អារ៉ាម​ថា​ លោក សុខា នឹង​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​​បាយ​ឡើងវិញ។ លោក​​លើក​ហេតុ​ផល​ថា មន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ ១១៨ រូបត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យធ្វើ​នយោ​បាយរួម​ទាំង​លោក​ សុខា ផងនៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​«ដោយ​រំលោភ​រដ្ឋធម្មនុ​ញ្ញ» កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៧។

លោក​ថា​ការ​រំលាយ​បក្ស​ប្រឆាំ​ង​​នេះ បញ្ជាក់​ថា​ លោ​ក ហ៊ុន សែ​ន បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​​។ ដូច្នេះ​លោក សុខា និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទាម​ទារ​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ហើយពួក​គេ​អាច​មាន​សិទ្ធិ​ធ្វើ​នយោ​បា​យ​​ដោយ​ស្វ័យ​ប្រវត្តិ​​។ លោក​បន្ត​ថា លោក​ ហ៊ុន សែន បំភាន់​មតិ​​អន្តរជាតិ​ ជា​ពិសេស​សហភាព​អឺរ៉ុប​​ដោយ​ប្រើ​សង្គ្រាម​ចិត្ត​​សា​ស្ត្រ​ថា មិន​ចាំ​បាច់​ឲ្យ​សង្គ្រោះ​​ជាតិ​រស់​ឡើង​វិញ​ទេ​ព្រោះ​លោក កឹ​ម សុខា នឹង​ទៅ​បង្កើត​បក្ស​ថ្មី​ហើ​យ។

លោក​ គិន ភា ប្រធា​នវិទ្យា​ស្ថា​​ន​​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិ​ត្យ​សភា​កម្ពុជា​យល់​​ថា ​ការ​លើក​ឡើង​របស់​លោក សម​​​ រង្ស៊ី ថា​ មាន​ព័ត៌មាន​ចចាម​អារ៉ា​ម​នោះ​គឺ​ជាការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ខ្លួន​ឯង​ដោយ​សារ​លោក​ចង់​ឲ្យ​លោក​ កឹម សុខា បន្ត​មាន​ពិរុទ្ធភាព។

លោក​យល់​ឃើញ​ដែរ​ថា ​លោ​ក សម រង្ស៊ី ទំនង​ចង់​ឲ្យ​លោក កឹម សុខា ដើរ​មុន​មួយ​ជំហាន ដោយ​ទៅបង្កើ​តបក្ស​ថ្មី​ដើម្បី​បញ្ជាក់​ថា លោក​ សុខា ជា​អ្នក​​ធ្វើ​ឲ្យ​បែក​បាក់​មុន៕