ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ត្រូវពន្លឿននីតិវិធីតុលាការដើម្បីធ្វើយ៉ាងណាឲ្យមានការកាត់ទោសនិងការបន្ធូរបន្ថយទោស ចំពោះទណ្ឌិតជាស្រ្ដី ដែលមានកូនត្រូវមើលថែ និងត្រូវប្ដីបោះបង់ចោល ជាពិសេសត្រូវជួយសម្រួលនីតិវិធីលើកលែងទោសដល់ពួកគេ ឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
បើតាម លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បច្ចុប្បន្ននៅទូទាំងប្រទេសមានស្ត្រីដែលមានកូនតូច និងស្ត្រីដែលមានផ្ទៃពោះ កំពុងជាប់ឃុំឃាំងប្រមាណជាជិត ១៧០ នាក់។
នៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដី កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានរំឭកឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារីត្រូវមានការយោគយល់ និងអធ្យាស្រ័យចំពោះស្រ្ដីដែលកំពុងជាប់ឃុំឃាំង ហើយមានកូនត្រូវមើលថែ និងត្រូវបានប្ដីបោះបង់ចោល។ នេះបើយោងតាមសំណេរដែលសរសេរបង្ហោះ នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្រសួងកិច្ចការនារីនិងក្រសួងយុត្តិធម៌ត្រូវពិនិត្យមើលទណ្ឌិតជាស្រ្ដី ដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោសឱ្យបានលឿន ព្រោះស្រ្ដីអ្នកទោសមួយចំនួន កំពុងប្រឈមនឹងបញ្ហាច្រើន ដូចជាមានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្ដីបោះបង់ចោលជាដើម»។
លោកបន្តថា៖ «ត្រូវពិនិត្យសម្រួលព្យួរទោសដោះចេញឱ្យពួកគាត់មានសេរីភាពឡើងវិញប្រកបដោយការយោគយល់និងអធ្យាស្រ័យដល់ស្រ្ដីទាំងនោះ។ គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេស មុនពេលចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០១៩ នេះ គឺត្រូវរៀបចំកាត់ទោសផ្ដល់សេរីភាពឱ្យពួកគាត់បានទៅផ្ទះវិញ»។
លោក នុត សាវនា បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃម្សិលមិញថា បច្ចុប្បន្ននៅទូទាំងប្រទេស ស្រ្ដីដែលមានកូនត្រូវឃុំឃាំង ក្នុងពន្ធនាគារមានចំនួន ១១៦ នាក់ និងស្រ្ដីមានផ្ទៃពោះមានចំនួន ៥១ នាក់ ហើយស្រ្ដីទាំងនោះត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកទោសជាស្រ្ដីផ្សេងទៀត ដើម្បីបង្ការកុំឱ្យឆ្លងរោគឬជំងឺទៅដល់កុមារ និងទារកក្នុងផ្ទៃ។
លោក សាវនា បន្តថា ពន្ធនាគារតែងយកចិត្តទុកដាក់ខ្ពស់អំពីការផ្ដល់ជម្រកសមរម្យ ការផ្ដល់សេវាថែទាំសុខភាពនិងអាហារបំប៉នជាទៀងទាត់ សម្រាប់ការលូតលាស់កូនៗរបស់អ្នកជាប់ឃុំ និងស្រ្ដីមានផ្ទៃពោះ ហើយស្រ្ដីមានផ្ទៃពោះក៏ត្រូវបានបញ្ជូនមកពិនិត្យពោះ តាមការកំណត់របស់មន្ទីរពេទ្យខាងក្រៅពន្ធនាគារដែរ។
លោកថា៖ «ការពិតទៅ ការយកចិត្តទុកដាក់ ចំពោះស្រ្ដីមានគភ៌នៅក្នុងពន្ធនាគារហ្នឹងល្អជាងស្រ្ដីនៅខាងក្រៅផង និយាយតាមត្រង់ហ្មង។ ខាងក្រៅ វាអាចធ្វេសប្រហែសអ៊ីចឹង ឬក៏ផ្ទះគាត់នៅឆ្ងាយពេក មិនអាចមកពិនិត្យតាមកំណត់របស់ពេទ្យណ៎ា តែបើនៅពន្ធនាគារវិញ ថ្នាំជាតិដែកថ្នាំរ៉ែហ្នឹង យើងមានឱ្យទាំងអស់សម្រាប់ស្រ្ដីមានគភ៌»។
បើតាមលោក នុត សវនា នៅក្នុងបន្ទប់ពន្ធនាគារ ដែលចង្អៀតណែន គឺភាគច្រើន ជាបន្ទប់ឃុំឃាំងរបស់បុរសប៉ុណ្ណោះ ព្រោះបន្ទប់របស់បុរសខ្លះ អាចដាក់ពីចំនួន ៥០ ទៅ ៦០ នាក់ ស្របពេលបន្ទប់របស់ស្រ្ដី មានប្រហែល ១០ នាក់ប៉ុណ្ណោះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រុមស្រ្ដីជាប់ឃុំ ដែលងាយរងគ្រោះ ក្រៅពីយន្តការលើកលែងទោសចំនួន ៣ លើកក្នុង ១ ឆ្នាំនៅពេលមានពិធីបុណ្យទានសំខាន់ៗ គឺតាមគោលការណ៍ មនុស្សធម៌ តុលាការតែងពិចារណាឱ្យស្រ្ដីទាំងនោះស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ននៅពេលដំណើរការនីតិវិធី ហើយចំពោះស្រ្ដីខ្លះទៀត ដែលកាត់ទោសរួច តុលាការក៏ប្រកាសឱ្យព្យួរទោសដែ។
លោក ម៉ាលីន បន្តទៀតថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះក្រសួងបានបន្ថែម យន្តការលើកលែងទោស នៅថ្ងៃទី ២៩ ខែធ្នូមួយទៀតដែលជាទិវាឈ្នះឈ្នះដែលការលើកលែងទោស នៅថ្ងៃទិវាឈ្នះឈ្នះ ថ្ងៃបុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌ គឺធ្វើឡើងចំពោះអ្នកជាប់ឃុំឃាំងងាយរងគ្រោះ ដូចជាស្រ្ដីមានកូន ស្រ្ដីមានផ្ទៃពោះ ជនចាស់ជរា និងមានជំងឺ។
លោកថា៖ «អ៊ីចឹងទេ ផ្អែកតាមអនុសាសន៍ (របស់លោក ហ៊ុន សែន) ព្រឹកមិញនេះ ក្រសួង (យុត្តិធម៌) នឹងធ្វើការងារបន្ថែមទៀតជាមួយក្រសួងកិច្ចការនារី ធ្វើមេ៉ចដើម្បីពន្លឿននីតិវិធីតុលាការ ដែលពាក់ព័ន្ធនឹងស្រ្ដីឱ្យបានលឿន បានន័យថា ស្រ្ដីដែលជាប់ឃុំ ក្នុងដំណើរការនីតិវិធីតុលាការហ្នឹងឱ្យឈានដល់សវនាការតុលាការ និងចេញសាលក្រមឱ្យបានឆាប់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកមិនអាចទាក់ទងសុំអធិប្បាយបានទេ កាលពីល្ងាចម្សិលមិញ៕