ភ្នំពេញៈ ទំនាស់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បានឈានដល់ចំណុចមួយថ្មីទៀត នៅពេលលោកនាយករដ្ឋមន្ត្រីត្រៀមប្ដឹងលោក សម រង្ស៊ី ទៅតុលាការប្រទេស បារាំង លើការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី និងការលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃសុក្រ នៅក្រោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថា លោក ហ៊ុន សែន និងលោក ស ខេង «កំពុងសិក្សារៀបចំឯកសារប្ដឹងទណ្ឌិត សម រង្ស៊ី ទៅកាន់តុលាការប្រទេស បារាំង ដើម្បីស្វែងរកតម្លៃយុត្តិធម៌សកល ជូនសម្តេចទាំង ២ ដែល សម រង្ស៊ី បានចោទប្រកាន់ជាសាធារណៈថា សម្តេចជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី ហើយទណ្ឌិតរូបនោះ ក៏បានចោទជាសាធារណៈផងដែរថា សម្ដេចក្រឡាហោម ស ខេង បានរៀបចំផែនការដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។
លោក ស៊ីផាន ពន្យល់បន្ថែមតាមទូរស័ព្ទកាលពីម្សិលមិញថា ការប្ដឹងទៅតុលាការបារាំងគឺដើម្បីយុត្តិធម៌អន្តរជាតិ។ លោកថា លោក សម រង្ស៊ី ជាអ្នកអុចអាលរឿងនេះហេតុដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីមិនមានអ្វីក្រៅពីប្ដឹងដើម្បីរកយុត្តិធម៌ទេ។ លោកបន្តថា បណ្ដឹងមាន ២ គឺរឿងចោទលោកនាយករដ្ឋមន្ត្រីថា សម្លាប់លោក ហុក ឡង់ឌី និងការចោទលោក ស ខេង ថា រៀបចំផែនការទម្លាក់លោក ហ៊ុន សែន។
ហេតុផលមួយទៀត ដែលលោក ហ៊ុន សែន ប្ដឹងទៅតុលាការបារាំង លោក ផៃ ស៊ីផាន ពន្យល់ថា៖ «នៅក្នុងសាច់រឿងហ្នឹងដោយសារតែ សម រង្ស៊ី មានសញ្ជាតិបារាំង ហើយចំណុចទី២ សម រង្ស៊ី នៅក្រៅប្រទេស»។
ជាការឆ្លើយតប លោក សម រង្ស៊ី បានថ្លែងតាមរយៈហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថា លោករង់ចាំតតាំងជាមួយលោកនាយករដ្ឋមន្ត្រី នៅតុលាការបារាំង។ ដោយមិនបានលើកឡើងអ្វីច្រើនអំពីការស្លាប់របស់លោក ហុក ឡង់ឌី លោក សម រង្ស៊ី បានលើកយកករណី ៣ ផ្សេងទៀត ហើយថា លោកនាយករដ្ឋមន្ត្រី មិនហ៊ានប្ដឹងលោកទៅតុលាការបារាំងទេ ចំពោះករណីទាំង ៣ ដែលរួមមានការគប់គ្រាប់បែកឆ្នាំ ១៩៩៧ ឃាតកម្មលើតារាភាពយន្ត ពិសិដ្ឋ ពិលិកា និងឃាតកម្មលើលោក កែម ឡី។
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន កំពុងដើរលើនយោបាយចាញ់ចាញ់។ ហេតុផល ២ យ៉ាងដែលលោកថា លោកនាយករដ្ឋមន្ត្រីចាញ់គឺ ទី១ តុលាការបារាំងនឹងលាតត្រដាងការពិត។
ហេតុផលមួយទៀត លោកថា៖ «បើ ហ៊ុន សែន សម្រេចចិត្តជាចុងក្រោយ ថាគាត់មិនប្តឹងពីខ្ញុំទៅតុលាការបារាំងទេពេលនោះ គាត់បង្ហាញពីភាពកំសាករបស់គាត់ ហើយគាត់ដូចជាសារភាពថា គាត់ជាឃាតករមែន ក្នុងរឿងដែលខ្ញុំរៀបរាប់ពីខាងលើ»។
លោក សម រង្ស៊ី បានសរសេរនៅចុងបញ្ចប់នៃសាររបស់លោកថា៖ «យុទ្ធវិធីមួយដ៏ល្អ ដើម្បីបញ្ចប់របបផ្តាច់ការឲ្យបានឆាប់នៅកម្ពុជាគឺធ្វើឲ្យហ៊ុន សែន ឆ្កួត»។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ថ្លែងថា ជាតិទាំងមូលគួរតែរីករាយនៅពេលដែលមេដឹកនាំកំពូលផ្ដល់តម្លៃលើនីតិរដ្ឋ និងការសម្រេចចិត្តរបស់ពួកលោកក្នុងការស្វែងរកយុត្តិធម៌នៅឯតុលាការឯករាជ្យនៅប្រទេស បារាំង និងការត្រៀមខ្លួនរួចរាល់របស់លោក សម រង្ស៊ី ដើម្បីការពារខ្លួនគាត់។
លោកថា៖ «ជម្លោះបុគ្គលរបស់លោកទាំង ២ ដែលកាន់តែកើនឡើងខ្លាំងជាពិសេសក្នុងករណីមួយនេះ នឹងត្រូវដោះស្រាយជាករណីចុងក្រោយបំផុត»។
ប៉ុន្តែពាក់ព័ន្ធនឹងការលើកឡើងរបស់លោកសម រង្ស៊ីដែលថា ធ្វើឲ្យលោក ហ៊ុន សែន «ឆ្កួត» នោះ លោក ឡៅ ម៉ុងហៃ ថ្លែងថា នេះប្រហែលជាលោក សម រង្ស៊ី យល់ឃើញថា លោក ហ៊ុន សែន ឆាប់ខឹងច្រឡោត ហើយលោក សម រង្ស៊ី ថ្លែងសារចាក់ដោតម្ដងហើយម្ដងទៀត ដើម្បីឲ្យលោក ហ៊ុន សែន ខឹង ហើយពេលខ្លះតបតដោយគ្មានហេតុផល។
លោកថា មនុស្សដែលឆាប់ខឹងនៅពេលដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយជាប្រធានបទនៃការបង្កហេតុនោះ ឆាប់នឹងខឹងច្រឡោត។ «វាជាការសម្រេចចិត្តល្អបើលោកនាយករដ្ឋមន្ត្រី មិនអើពើលើការបង្កហេតុរបស់លោក សម រង្ស៊ី ហើយកុំខ្វល់ពីការលើកឡើងទាំងនោះ»។
អ្នកវិភាគនយោបាយម្នាក់ទៀត គឺលោក ឯម សុវណ្ណារ៉ា ថ្លែងថា ការប្រកាសប្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ទៅតុលាការជាការល្អព្រោះជម្លោះអ្នកនយោបាយគួរដោះស្រាយតាមផ្លូវច្បាប់ ជាជាងការប្រើហិង្សា ហើយវាជាការល្អ ដែលលោក ហ៊ុន សែន ប្ដឹងបែបនេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់លោក។
លោកបន្តថា៖ «ទី២ វាពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់នាយករដ្ឋមន្ត្រី ប្រទេសមួយដែរ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនោះវាជារឿងធំ ហើយលោក សម រង្ស៊ី ក៏អាចជឿជាក់បានដែរ ព្រោះតុលាការបារាំងជាតុលាការដែលអាចយកជាស្ដង់ដាបាន ដែលអនុវត្តចំពោះពលរដ្ឋបារាំង»។
លោកថ្លែងថា ប្រធានបទការស្លាប់លោក ហុក ឡង់ឌី ដែលលេចចេញសាជាថ្មីនេះគឺជាការលើកឡើងដើម្បីញុះញង់គ្នា។ លោកថា ការញុះញង់កាលពីមុនគេតែងឃើញមានការលើកឡើងពីសំណាក់បក្សកាន់អំណាច ទៅលើអតីតបក្សប្រឆាំង ប៉ុន្តែការញុះញង់នាពេលបច្ចុប្បន្ន បានកើតឡើងពីអតីតបក្សប្រឆាំងដើម្បីបំបែកបក្សកាន់អំណាចវិញ។
លោកថ្លែងថា៖ «អ៊ីចឹងវប្បធម៌រុកកួន ឆ្កឹះឆ្គៀលបំបែកបំបាក់វារីកសុសសាយនៅក្នុងផ្នត់គំនិតអ្នកនយោបាយកម្ពុជា។ វាជាកត្តាដែលយើងបារម្ភព្រោះវាមិនមែនជាចំណុចវិជ្ជមានទេ»។
លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន ថ្លែងពីម្សិលមិញថា ក្រុមមេធាវីរបស់លោក កំពុងសិក្សាករណីនេះហើយមិនទាន់មានលទ្ធផលផ្លូវការនៅឡើយ៕