ភ្នំពេញ: បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ពី​ប្រទេស​តួកគី​ថា ស្ថានការណ៍​​នយោបាយ​នៅ​កម្ពុជា​គឺ​ប្រហាក់​ប្រហែល​គ្នា​នឹង​តួកគី​ដែល​កំពុង​បោសសម្អាត​ក្រុម​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច ខណៈ​កម្ពុជា​ក៏​ត្រូវ​កម្ចាត់​ក្រុម​បដិវត្តន៍​ពណ៌​ដែល​កើត​ចេញ​ពី​បក្សប្រឆាំង​នោះ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​ថ្លែង​ដោយ​បាន​ការពារ​​រាជរដ្ឋាភិបាល​ថា បក្សប្រឆាំង​នៅ​កម្ពុជា​ពិតជា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បែប​អហិង្សា​ក្នុង​គោលបំណង​តែ​មួយ​ជា​អ្វី​ដែល​មន្ត្រី​អតីត​បក្សប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។

អ្នកវិភាគ​គោលនយោបាយ​អន្តរជាតិ​យល់​ថា ទាំង​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួគី​ និង​លោក​ ហ៊ុន សែន ពិតជា​មាន​ភាព​ស្រដៀង​គ្នា​លើ​​របៀប​នៃ​ការដឹកនាំ និង​ទទួល​បាន​ជោគជ័យ​ដូច​គ្នា​លើ​ការបង្ក្រាប​ក្រុមប្រឆាំង​ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​យល់ថា ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា និង​នៅ​តួកគី​គឺ​មាន​ភាព​ខុស​គ្នា​ស្រឡះ​ដោយ​នៅ​កម្ពុជា​គ្មាន​ទេ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​អ្វី​នោះ​។ ​

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​តួកគី​កាលពី​ថ្ងៃ​អាទិត្យ​លោក ហ៊ុន សែន អះអាង​ថា​ស្ថានភាព​នយោបាយ​កម្ពុជា និង​ប្រទេស​តួកគី​គឺ​ស្រដៀង​គ្នា​តាមរយៈ​ការ​ប្រៀបធៀប​ចលនា​ដែល​ប៉ុនប៉ុង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​មេដឹកនាំ​ប្រទេស​ទាំង​ ២ ​។

លោក​ថ្លែង​ថា​៖ «​គោលដៅ​ធំ​បំផុត​គឺ​ការលើក​កម្ពស់​កម្រិត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ជាពិសេស​ជំនឿ​ទុកចិត្ត​ខាង​នយោបាយ​ដែល​ប្រទេស​ទាំង​ ២ គឺ​មាន​ជាមួយ​គ្នា​។ ចំណុច​នេះ​គឺជា​ចំណុច​ដែល​ល្អ​ក្នុង​ទំនាក់ទំនង​រវាង​យើង និង​តួកគី ហើយ​សភាពការណ៍​យើង ហើយ​សភាពការណ៍​តួកគី​ទៀត​សោត​គឺ​ប្រហាក់​ប្រហែល​គ្នា​»​។

លោក​ពន្យល់​ថា​៖ «​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ប្រហែល​ជា​អ្នក​ខ្លះ​មក​ក្រោយ​គឺ​មិន​ជួប​ប្រទះ ប៉ុន្តែ​នៅ​ចាំ​បាន​ទេ​នៅ​ឆ្នាំ​ ២០១៦ ពេល​នោះ​មាន​រដ្ឋប្រហារ​មិន​សម្រេច​មួយ​នៅ​ទីនេះ​។ មក​ដល់​ពេល​នេះ​ ការ​បោសសម្អាត​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប៉ុនប៉ង​ចូលរួម​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ នៅ​មិន​ទាន់​បាន​បញ្ចប់​ទេ​។ សម្រាប់​កម្ពុជា​ក៏​មាន​រឿង​អកុសល​កើតឡើង​តាមរយៈ​ក្រុម​បដិវត្តន៍​ពណ៌​ដែល​រាជរដ្ឋាភិបាល​កម្ពុជា តម្រូវ​ធ្វើ​សកម្មភាព​ជា​ចាំបាច់​»​។

ចំពោះ​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​វិញ​កាលពី​ចុងខែ​មុន​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រកាស​ថា​កម្ពុជា​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​អង់ការ៉ា​នៅក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទៅ​កាន់​ប្រទេស​តួកគី​កាលពី​ដើម​ខែ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តួកគី​លោក Mevlut Cavusoglu បាន​ស្នើ​សមភាគី​កម្ពុជា​ធ្វើ​បត្យាប័ន​សមាជិក​ជាន់ខ្ពស់​នៃ​ចលនា Gulen ចំនួន​ ៣ ​នាក់​ដែល​រដ្ឋាភិបាល​ទីក្រុង​អង់ការរ៉ា​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ឆ្នាំ​ ២០១៦ ដែល​ពួកគេ​ជឿ​ថា​បាន​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​តួកគី (Anadolu news agency)​។

ពាក់ព័ន្ធ​នឹង​ចលនា Gulen នេះ ស្ថានទូត​តួកគី​ប្រចាំ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៦ កន្លង​ទៅ​ក៏​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បិទ​សាលា​អន្តរជាតិ Zaman និង​សាកលវិទ្យាល័យ Zaman ផង​ដែរ​ដោយ​ភ្ជាប់​ទៅ​នឹង​ចលនា​របស់​បព្វជិត និង​ជា​ឥស្សរជន​នយោបាយ​ឈ្មោះ Fethullah Gulen ដែល​រដ្ឋាភិបាល​តួកគី​ចាត់ទុក​ថា​ជា​ក្រុម​​ភេរវករ​តាំងពី​ឆ្នាំ​ ២០១៣ មក​។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន នៅ​ក្នុង​ប្រទេស​តួកគី​ចន្លោះ​ពី​ថ្ងៃ​ទី​ ២០ ដល់​ថ្ងៃទី​ ២២ តុលា កម្ពុជា និង​តួកគី​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង និង​​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និង​សកម្មភាព​កម្ចាត់មីន​ជាដើម​។ បើ​យោង​តាម​ក្រសួង​​ការបរទេស​កម្ពុជា​ភាគី​ទាំង​ ២ ប្ដេជ្ញា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​ ៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ការចង​ចំណង​មិត្ត​ជាមួយ​បរទេស​គឺជា​រឿង​ល្អ ប៉ុន្តែ​មើល​មិន​ឃើញ​ពី​ការ​ទាញ​បាន​ផលប្រយោជន៍​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពី​តួកគី​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​ច្បាស់​ថា​ពិត​ជា​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តួកគី​ឬ​យ៉ាង​ណា​ទេ ព្រោះ​ជា​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល ប៉ុន្តែ​ថា​វា​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​ស្ថានការណ៍​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​នៅ​ប្រទេស​យើង​គ្មាន​អ្នកណា​មាន​គំនិត ប៉ុនប៉ង​ដើម្បី​ផ្តួល​រាជរដ្ឋាភិបាល​ទេ ដូច្នេះ​វា​ខុស​គ្នា​ត្រង់​ហ្នឹង ប៉ុន្តែ​ស្ថានភាព​រំលាយ​គណបក្ស​ប្រឆាំង ឬ​ក៏​បង្ក្រាប​គណបក្ស​ប្រឆាំង​អាហ្នឹង​ស្ថានភាព​ហ្នឹង​គឺ​ដូច​គ្នា​ហើយ​»​។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជំទាស់​នឹង​ការលើក​ឡើង​របស់​លោក ច័ន្ទរ័ត្ន​។ លោក​ថា​នៅ​កម្ពុជា​គឺ​ពិត​ជា​មាន​ការ​ប៉ុនប៉ុង​ធ្វើ​រដ្ឋប្រហារ​ដូច​គ្នា​នៅ​តួកគី​ដែរ​គ្រាន់​តែ​ក្នុង​ទម្រង់​ផ្សេង​គ្នា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

លោក​ថ្លែង​ថា​៖ «​នៅ​កម្ពុជា​ចលនា​របស់​ពួកគេ​ (CNRP) គ្រាន់​តែ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​បាំង ក៏​ប៉ុន្តែ​មិនមែន​ជា​ការគោរព​របប​ប្រជាធិបតេយ្យ​ទេ កាលណា​យើង​និយាយ​ពី​ប្រជាធិបតេយ្យ​គឺ​យើង​ធ្វើការ​ផ្លាស់ប្ដូរ​អំណាច​រដ្ឋ​តាមរយៈ​ការបោះឆ្នោត​គឺ​ ៥ ​អាណត្តិ​ទៅ​ហើយ​ពួកគេ​មិន​ដែល​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ គេ​មិន​ទទួល​ស្គាល់​ការសម្រេច​ជោគវាសនា​របស់​ប្រជាពលរដ្ឋ​ទេ​»​។

លោក Paul Chambers សាស្ត្រាចារ្យ និង​ជាទី​ប្រឹក្សា​ពិសេស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan យល់​ថា​លោក​ ហ៊ុន សែន ​កំពុង​ស្វែងរក​ភាពស្រប​ច្បាប់​តាមរយៈ​គំនិត​ពលរដ្ឋ​និយម និង​ជាតិនិយម​ដើម្បី​ធ្វើឱ្យ​ស្របច្បាប់​ការគ្រប់គ្រង​របស់​គាត់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​វិធី​មួយ​ចំនួន​របស់​លោក​ប្រធានាធិបតី​តួកគី Erdogan​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ក្នុង​ន័យ​ថា​ប្រទេស​នីមួយៗ​គ្រប់គ្រង​ដោយ​អ្នករំលោភ​អំណាច​ដែល​ព្យាយាម​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពុះកញ្ជ្រោល​ជាមួយ​នឹង​បញ្ហា​ជាតិនិយម​ និង​ប្រឆាំង​បរទេស​»​។ លោក​បន្ត​ថា​៖ «​ទាំង​លោក​ ហ៊ុន សែន និង​លោក Erdogan គឺ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការបង្ក្រាប​គណបក្សប្រឆាំង និង​ធ្វើឲ្យ​រាំងស្ទះ​ដល់​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ក្នុង​ស្រុក​យល់​ថា អ្នក​នយោបាយ​មិន​គួរ​លាងជម្រះ​ភាព​កង្វក់​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ទេ​។ លោក​ថា​ការវិវឌ្ឍ​នយោបាយ​គឺ​មិន​ដូចគ្នា​ទេ​នៅ​ក្នុង​ប្រទេស​ទាំង​ ២ ដោយ​នៅ​ក្នុង​ប្រទេស​​តួកគី​គឺជា​ការបង្ក្រាប​ធ្វើ​រដ្ឋប្រហារ​បរាជ័យ និង​ការ​រឹតត្បិត​ក្រោយ​រដ្ឋប្រហារ​។

លោក​បន្ត​ថា​៖ «​គ្មាន​ករណី​រដ្ឋប្រហារ​ដូច្នេះ​ក្នុង​ប្រទេស​កម្ពុជា​ទេ (​ប៉ុន្តែ​) ជា​កន្លែង​នៃ​ការបង្ក្រាប​នូវ​អ្វី​ដែល​គេ​ហៅថា ​បដិវត្តន៍​ពណ៌​ទៅ​លើ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ ការកាត់ផ្តាច់ និង​រំលាយ​គណបក្ស​ប្រឆាំង​គេ​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការកើន​ឡើង​នូវ​ការគាំទ្រ​ដ៏ពេញនិយម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការបោះឆ្នោត និង​សមត្ថភាព​ក្នុង​ការ​ឈ្នះ​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ​»​។

លោក ផៃ ស៊ីផាន ថ្លែង​ថា​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​កម្ពុជា​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​អហិង្សា​តាមរយៈ​រូបភាព​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ប៉ុណ្ណោះ និង​មិន​ខុស​ពី​តួកគី​ប៉ុន្មាន​ឡើយ​៕