សៀមរាបៈ គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ចគាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ដែល​ហៅ​កាត់​ថា អាយស៊ីស៊ីអង្គរ បាន​ចាប់​ផ្ដើម​កិច្ចប្រជុំ​ពេញអង្គ​រយៈពេល​ ២ ​ថ្ងៃ​កាលពី​ម្សិលមិញ​នៅ​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​ខួប​ទី​ ២៥ ​នៃ​ការបង្កើត​គណៈកម្មាធិការ​នេះ និង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​ ៣១ ​របស់​ខ្លួន​។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​ជា​មេរៀន​មួយ​ពី​កម្ពុជា គឺ​គេ​មិន​គួរ​យក​រឿង​កិច្ចគាំពារ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​មក​លាយឡំ​ជាមួយ​នឹង​រឿង​នយោបាយ​ទេ​។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ​ដែល​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​អង្គទូត​ពី​ប្រទេស​បារាំង និង​ជប៉ុន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ បើ​តាម​ការប្រកាស​ព័ត៌មាន ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​នឹង​យាង​ចូលរួម​បិទ​កម្មវិធី​នេះ​នៅ​ថ្ងៃ​ពុធ​នេះដែរ​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​កាលពី​ម្សិលមិញ​ថា ការ​ប្រារព្ធ​ខួប​ទី​ ២៥ នៃ​ការបង្កើត​គណៈកម្មាធិការ អាយស៊ីស៊ីអង្គរ ​គឺ​ដើម្បី​រំឭក​ដល់​ការប្ដេជ្ញាចិត្ត​ដែល​បាន​ធ្វើឡើង​កាលពី​ ២៥ ​ឆ្នាំ​មុន និង​ដើម្បី​បង្ហាញ​ពី​ភាពជោគជ័យ​នានា​ដែល​គណៈកម្មាធិការ​នេះ​ និង​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​។

លោកស្រី​ថ្លែង​ថា​៖ «​ជាការ​ពិតណាស់​បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ​លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាង្គប្រាសាទ​ដួលរលំ ឬ​ការ​លួច​វត្ថុ​បុរាណ​ទៀត​ហើយ​។ ប៉ុន្តែ​យើង​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ផ្សេងទៀត​ដូចជា​ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន ការគ្រប់គ្រង ការតាំង​ទីលំនៅ​ថ្មី​នៅក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការគ្រប់គ្រង​ភ្ញៀវទេសចរ​។​ល​។ ដែល​ចាំបាច់​ត្រូវការ​ដំណោះស្រាយ និង​វិធីសាស្ត្រ​ទប់ទល់​ឲ្យ​បាន​សមស្រប និង​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​»​។

លោកស្រី Audrey Azoulay អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​ថ្លែង​ថា ការ​ប្រារព្ធ​ខួប​ ២៥ ​ឆ្នាំ​នេះ​ជា​មោទនភាព​របស់​ប្រាសាទ​អង្គរ​ដែល​ជា​និមិត្តរូប​នៃ​ការផ្សះផ្សា​ជាតិ​នៅក្នុង​ប្រទេស និង​ក្នុង​ឆាក​អន្តរជាតិ​។ លោកស្រី​បាន​ថ្លែង​ថា ការ​ប្រារព្ធ​ខួប​នេះ​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ក្រុម​អ្នកជំនាញ​ពី​ប្រទេស​បារាំង និង​ជប៉ុន អង្គការ​យូណេស្កូ និង​រដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ដោយ​អាជ្ញាធរ​អប្សារា​។

ទោះ​យ៉ាងណា​ក្តី​លោកស្រី​ថ្លែង​ថា នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​រួមមាន​ការរក្សា​តំបន់​អង្គរ​ឲ្យ​នៅ​ជា​តំបន់​បៃតង និង​ការគ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​។

លោកស្រី​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​យើង​ត្រូវ​គ្រប់គ្រង​លំហូរ​ទេសចរ​តាមរយៈ​ធនធាន​ឌីជីថល​នានា តាមរយៈ​អង្គការ​យូណេស្កូ យើង​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ បើ​សិន​ជា​យើង​មិន​ចង់​ឲ្យ​អង្គរ​នេះ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ជោគជ័យ​របស់​ខ្លួន​នាពេល​អនាគត​»​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដោយ​បាន​ឲ្យ​ដឹងថា នៅក្នុង​ ១១ ​ខែ​នៃ​ឆ្នាំ​ ២០១៨ ​នេះ​ភ្ញៀវទេសចរ​ជាង​ ២ ​លាន​នាក់​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​។ នៅ​ឆ្នាំ​ ២០២០ កម្ពុជា​គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ចំនួន​ ៧ ​លាន​នាក់ ហើយ​នៅ​ឆ្នាំ​ ២០៣០ កម្ពុជា​គ្រោង​ទទួល​ភ្ញៀវ​ទេសចរ​ចំនួន​ ១៤ ​លាន​នាក់​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ជោគជ័យ​នៃ​គណៈកម្មាធិការ​អាយស៊ីស៊ីអង្គរ ក៏​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការខិតខំ​របស់​កម្ពុជា​ក្នុង​ការរក្សា​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​បាន​ទេ​។ លោក​បាន​ស្នើសុំ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ជា​មិត្ត និង​អន្តរជាតិ​បន្ត​គាំទ្រ​ផ្នែក​បច្ចេកទេស ហិរញ្ញវត្ថុ និង​ធនធាន​មនុស្ស និង​ស្នើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ចូលរួម​សហការ​ការពារ​ឲ្យ​បាន​ល្អ​ដើម្បី​ភាពជោគជ័យ​ការពារ​អភិរក្ស ការពារ​បេតិកភណ្ឌ​មនុស្សជាតិ​នៃ​រមណីយដ្ឋាន​អង្គរ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​រំឭក​ថា កិច្ចការពារ​ប្រាង្គ​ប្រាសាទ​នានា​ត្រូវ​បាន​លោក​យក​ចិត្ត​ទុកដាក់​តាំងពី​ការចរចា​រក​សន្តិភាព​កាលពី​ឆ្នាំ ១៩៨៧ នៅពេល​ដែល​លោក​បាន​ជួប​ចរចា​ជាមួយ​សម្តេច​ព្រះនរោត្តម សីហនុ នៅ​ប្រទេស​បារាំង​។

លោក​បាន​ថ្លែង​ថា​៖ «​ចំណុច​នេះ​ជា​ចំណុច​រួម​រវាង​ខ្ញុំ និង​សម្តេច​ព្រះបិតា​ជាតិ​ព្រះ​នរោត្តម សីហនុ ក្នុង​ពេល​ចាប់ផ្ដើម​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បង្រួបបង្រួម​ជាតិ​។ ចំណុច​រួម​នេះ​ក៏​ជា​ចំណុច​នាំ​ទៅ​ដល់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ដែរ​»​។

លោក​បន្ត​ថា​៖ «​នៅក្នុង​រយៈពេល​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​ជិត​ ៣ ​ទសវត្សរ៍ យើង​បាន​បញ្ចៀស​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ដែល​មាន​ប្រាសាទ លើកលែង​តែ​នៅ​សម័យ ប៉ុល ពត ដែល​ប្រាសាទ​ខ្លះ​នៅ​ខេត្ត​កំពង់ចាម​ត្រូវ​បាន​រុះ​យក​ទៅ​ធ្វើ​ទំនប់ទឹក​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ប្រាសាទ​នានា​នៅ​កម្ពុជា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម​នយោបាយ និង​ការហ៊ុមព័ទ្ធ​ពី​ខាង​ក្រៅ ដោយសារ​តែ​រឿង​នយោបាយ​។ លោក​ស្នើ​ឲ្យ​ពិភពលោក​យក​មេរៀន​កម្ពុជា​ទៅ​គិត គឺ​មិន​ត្រូវ​យក​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​មក​លាយឡំ​ជាមួយ​នឹង​រឿង​នយោបាយ​ទេ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​ចំណុច​ដែល​គួរ​ដក​ពិសោធ មិនមែន​សម្រាប់​បញ្ហា​កម្ពុជា​ទេ ក៏​ប៉ុន្តែ​បញ្ហា​នេះ​គួរ​សម្រាប់​ដក​ពិសោធន៍​បញ្ហា​ពិភពលោក​ផង​ដែរ​។ មិន​គួរ​ណា​ទុក​ឲ្យ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ឡូកឡំ​ទៅ​ដោយ​បញ្ហា​នយោបាយ​ទេ​»​។

លោក​បន្ត​ថា​៖ «​បញ្ហា​នេះ​ក៏​ជា​បទពិសោធ​របស់​អង្គការ​សហប្រជាជាតិ ឬ​ក៏​ជា​បទពិសោធ​នានា​ដែល​គេ​មិន​ត្រូវ​ប្រើប្រាស់​ទណ្ឌកម្ម​ណា​មួយ​ដែល​ទណ្ឌកម្ម​នោះ​សូម្បីតែ​បេតិកភណ្ឌ ឬ​សម្បត្តិ​វប្បធម៌​ក៏​វា​ត្រូវ​ទទួលរង​គ្រោះ​ដោយសារ​ទណ្ឌកម្ម​របៀប​នោះ​ដែរ​»​។

នៅពេល​និយាយ​ពី​ការ​ចូល​មក​រស់នៅ​ក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​គណបក្ស​នយោបាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ជា​អ្នក​ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ ហើយ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ចោទថា បាន​រំលោភសិទ្ធិ​មនុស្ស​ដោយ​ការ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​តំបន់​អភិរក្ស​។

លោក​ថ្លែង​ថា​៖ «​ពេល​ខ្លះ​យើង​ខ្ញុំ​ក្លាយ​ជា​រដ្ឋាភិបាល​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ការតាំង​លំនៅឋាន ប៉ុន្តែ​លោក​ជំទាវ​អគ្គនាយិកា​ក៏ដូចជា​គណៈប្រតិភូ​ទាំងអស់​ចោទ​ចេញ​ជា​សំណួរ​មួយ​ថា អង្គការ​ (​យូណេស្កូ​) ​មុន​នឹង​ឲ្យ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ច្បាស់​ណាស់​ត្រូវ​មាន​លក្ខខណ្ឌ​តម្រូវ​ធ្វើ​យ៉ាងម៉េច​។ ឧទាហរណ៍ តំបន់​អង្គរ​ហាម​សាងសង់ ហាម​ចំណុច​នេះ ហាម​ចំណុច​នោះ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​៖ «​ត្រង់​នេះ​ហើយ​ដែល​គេ​ចោទថា រដ្ឋាភិបាល​ខ្ញុំ ជា​រដ្ឋាភិបាល​ផ្ដាច់ការ រំលោភសិទ្ធិ​មនុស្ស រំលោភសិទ្ធិ​លំនៅឋាន ដោយ​គេ​មិន​បាន​ស្វែងយល់​អ្វី​ទៅ​ដែល​ពិតប្រាកដ​? ខ្ញុំ​អត់​ចង់​បាន​អ្វី​ទេ ខ្ញុំ​ចង់​បាន​នូវ​ការវិនិច្ឆ័យ​ជាក់លាក់​ពិតប្រាកដ​ថា តើ​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជម្លៀស​មនុស្ស​ទាំង​បង្ខំ ឬ​ក៏​អ្នក​ដែល​មក​នោះ​ជា​អ្នក​បំពាន​? ហើយ​យើង​ត្រូវ​ការពារ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​»៕