ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាដែលត្រូវបានព្យាករថានឹងមានកំណើនប្រមាណ ៦,៥ ភាគរយ នៅឆ្នាំ ២០២០ នេះនឹងរងផលប៉ះពាល់ពីការភ័យខ្លាចជំងឺកូរ៉ូណា និងការរើសអើងមិនមែនដោយសារការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។
លោកបានថ្លែងថា៖ «ការគ្រោងរបស់យើងកំណើន ៦,៥ ភាគរយ យើងច្បាស់ណាស់ថា មានផលប៉ះពាល់ធ្លាក់ចុះនៃកំណើននេះហើយ ហើយមិនមែនដោយសារអា EBA នោះទេ។ ផ្សាររបស់យើងនៅតែមាន ហើយសេចក្ដីថ្លែងការណ៍លើ EBA ក៏នឹងធ្វើនៅថ្ងៃទី ៣១ ខែ កុម្ភៈ ២០២០ ដែរ ព្រោះខ្ញុំអត់និយាយទេ»។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីដែលលោកប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨-២០១៩ សរុបចំនួនជិត ២ ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃអង្គារម្សិលមិញ។ លោកពន្យល់ថា ការភ័យខ្លាច និងការរើសអើងកំពុងវាយប្រហារលើសេដ្ឋកិច្ចទាំងក្នុងតំបន់ ក៏ដូចជាទៅលើប្រទេសកម្ពុជាដូចគ្នា។
លោកថ្លែងថា៖ «រឿងកើតចេញពីការខ្លាចជ្រុល និងការរើសអើងនាំដល់វិបត្តិ។ ដំបូងបំផុតវាយផាំងទៅលើទេសចរ មិនថាប្រទេសណាទេធ្លាក់ទេសចរណ៍ទាំងអស់រាប់ទាំងកម្ពុជា។ ពួកអឺរ៉ុបអត់មកអាស៊ីដោយសារតែខ្លាចឆ្លង ឯពួកអាស៊ី អ្នកដែលធ្វើដំណើរច្រើនជាងគេគឺចិន ១២០ លាន ទៅ ១៥០ លាននាក់ដែលធ្វើដំណើរទស្សនា»។
លោកថា ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងចិននោះត្រូវបានបន្ថែមមួយព្រនង់ទៀតទៅលើភាពមិនច្បាស់លាស់ស្ដីពីបញ្ហាទាក់ទងនឹងជំងឺភ័យខ្លាច និងការរើសអើងនេះ។ លោកថា ការភ័យខ្លាចនេះនឹងប៉ះពាល់ដំបូងទៅវិស័យទេសចរណ៍ បន្ទាប់មកវាប៉ះពាល់ទៅលើការដឹកជញ្ជូននៅក្នុងវិស័យឧស្សាហកម្ម។
លោកថ្លែងថា៖ «សេដ្ឋកិច្ចយើងច្បាស់ណាស់ថា ផលប៉ះពាល់ដំបូងគឺពីទេសចរណ៍ មិនមែនតែសេដ្ឋកិច្ចកម្ពុជាទេ គឺសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល រហូតដល់សេដ្ឋកិច្ចអឺរ៉ុបប៉ះទង្គិចលើវិស័យទេសចរណ៍។ បន្ទាប់ទៅផ្នែកខ្លះនៃវិស័យឧស្សាហកម្ម ដែលមានវត្ថុធាតុដើមចេញពីចិន ឬការផលិតផ្នែកខ្លះចេញពីចិន បន្ថែមលើសង្គ្រាមពាណិជ្ជកម្មដែលកំពុងមានស្រាប់ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកពិបាកនឹងព្យាករថា នឹងមានកំណើនប៉ុនណា?»។
សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ធំៗ ២ កំពុងកើតមានឡើងនោះគឺការអនុញ្ញាតឲ្យនាវា Westerdam ដែលផ្ទុកមនុស្សជាង ២ ០០០ នាក់ចូលចត។ ទង្វើសប្បុរសធម៌នេះត្រូវបានកោតសរសើរពីអន្តរជាតិជាច្រើន។ ស្របពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណ ២០ ភាគរយ ដែលប៉ះពាល់លើទំនិញនាំចូលសហភាពអឺរ៉ុប ៤០ មុខមានទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារ។ អ្នកវិភាគធ្លាប់បានលើកឡើងថា ទឹកប្រាក់ជាង ១ ពាន់លាននេះមានកម្រិតពន្ធប្រមាណជាង ១០០ លានដុល្លារ។
លោក ហ៊ុន សែន ថ្លែងថាលោកនឹងមិនធ្វើសេចក្ដីថ្លែងការណ៍តបទៅនឹងសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបទេ ពីព្រោះវាជាការសម្រេចចិត្តរបស់គេ។ ប៉ុន្តែលោកស្នើឲ្យសហភាពអឺរ៉ុបត្រូវតែគោរពដល់ការសម្រេចរបស់កម្ពុជាដូចគ្នាដែរ។ លោកថា បើសិនមានការបិទរោងចក្របណ្ដោះអាសន្នណាមួយនៅកម្ពុជា វាមិនមែនមកពីបញ្ហា EBA នោះទេ ពីព្រោះពន្ធក្រោយព្យួរ EBA នឹងចូលជាធរមាននៅខែសីហា។
លោកថ្លែងថា៖ «តែប៉ុណ្ណឹងឆាប់ចប់ កុំបាច់ជជែកសាំតាប៉ែអី។ ខ្មែររស់វេទនាណាស់ទម្រាំបានប៉ុណ្ណេះ ងើបឈរប៉ុណ្ណេះ ហើយបង់ពន្ធឲ្យគេទៅក្នុង ១ ឆ្នាំ ១០០ លាន ឬជាង ១០០ លានអីតិចតួចបង់ឲ្យគេទៅ។ ផ្សារនៅតែនាំចូលនាំចេញដដែល។ ឲ្យក៏យកមិនឲ្យក៏ហី អាហ្នឹងរឿងរបស់គេ សិទ្ធិរបស់គេ។ តែយើងគ្រាន់តែសុំឲ្យគេគោរពសិទ្ធិរបស់យើងដែរ តែប៉ុណ្ណឹង»។
គិតត្រឹមថ្ងៃអង្គារម្សិលមិញ អ្នកដំណើរប្រមាណ ៥០០ នាក់ ពីនាវា Westerdam កំពុងស្នាក់នៅបណ្ដោះអាសន្ននៅសណ្ឋាគារមួយចំនួននៅទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីថា អ្នកដំណើរ ៣០០ នាក់ គ្រោងចាកចេញពីកម្ពុជាតាមយន្តហោះ ១ គ្រឿងឆ្ពោះទៅកាន់ទីក្រុង ឌូបៃ ប្រទេស អេមីរ៉ាតអារ៉ាប់រួម ហើយយន្តហោះ ១ គ្រឿង គ្រោងដឹកពួកគេពីកម្ពុជាទៅប្រទេស ជប៉ុន។ ចំណែកយន្តហោះ ១ គ្រឿងទៀត គ្រោងដឹកពួកគេចេញពីក្រុងព្រះសីហនុ។
ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃចន្ទបានបញ្ជាក់ថា បន្ទាប់ពីស្ត្រីអ្នកដំណើរជនជាតិអាមេរិកាំងម្នាក់អាយុ ៨៣ ឆ្នាំ ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគកូរ៉ូណាវីរុសដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ក្រសួងសុខាភិបាលកម្ពុជាសម្រេចធ្វើតេស្តអ្នកដំណើរទាំងអស់ដែលកំពុងស្នាក់នៅខេត្តព្រះសីហនុ និងនៅទីក្រុងភ្នំពេញ។
ក្រសួងបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «រាល់បុគ្គលដែលធ្វើដំណើរនៅលើនាវាវេស្ទើដាមត្រូវបន្តតាមដានសុខភាពរបស់ខ្លួនឲ្យបានហ្មត់ចត់។ បុគ្គលដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើមត្រូវផ្ដល់ព័ត៌មានទៅដល់អាជ្ញាធរសុខាភិបាលក្នុងស្រុក និងប្រាប់ពីប្រវត្តិធ្វើដំណើរ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា អ្នកដំណើរសេសសល់នៅលើនាវាមានចំនួន ២៣៣ នាក់ និងនាវិក និងអ្នកបម្រើការងារចំនួន ៧៤៧ នាក់។ ប៉ុន្តែអ្នកដំណើរ ២៣៣ នាក់ ត្រូវបានមន្ត្រីសុខាភិបាលយកសំណាកឈាមទៅធ្វើតេស្តរកមើលមេរោគកូរ៉ូណានៅវិទ្យាស្ថានប៉ាស្ទ័ររួចហើយ។ បន្ទាប់ពីលទ្ធផលតេស្តឈាមចេញ អាជ្ញាធរសុខាភិបាលនឹងធ្វើតេស្តឈាមអ្នកបម្រើការងារ និងនាវិកបន្តទៀត។
អ្នកដំណើរជនជាតិអាមេរិកាំងម្នាក់គឺអ្នកស្រី Christina Kerby ដែលត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញបានសរសេរនៅលើធ្វីធើរថា អ្នកស្រីមានព័ត៌មានគួរឲ្យរីករាយនោះគឺលទ្ធផលតេស្តលើអ្នកដំណើរចំនួន ៤០៦ នាក់កាលពីថ្ងៃចន្ទបង្ហាញថា គ្មានអ្នកដំណើរណាម្នាក់មានជំងឺកូរ៉ូណាទេ។
អ្នកស្រីថា កាពីតែននាវាបានមកស្វាគមន៍អ្នកដំណើរដល់ទីកន្លែង ហើយបានសន្យាថានឹងបន្តធ្វើកិច្ចការដើម្បីនាំយកអ្នកដំណើរទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងឲ្យបានឆាប់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីម្សិលមិញបានសន្ទនាតាមទូរស័ព្ទជាមួយលោក Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាជំងឺ Covid-19 ជាពិសេសទៅលើអ្នកដំណើរជនជាតិអាមេរិចកាំងអាយុ ៨៣ ឆ្នាំ ដែលចេញពីនាវា Westerdam ហើយត្រូវបានម៉ាឡេស៊ីរកឃើញថា មានផ្ទុកមេរោគកូរ៉ូណាវីរុស។ នេះបើតាមទំព័រធ្វីធើររបស់លោក Dzulkefly bin Ahmad។
កាលពីម្សិលមិញដែរលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកពីនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ បើតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរទាំងនោះបានសន្យាថា ពួកគេនឹងប្រាប់មិត្តភក្ដិរបស់គេអំពីភាពស្រស់ស្អាតប្រទេសកម្ពុជា ការបដិសណ្ឋារកិច្ចដ៏ល្អ ហើយនឹងនាំមិត្តភក្តិរបស់គេមកលេងនៅកម្ពុជានាពេលអនាគត៕