សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថា រដ្ឋាភិបាលត្រូវតែមានចំណែកគ្រប់គ្រង និងរៀបចំព្រះរាជអាជ្ញា បើមិនដូច្នោះទេ រាជរដ្ឋាភិបាលនឹងបាត់បង់ទាំងអស់ក្នុងការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌរបស់ប្រទេស។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២ នៅខេត្តសៀមរាបក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរការរបស់តុលាការត្រូវតែជាដំណើរការឯករាជ្យ ក៏ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌទេ នោះគឺជាគ្រោះថ្នាក់។
លោក ហ៊ុន សែន បានថ្លែងថា៖ «ឧទាហរណ៍ករណីត្រូវចោទ។ អ្នកណាគឺជាអ្នកចោទ? គឺព្រះរាជអាជ្ញាគឺជាអ្នកចោទ? ចុះបើសិនជា ព្រះរាជអាជ្ញា គឺតំណាងឱ្យរដ្ឋត្រូវធ្វើការចោទប្រកាន់ បើព្រះរាជអាជ្ញាគាត់តាំងខ្លួនថាជាអ្នកឯករាជ្យ មិនព្រមចោទ អ៊ីចឹងតើនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាលនៅកន្លែងណា? គឺមិនអាចធ្វើទៅរួចទេ»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ក្តីនៅសាលាដំបូង ចៅក្រមតុលាការកាត់ឱ្យរួចខ្លួន ឬក៏កាត់ស្រាលពេក បែរជាព្រះរាជអាជ្ញាមិនព្រមធ្វើការប្តឹងឧទ្ធរណ៍។ តើនេះខាងផ្នែករដ្ឋអាចគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌដែរឬទេ? នោះហើយស្ថិតនៅក្នុងកំណែទម្រង់ប្រព័ន្ធតុលាការរបស់យើង»។
លោក ហ៊ុន សែន បន្តថាការចេញដីកាដើម្បីចាប់ខ្លួន ឬឃាត់ខ្លួនគឺត្រូវចេញដោយព្រះរាជអាជ្ញា ទើបនគរបាលយុត្តិធម៌អនុវត្តលើកលែងតែបទល្មើសជាក់ស្តែង ដោយមិនរង់ចាំនូវដីការបស់ព្រះរាជអាជ្ញានោះទេ។ រឿងជាទូទៅអាចថា ក្នុង ១០០០ រឿងមាន ៩៩៩ ករណីរួចមកហើយ ដែលត្រូវបានព្រះរាជអាជ្ញាចេញដីកា ដើម្បីឱ្យនគរបាលយុត្តិធម៌ធ្វើការចាប់ខ្លួន។ ប្រសិនបើព្រះរាជអាជ្ញាមិនព្រមចេញដីកានោះលោក ហ៊ុន សែន ចោទសួរថា តើរដ្ឋាភិបាលធ្វើយ៉ាងដូចម្តេចទៅក្នុងការគ្រប់គ្រងសន្តិសុខរបស់ប្រទេស?
លោក ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកបានជ្រើសរើសយកប្រព័ន្ធមួយដែលផ្តល់ការសហការជាប់លាប់រវាងប្រព័ន្ធតុលាការជាមួយអង្គនីតិប្រតិបត្តិដើម្បីឱ្យអង្គនីតិប្រតិបត្តិ គឺរដ្ឋាភិបាលគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព មិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕