
មណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបងសម្រាប់ពលករមកពីប្រទេសថៃ។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់បន្ថែមនូវថវិកាចំនួន ៨០០ លានរៀល ទៅដល់ខេត្តឧត្តរមានជ័យ និង ២០០ លានរៀល សម្រាប់ខេត្តបាត់ដំបង ក្នុងការរៀបចំ និងផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរដែលនៅតែបន្តធ្វើដំណើរមកពីប្រទេសថៃជារៀងរាល់ថ្ងៃ ខណៈដែលក្រសួងបានប្រកាសរកឃើញពលករចំនួន ៨ នាក់បន្ថែមទៀតមានវិជ្ជមានកូវីដ ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាទៅដល់ខេត្តចំនួន ២ នេះសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា មន្ត្រីនៃអាជ្ញាធររួមនឹងមន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យមានការគ្រប់គ្រងបានល្អទៅដល់ពលករខ្មែរដែលកំពុងតែស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កទាំង ១១ កន្លែងនៅទូទាំងខេត្តនេះ។
លោកបានថ្លែងថា៖ «សម្តេចនាយករដ្ឋមន្ត្រីតែងតែផ្តល់នូវថវិកា ទឹកសុទ្ធ និងសម្ភារជាច្រើនទៀតមកដល់ខេត្តរបស់យើងដើម្បីធ្វើការរៀបចំ និងការផ្គត់ផ្គង់ទៅដល់ពលកររបស់យើង។ គិតត្រឹមល្ងាចថ្ងៃទី ១៣ ខែមករា មានពលករចំនួន ២ ២៣៥ នាក់ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័ក ចំណែកអ្នកដែលបានបញ្ចប់ និងចាកចេញពីមណ្ឌលចត្តាឡីស័កមានចំនួនជាង ៣០០ នាក់ហើយ»។
លោក ឌី រ៉ាដូ បានបន្ថែមទៀតថា សម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាតាមខេត្តឧត្តរមានជ័យមិនទាន់មានរកឃើញពលករណាម្នាក់មានវិជ្ជមានវីរុសកូវីដ ១៩ ទេ គឺស្ថានភាពរបស់ពួកគាត់មានភាពល្អប្រសើរ ហើយអាជ្ញាធរបានត្រៀមជានិច្ចសម្រាប់ជួយទៅដល់ពលករណាមួយដែលមានបញ្ហាសុខភាពកើតឡើង។
ចំណែកលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញដែរថា អាជ្ញាធរខេត្តបន្តធ្វើការរឹតបន្តឹងបន្ថែមមួយកម្រិតទៀត បន្ទាប់ពីចំនួនពលករដែលមកពីប្រទេសថៃរកឃើញមានវីរុសកូវីដ ១៩ មានការកើនឡើង។
លោកបានប្រាប់ថា៖ «យើងបានធ្វើការផ្សព្វផ្សាយ និងណែនាំឱ្យបងប្អូនពលកររបស់យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារការឆ្លងនេះគឺផ្តើមចេញពីបុគ្គលខ្លួនឯងទេ ដូចនេះពួកគាត់ត្រូវតែគោរព និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីមូលដ្ឋាន»។
លោក លី សារី បានបន្ថែមថា អាជ្ញាធរបានរៀបចំទីតាំងធ្វើចត្តាឡីស័កបន្ថែមទៀតដែលរហូតមកដល់ពេលនេះមានមណ្ឌលចត្តាឡីស័កសរុបចំនួន ១៧ កន្លែង សម្រាប់ទទួលពលករមកពីប្រទេសថៃ ដែល ១ ថ្ងៃមានពលករប្រមាណជា ១០០ ទៅ ២០០ នាក់។ មកដល់ពេលនេះពលករដែលបានត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិរបស់ខេត្តបន្ទាយមានជ័យមានជាង ៣ ០០០ នាក់ហើយ និងមានអ្នកដែលបានបញ្ចប់ចត្តាឡីស័កប្រមាណជាជិត ១ ០០០ នាក់។
បើតាមការឱ្យដឹងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ថា ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានជាង ១៣ ម៉ឺននាក់ ប៉ុន្តែពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុជាធ្វើការឃាត់ខ្លួនឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជាផងដែរ។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៣ នាក់ ក្នុងនោះ ៨ នាក់ ជាពលករមកពីប្រទេសថៃ ចំណែកឯ ៥ នាក់ផ្សេងទៀត ជាអ្នកដំណើរដែលមិនមែនជាពលករមកពីប្រទេសថៃទេ។
ពលករខ្មែរមកពីប្រទេសថៃ ដែលមានវិជ្ជមានកូវីដ ១៩ ស្នាក់នៅខេត្តបន្ទាយមានជ័យចំនួន ៥ នាក់ និង ២ នាក់ ស្នាក់នៅខេត្តសៀមរាបដែលពួកគាត់បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែមករា ចំណែកពលករម្នាក់ទៀតដែលស្នាក់នៅខេត្តបាត់ដំបងបានរកឃើញវីរុសកូវីដ ១៩ បន្ទាប់ពីធ្វើតេស្តសំណាកលើកទី២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក។
ចំណែកអ្នកដំណើរចំនួន ៥ នាក់ ដែលមានតេស្តវិជ្ជមានកូវីដ ១៩ គឺជាអ្នកដំណើរមកពីប្រទេសអាមេរិក និងឥណ្ឌូនេស៊ី ដែលបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជាថ្ងៃទី ១២ ខែមករា ហើយពួកគាត់ត្រូវបានដាក់សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ ចំពោះអ្នកដំណើរចំនួន ៤៤ នាក់ ដែលធ្វើដំណើរតាមយន្តហោះជាមួយនឹងអ្នកជំងឺទាំង ៤ នាក់នេះ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារចំនួន ៣ ផ្សេងគ្នាផងដែរ។
ចំពោះអ្នកវិជ្ជមានកូវីដ ១៩ ម្នាក់ទៀត ជាជនជាតិជប៉ុនមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១២ ខែមករា ហើយគាត់ត្រូវបានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
ចំណែកអ្នកដំណើរដែលនៅធ្វើដំណើរតាមយន្តហោះជាមួយអ្នកជំងឺរូបនេះមានចំនួន ៥៦ នាក់ មានលទ្ធផលតេស្តអវិជ្ជមាន និងបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ៣ ផ្សេងៗគ្នា និងស្ថានទូតអាមេរិក។
ជាមួយគ្នានេះដែរ ពលករមកពីប្រទេសថៃ ស្នាក់នៅខេត្តប៉ៃលិនម្នាក់បានជាសះស្បើយពីកូវីដ ១៩ និងបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញដែរ។
គិតត្រឹមថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៤១១ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣៧៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៤ នាក់៕