ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​អូសទាញ​ការចាប់​អារម្មណ៍​សាជាថ្មី​ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​ដែល​ទាក់ទង​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ដូចជា នួន ជា និង​ ខៀវ សំផន ដែល​បាន​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​កាលពី​ ២០ ​ឆ្នាំ​មុន ដោយ​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ខណៈ​ដែល​គូប្រជែង​របស់​លោក​កំពុង​រិះគន់​ដល់​​ការ​ថមថយ​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិ​មនុស្ស​។

ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ចាប់ពី​ព្រែកក្ដាម​ដល់​ខេត្ត​ពោធិ៍សាត់​ជា​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​មន្ត្រី​ទូត​នានា​ដោយ​អះអាង​ថា​រឿង​ដែល​សំខាន់​សម្រាប់​កម្ពុជា​នាពេល​នេះ​ត្រូវ​តែ​រក្សាសុខ​សន្តិភាព​ឲ្យ​បាន បើ​គ្មាន​សន្តិភាព​គ្មាន​ការអភិវឌ្ឍ​នោះ​ឡើយ កុំ​និយាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​តម្លៃ​ណា​ក៏ដោយ​ត្រូវ​រក្សា​​សន្តិភាព​ឲ្យ​បាន​បើ​រក្សា​សន្តិភាព​មិន​បាន​ទេ​កុំ​និយាយ​ដល់​ការអភិវឌ្ឍ​អី​បើ​គ្មាន​សន្តិភាព​ទេ​វា​គ្មាន​ការអភិវឌ្ឍ​ទេ​ហើយ​កុំ​និយាយ​ដល់​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធ​មនុស្ស​។ ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​វា​ចាប់​ផ្ទៃ​នៅក្នុង​ប្រទេស​ដែល​មាន​សន្តិភាព​តែប៉ុណ្ណោះ​វា​មិន​អាច​ចាប់​ផ្ទៃ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​ទេ​»​។

លោក​ ហ៊ុន សែន បាន​អះអាង​ពី​ប្រវត្តិ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ដោយ​ចាប់​តាំងពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ មាន​ក្រុម ប៉ុល ពត និង​អ្នក​តស៊ូ​ប្រឆាំង​របប ប៉ុល ពត ​បាន​សម្លាប់​មនុស្ស​ ១ ​លាន​នាក់​ជាង​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ​ ១៩៩១ ប្រទេស​ខ្មែរ​មួយ​មាន​តំបន់​ត្រួតត្រា​ច្រើន​រវាង​ខ្មែរ​រដ្ឋ​កម្ពុជា ជាមួយ​ខ្មែរ​នៅ​តាម​ជាយដែន​, នៅ​ឆ្នាំ​ ១៩៩១ រហូត​ដល់​ឆ្នាំ​ ១៩៩៨ ខ្មែរ​មួយ​មាន​តំបន់​ត្រួតត្រា​ ២ គឺ​តំបន់​មួយ​ត្រួតត្រា​ដោយ​រាជរដ្ឋាភិបាល ហើយ​តំបន់​មួយ​ទៀត​ត្រួតត្រា​ដោយ​ខ្មែរក្រហម ទោះបី​អ៊ុនតាក់​ប្រើ​លុយ​ជាង ២ ​ពាន់​លាន​ដុល្លារ​ក៏​មិន​អាច​បញ្ចប់​សង្គ្រាម​ខ្មែរ​​បាន​ដែរ​។

លោក ហ៊ុន សែន ​ថ្លែង​ថា​៖ «​រហូត​ដល់​ឆ្នាំ​ ១៩៩៨ ​បាន​យើង​បាន​បញ្ចប់​។ ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​ ២០ ​។ ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ កន្លង​ទៅ ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ថា​នៅ​ថ្ងៃទី ​២៩ ​យើង​នឹង​ធ្វើ​បុណ្យ​ឲ្យ​ធំ​នៅ​វិមាន​ឈ្នះៗ​។ ខួប​លើក​ទី​ ២០ ​នៃ​ការបញ្ចប់​សង្គ្រាម​គឺ​យក​ថ្ងៃ​ដែល​ ខៀវ សំផន និង​ នួន ជា និង​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​មក​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​យក​ថ្ងៃ​ហ្នឹង​ធ្វើ​ថ្ងៃ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​តែ​ម្តង​។ នេះ​ហើយ​គឺជា​ប្រវត្តិ​ឈឺចាប់​របស់​យើង​ ប៉ុន្តែ​ក៏​យើង​មាន​មោទនភាព​ដែល​យើង​បញ្ចប់​សង្គ្រាម​នយោបាយ​ឈ្នះៗ​ដោយ​ខ្មែរ​ខ្លួនឯង​»​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ផង​ដែរ​ថា​ខួប​លើក​ទី​ ២០ ​នៃ​ការបញ្ចប់​សង្គ្រាម​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ​ ២០១៨ ​គឺជា​ថ្ងៃ​មួយ​ដែល​មាន​លក្ខណៈ​វិសេសវិសាល​ខ្លាំង​ណាស់​ព្រោះ​នយោបាយ​ឈ្នះៗ​នៃ​រាជរដ្ឋាភិបាល​ត្រូវ​បាន​អនុវត្ត​ហើយ​បាន​បញ្ចប់​សង្គ្រាម​ដោយ​ពេញលេញ​។

លោក ទៀ បាញ់ ថ្លែង​ថា​៖ «​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សាងសង់​វា​លម្អ​បំពាក់​វា​ទៅ​តាម​អត្ថន័យ និង​ខ្លឹមសារ​ទាំង​ឡាយ​នៃ​នយោបាយ​ឈ្នះៗ​ដើម្បី​តម្កល់​នៅ​ទី​នោះ​យើង​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​បណ្ណាល័យ និង​ជា​គ្រឹះស្ថាន​សម្រាប់​សិក្សា​តទៅ​ថ្ងៃ​មុខ និង​ដើម្បី​ឲ្យ​ឃើញ​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​យើង​បាន​មក​។ យើង​នឹង​រៀបចំ​ឲ្យ​ធំ​បំផុត​... យើង​ចាត់​ទុក​វា​ជា​ប្រវត្តិសាស្ត្រ​ដ៏ធំ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួល​បាន​សន្តិភាព​តាមរយៈ​នយោបាយ​ឈ្នះៗ​»​។

លោក ហ៊ុន សែន ក៏​បាន​ថ្លែង​សារ​បែប​ចំអក​ដល់​គូ​ប្រជែង​របស់​លោក​ផង​ដែរ​ថា​រឿង​ឡាន​ច្រើន​ដែល​កំពុង​មាន​បញ្ហា​ស្ទះចរាចរណ៍​សព្វ​ថ្ងៃ​នេះ​គឺ​ដោយសារ​កំហុស​របស់​លោក​ទី​ ១ ​បាន​វាយ​របប​ ប៉ុល ពត ឲ្យ​​រលំ និង​ទី​ ២ ​បាន​រំលាយ​អង្គការ​ចាត់តាំង និង​យោធារ​របស់​​ ប៉ុល ពត តាមរយៈ​នយោបាយ​ឈ្នះៗ​ហើយ​ដែល​ធ្វើឲ្យ​ផែនដី​កម្ពុជា​របស់​យើង​នេះ​មាន​ឯកភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​បើ​ចង់​បន្ទោស​ខ្ញុំ​មក​អំពី​បញ្ហា​សន្តិភាព​ ប៉ុន្តែ​មិន​អាច​បន្ទោស​ខ្ញុំ​អំពី​បញ្ហា​បង្កើត​សង្គ្រាម​ទេ​​ពីព្រោះ​ពេល​បង្កើត​សង្គ្រាម​ខ្ញុំ​អត់​ទាន់​គ្រប់​អាយុ​បោះឆ្នោត​។ តៃកុង​ឡាន​មួយ​នេះ​បាន​បើកបរ​រថយន្ត​នេះ​រយៈពេល​ជិត​ ៤០ ​ឆ្នាំ​ ឬ​នៅ​ក្នុង​មុខ​តំណែង​ដែល​បើកបរ​ជា​នាយករដ្ឋមន្ត្រី​ ៣៣ ​ឆ្នាំ​មិន​ទាន់​ធ្វើឲ្យ​មនុស្ស​គ្រោះថ្នាក់​ទេ (​តែ​) ​ទាញ​មនុស្ស​ចេញ​ពី​តំបន់​គ្រោះថ្នាក់ (​ជា​អតីត​តំបន់​ខ្មែរក្រហម​) ឲ្យ​មក​កាន់​តំបន់​សុវត្ថិភាព សង្ឃឹម​ថា​ប្រជាពលរដ្ឋ​របស់​យើង​​ចូលរួម​ចំណែក​ដើម្បី​រក្សា​នូវ​សន្តិភាព​នេះ​»​។

លោក ជាម ចន្នី អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​អះអាង​ថា សន្តិភាព​នៅ​កម្ពុជា​មិន​អាច​កាត់ផ្ដាច់​តែឯង​បានទេ ព្រោះ​មាន​ការ​ចូលរួម​ក្នុង​ការ​បង្រួបបង្រួម​ជាតិ និង​ការគាំទ្រ​ពី​អន្តរជាតិ​។

លោក ចន្នី ថ្លែង​ថា​៖ «​បក្ស​ប្រឆាំង​គឺជា​ផ្នែក​មួយ​នៃ​ការបង្កើត​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ និង​ការអភិវឌ្ឍ​ជាតិ បក្ស​កាន់​អំណាច​មាន​គុណ​ហើយ ហើយ​ការ​យក​គុណ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​បន្ត​កាន់​​អំណាច ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​រងទុក្ខ​ក៏​ជា​ការ​លំបាក​ដែរ​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​វិទ្យាសាស្ត្រ​នយោបាយ​ថ្លែង​ថា ការបង្រួបបង្រួម​ជាតិ​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដូរ​ពី​របប​កុម្មុយនីស្ត​មក​របប​​ប្រជាធិបតេយ្យ​។

លោក សុវណ្ណារ៉ា ថ្លែង​ថា​៖ «​សន្តិភាព​មិន​អាច​បាន​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ទេ នយោបាយ​ឈ្នះៗ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ​គឺ​ត្រូវ តែ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​គឺ​នៅ​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៣ ​លាន​នាក់​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ​»៕