ភ្នំពេញៈ កាលពី​ម្សិលមិញ​នៅក្នុង​ឱកាស​បិទ​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន​ និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០២៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ទាមទារ​ឱ្យ​មាន​ការពន្យល់​ឲ្យ​បាន​ច្បាស់ ចំពោះ​ការលើក​ឡើង​ដែល​ថា​គ្រាប់មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្អុយ​អស់​ហើយ​។

នៅក្នុង​សន្និបាត​រយៈពេល​ ២ ​ថ្ងៃ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​ភ្ញៀវ​អន្តរជាតិ​ដែល​ចូលរួម​ដែល​មាន​ដូចជា​អគ្គរាជទូត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នានា​ដែល​ធ្វើការ​ក្នុង​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដោះមីន និង​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ស្វែងរក​ឲ្យ​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​លើកឡើង​ថា គ្រាប់មីន​នៅ​កម្ពុជា​ស្អុយ​អស់​ហើយ​នោះ​។

លោក ហ៊ុន សែន ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គ្រាន់តែ​បាន​មើល​សារព័ត៌មាន​មុន​ដែល​ខ្ញុំ​ចេញ​មក​ប៉ុណ្ណោះ ថា​មាន​ប្រតិកម្ម​ពី​អគ្គនាយក​ស៊ីម៉ាក់​ជាមួយ​ការ​លើក​ឡើង​ថា គ្រាប់មីន​នៅ​កម្ពុជា​វា​ស្អុយ​អស់​ហើយ​»​។

លោក​លើក​ឡើង​ថា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​គ្រាប់មីន​នេះ​។

លោក​ថា​៖ «​ប្រទេស​កម្ពុជា​ប្រសិន​បើ​យើង​មិន​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ច្បាស់លាស់​ទេ ប្រាកដ​ជា​ការមើល​ស្រាល​ ឬ​មិន​អើពើ​ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​របស់​យើង​នេះ​ជា​ហេតុផល​ទី​ ១»​។

លោក​ ហ៊ុន សែន ​បន្ថែម​ទៀត​ថា​៖​ «​ការកែច្នៃ​គ្រាប់មីន​ដែល​កែច្នៃ​មាន​ដាក់​ឈើ​ចូល​ទៅ​ជាមួយ​ឈើ​វា​អាច​ពុក ប៉ុន្តែ​ជាតិ​ផ្ទុះ​វា​មិន​ពុក​ទេ​។ ត្រូវ​បកស្រាយ​បញ្ហា​នេះ​ឡើង​វិញ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ណា​មួយ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ សព្វ​ថ្ងៃ​នេះ​យើង​បង្ការ​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា កុមារ​កម្ពុជា​សូម្បីតែ​រើស​គ្រាប់​ដែល​មាន​ការសង្ស័យ​ក៏​មិន​ឲ្យ​ប៉ះពាល់​ផង​។ តំបន់​ដែល​មាន​មីន យើង​ទៅ​ដោត​សញ្ញា​មិន​ហ៊ាន​ឲ្យ​ប្រជាជន​ចូលទៅ​កាន់​ទីនោះ​ទេ យើង​ត្រូវ​តែ​រារាំង​ដើម្បី​ឲ្យ​កន្លែង​នោះ​ដោះមីន​រួច​ហើយ​ទើប​យើង​ចែក​ដី​ឲ្យ​គាត់​។

លោក​ថ្លែង​ថា​៖ «​បើ​នៅ​តែ​មាន​ការបកស្រាយ​បែប​នេះ​ខ្ញុំ​ក៏​សូម​អញ្ជើញ​អ្នក​បកស្រាយ​ទាំងនោះ​រួម​គ្នា​ជាមួយ​អ្នក​ដែល​គាំទ្រ​ការបកស្រាយ​ដែល​ថា គ្រាប់មីន​ស្អុយ​សូម​ធ្វើ​ដំណើរ​ចូល​ទៅ​កន្លែង​មីន​សាកល្បង​ខ្លួនឯង​ទៅ​ការបកស្រាយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​បាត់បង់​ការប្រុងប្រយ័ត្ន ក្នុងពេល​ដែល​យើង​កំពុង​ឃោសនា​ដាក់​នូវ​វិធានការ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​បម្រាម​ដាក់​ជា​រូប ដាក់​ជា​សញ្ញា បញ្ជាក់​ថា​តំបន់​សង្ស័យ​ថា មាន​មីន​»​។

លោក​ លី ធុច ​អនុប្រធាន​ទី​ ១ ​របស់​ស៊ីម៉ាក់​កំពុង​ដឹកនាំ​ក្រុម​ការងារ​ដោះស្រាយ​លើ​បញ្ហា​នេះ​។

លោក លី ធុច បាន​ឲ្យ​ដឹង​ថា​៖ «​ព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ចេញ​ផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​។ អ្នក​ដែល​និយាយ​នោះ​គឺ​មិនមែន​មាន​ន័យ​ចំពោះ​មីន​ជាទូទៅ​ទេ​។ ឥឡូវ​ខ្ញុំ​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ថា​តើ​អ្នកណា​និយាយៗ​នៅ​ម៉ោង​ប៉ុន្មាន និង​និយាយ​នៅ​កន្លែង​ណា​។ វា​ជា​ប្រភេទ​នៃ​ក្រុម​ការងារ​បច្ចេកទេស​ដែល​និយាយ​អំពី​បរិបទ​ការងារ​គ្រាប់មីន​»​។

លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​អ្វី​ជា​គោលបំណង​របស់​ពួកគេ​ទេ​។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀបចំ​ក្រុម​ការងារ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​ពេល​ឆាប់ៗ​។ អ្នក​ដែល​និយាយ​នោះ​មិនមែន​សំដៅ​ទៅ​លើ​គ្រាប់មីន​ជាទូទៅ​ទេ​។ ព័ត៌មាន​លេចឮ​នេះ​គឺ​ទើប​​តែ​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​។ វា​ប៉ះពាល់​ដល់​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​។ យើង​ព្យាយាម​និយាយ​ថា មីន​គ្រប់​ប្រភេទ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើង​បាន យើង​ត្រូវ​បំផ្លាញ​វា​ដោយ​អ្នក​ជំនាញ​។ ខ្ញុំ​បាន​ឱ្យ​ក្រុម​ការងារ​កត់ត្រា និង​ស៊ើបអង្កេត​លើ​ករណី​នេះ​»៕ NS