ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបផ្សេងទៀតរាប់ចាប់តាំងពីរដ្ឋមន្ត្រីនៅតាមក្រសួងនានាបាននាំគ្នាបរិច្ចាគប្រាក់ខែទៅឱ្យគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីគាំទ្រដល់ការងារប្រយុទ្ធនឹងជំងឺឆ្លងនេះ។
លោក ហ៊ុន សែន ដែលទទួលបានប្រាក់ខែក្នុង ១ ខែចំនួន ១០ លានរៀល បានប្រកាសនៅក្នុងលិខិតមួយចុះថ្ងៃទី ១ ខែមេសា ថា ដោយសារស្ថានភាពនៃការវិវត្តជំងឺឆ្លងកូវីដ១៩នៅក្នុងប្រទេស កម្ពុជា ដែលមិនទាន់មានការថមថយ លោកមានសមានចិត្តបរិច្ចាគប្រាក់ខែចំនួន ៧ ខែ ដោយចាប់ផ្ដើមពីខែមីនាដល់ខែកញ្ញា ដើម្បីប្រគល់ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩។
ចំណែករដ្ឋមន្ត្រីមួយចំនួនទៀតដែលមានប្រាក់ខែជាង ៤ លានរៀល ក៏បានប្រកាសបរិច្ចាគប្រាក់ខែចំនួន ៧ ខែផងដែរ ដូចជា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងលោក វង្ស ពិសេនអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ។
ក្រៅពីនោះរដ្ឋមន្ត្រីមួយចំនួនទៀតខ្លះប្រកាសបរិច្ចាគប្រាក់ខែ ៦ ខែ ៥ ខែ និង ៤ ខែ ខណៈដែលក្រសួងបរិស្ថានក៏បានប្រកាសថា មន្ត្រីក្នុងក្រសួងនេះចំនួន ៣៦ នាក់ បានសម្រេចបរិច្ចាគប្រាក់ចាប់ពី ១ ខែទៅដល់ ៦ ខែ។
លោក ទៀ បាញ់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការប្រកាសបរិច្ចាគប្រាក់ខែរបស់មន្ត្រីរដ្ឋាភិបាលទាំងនេះគឺដើម្បីប្រមូលកម្លាំងសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកបានបន្តថា គ្មាននរណាម្នាក់អាចដឹងជាមុនអំពីស្ថានភាពវិវត្តន៍នៃជំងឺកូវីដ-១៩ ឡើយដូច្នេះត្រូវទាមទារឱ្យប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នជាមុនហើយត្រូវរកគ្រប់វិធីសាស្ដ្រទាំងអស់ រួមទាំងការអនុវត្តតាមការណែនាំផ្សេងៗដោយក្រសួងសុខាភិបាលដើម្បីរារាំងជំងឺលាក់មុខមួយនេះ។
លោកបញ្ជាក់ថា៖ «នៅពេលពិភពលោកកំពុងផ្ទុះជំងឺនេះខ្លាំងយើងក៏ត្រូវប្រុងប្រយ័ត្នដែរ យើងត្រូវធ្វើគ្រប់វិធីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីរារាំង និងទប់ស្កាត់វាតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាការផ្សព្វផ្សាយនៅគ្រប់ទិសទី ដើម្បីនាំគ្នាធ្វើអនាម័យ និងបង្ការហើយអ្នកទើបធ្វើដំណើរមកពីចម្ងាយត្រូវនៅដោយឡែកជាដើម»។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបន្តថា ចំពោះកងទ័ពទាំងអស់បានត្រៀមរួចជាស្រេច ដើម្បីចេញធ្វើអន្តរាគមន៍នៅពេលណាមានការស្នើសុំពីខាងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោកបញ្ជាក់ទៀតថា កងទ័ពនឹងអាចចេញអន្តរាគមន៍ ប្រសិនបើការឆ្លងរាលដាលកើតឡើងដូចជាការជួយរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលអាចធ្វើដំណើរមកពីក្រៅប្រទេសជាដើម ប៉ុន្តែលោកថា មិនមែនចេញប្រតិបត្តិការភ្លាមៗនោះទេ។ លោកថា៖ «យើងត្រៀមទុកដើម្បីមានបញ្ហាអី ហើយខាងគណៈកម្មការប្រឆាំងជំងឺកូវីដ គេបានបញ្ជាមក»។
កាលពីខែមីនាលោក ហ៊ុន សែន បានប្រកាសថា រដ្ឋត្រូវត្រៀមថវិកាសម្រាប់ជួយពលរដ្ឋក្នុងករណីចាំបាច់នៃការឆ្លងរាលដាលកូវីដ១៩ ដោយលោកបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ចំនួន ៥០ ភាគរយលើកលែងតែក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីដែលត្រូវកាត់បន្ថយ ២៥ ភាគរយ។
ទោះជាយ៉ាងណាលោក ហ៊ុន សែន បញ្ជាក់ថា ចំពោះប្រាក់ខែរបស់មន្ត្រីរាជការ ឬប្រាក់សម្រាប់ឧបត្ថម្ភមន្ត្រីរាជការក្នុងពិធីបុណ្យទាននឹងមិនត្រូវកាត់នោះទេ។ លោកបញ្ជាក់ថា ការសន្សំថវិកាទាំងនេះគឺដើម្បីប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងមួយចំនួនទៀតទុកសម្រាប់ឧបត្ថម្ភទៅដល់ប្រជាជននៅតាមសហគមន៍ ដែលអាចរងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩៕