ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងដែលជាកូនប្រុសសពលោក ហុក ឡងឌី បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃម្សិលមិញចំពោះអ្វីដែលអតីតមេបក្សប្រឆាំងរូបនេះបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថា នៅពីក្រោយការស្លាប់លោក ហុក ឡងឌី។
ការដាក់ពាក្យបណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានពន្យុះលោក ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ឌី វិជ្ជា ម្តងហើយម្តងទៀតឲ្យធ្វើការប្ដឹងរូបលោកទៅតុលាការបារាំងជាប្រទេសដែលលោកកំពុងរស់នៅ។
កាលពីថ្ងៃទី ២ ខែមិថុនា ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរបែបសន្និដ្ឋាន និងវិភាគថាលោក ហ៊ុន សែន គឺជាអ្នកបញ្ជាឲ្យមានការសម្លាប់លោក ហុក ឡងឌី តាមរយៈការធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រដែលលោក ហុក ឡងឌី ជិះពីភ្នំពេញទៅខេត្តស្វាយរៀងកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០៨ ហើយថា កូនប្រុសរបស់លោក ហុក ឡងឌី គឺលោក ឌី វិជ្ជា ដែលជាកូនប្រសារបស់លោក ហ៊ុន សែន ដែរនោះកំពុងរៀបចំផែនការជាមួយលោក ស ខេង ដើម្បីរកវិធីសងសឹកលោកនាយករដ្ឋមន្ត្រី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់មេធាវីលោក Brosselet លោកមេធាវី Doyez និងលោកមេធាវី Leick ដែលការពារក្តីជូនលោក ហ៊ុន សែន និងលោក ឌី វិជ្ជា បានឲ្យដឹងថាពួកគេបានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការ ទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថាលោក ហ៊ុន សែន បានដាក់ពាក្យប្តឹងបុគ្គល សម រង្ស៊ី ចំពោះសារដែលបុគ្គល សម រង្ស៊ី បានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក និងសម្តីដែលលោក សម រង្ស៊ី បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដោយបានធ្វើការចោទប្រកាន់យ៉ាង «ឆ្កួតលេលា និងធ្ងន់ធ្ងរ» ដែលថាលោក ហ៊ុន សែន បានសម្លាប់ ឬជាមេខ្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី។
សេចក្តីប្រកាសព័ត៌មានរបស់មេធាវីដែលការពារឲ្យលោកនាយរដ្ឋមន្ត្រីនេះបានបញ្ជាក់ដូច្នេះថា៖ «តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោដែលតែងតែអត់ឱន និងអនុគ្រោះ សន្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច សម្តេចតេជោមិនចង់ប្តឹងបុគ្គល សម រង្ស៊ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះគឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោបានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំងនឹងត្រូវធ្វើការវិនិច្ឆ័យថាករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតរបស់ក្រុមមេធាវីការពារក្តីឲ្យលោក ឌី វិជ្ជា បានឲ្យដឹងថា ពួកគេបានដាក់ពាក្យបណ្តឹង ប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងចោទប្រកាន់ពីបទដូចគ្នានេះផងដែរ។ សេចក្តីប្រកាសបញ្ជាក់ថា លោក សម រង្ស៊ី «បានចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយបំពាន និងដោយខុសស្រឡះថា ឯកឧត្តម ឌី វិជ្ជា បានជឿជាក់ថា ឪពុករបស់គាត់ត្រូវបានសម្តេច តេជោ ហ៊ុន សែន សម្លាប់»។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថាសាររបស់លោក សម រង្ស៊ី ដែលបានដាក់ផ្សាយនៅក្នុងហ្វេសប៊ុករបស់ សម រង្ស៊ី ផ្ទាល់ដោយបានចោទប្រកាន់ថា លោក ឌី វិជ្ជា មានចេតនា «សងសឹក» ចំពោះការសម្លាប់ឪពុករបស់ខ្លួន ដោយរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ «ឯកឧត្តម ឌី វិជ្ជា មិនអាចទទួលយកការទម្លាក់កំហុសបែបបរិហារកេរ្តិ៍នេះបានទេ។ បើតាមការពិនិត្យទៅលើពាក្យពេចន៍ដែលបុគ្គល សម រង្ស៊ី បានប្រើ (ពាក្យ «សងសឹក» និង «ផែនការ») គឺជាការចោទប្រកាន់ថា ឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្មលើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គល សម រង្ស៊ី នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយស និងកិត្តិសព្ទរបស់ឯកឧត្តម ឌី វិជ្ជា តម្រូវឲ្យឯកឧត្តមដាក់ពាក្យបណ្តឹងទៅតុលាការ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយថ្លែងថាការដាក់ពាក្យប្ដឹងទៅតុលាការបារាំងជាជម្រើសល្អ។ លោកបន្តថា៖ «ជារឿងល្អព្រោះដើម្បីឲ្យបាត់មន្ទិលសង្ស័យនៅក្នុងគំនិតរបស់ពលរដ្ឋ។ ទី ២ បើលោក សម រង្ស៊ី ចេះតែបំផ្លើស គាត់អាចប្ដឹងដូច្នេះ ហើយតុលាការបារាំងអាចផ្ដល់យុត្តិធម៌មួយអាចជឿជាក់បានទាំងភាគី សម រង្ស៊ី ទាំងភាគីគណបក្សប្រជាជន»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា វាមិនមានយុត្តិធម៌ទេប្រសិនបើមិនមានការពិត ហើយបន្ទប់តុលាការគឺជាកន្លែងចុងក្រោយក្នុងពិភពលោកសម្រាប់ដឹងពីការពិត។ ដូច្នេះបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ទៅលើលោក សម រង្ស៊ី នៅតុលាការបារាំង ដែលគេស្គាល់ថាជាតុលាការឯករាជ្យ និងអព្យាក្រឹត គួរជាព័ត៌មានស្វាគមន៍។
កាលពីដើមខែកក្កដាលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញដោយស្នើឲ្យតុលាការអនុវត្តតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ១ លានដុល្លារ (៤ ពាន់លានរៀល) ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី ដូចគ្នានេះ។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ប៉ុន្តែកាលពីដើមខែមិថុនាលោក សម រង្ស៊ី បានថ្លែងតាមរយៈហ្វេសប៊ុករបស់លោកថា លោករង់ចាំតតាំងជាមួយលោកនាយករដ្ឋមន្ត្រីនៅតុលាការបារាំង ហើយលោកអះអាងថាលោក ហ៊ុន សែន កំពុងដើរលើនយោបាយចាញ់ ចាញ់ ដោយហេតុផលតុលាការបារាំងនឹងលាតត្រដាងការពិត។
លោក សម រង្ស៊ី បាននិយាយថា៖ «បើ ហ៊ុន សែន សម្រេចចិត្តជាចុងក្រោយថា គាត់មិនប្តឹងពីខ្ញុំទៅតុលាការបារាំងទេ ពេលនោះគាត់បង្ហាញពីភាពកំសាករបស់គាត់ ហើយគាត់ដូចជាសារភាពថាគាត់ជាឃាតករមែនក្នុងរឿងដែលខ្ញុំរៀបរាប់ពីខាងលើ»៕