ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុធ ចាន-អូចា បាន​ផ្តោះ​ប្តូរ​លិខិត​ជាមួយ​គ្នា​បង្ហាញពី​ភាពរីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២ ​ខណៈ​ដែល​ព្រះរាជាណាចក្រ​ជិតខាង​ទាំង​ ២ ​នេះ​ប្រារព្ធ​ខួប​ទី​ ៧០ នៃ​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី​ ១៩ ធ្នូ​។

លិខិត​របស់​នាយករដ្ឋមន្ត្រី​ទាំង​ ២ ត្រូវបាន​ផ្ញើ​ទៅវិញ​ទៅមក​កាលពី​ថ្ងៃទី​ ១៩ ធ្នូ ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​ក្រសួង​ការបរទេស​ថៃ​។ លិខិត​របស់លោក ហ៊ុន សែន បាន​ថ្លែងថា ទំនាក់ទំនង​ទ្វេភាគី​បាន​រីកចម្រើន​យ៉ាងខ្លាំង​ចាប់តាំងពី​ទំនាក់ទំនង​ការទូត​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩៥០​។

លិខិត​របស់​លោក​ ហ៊ុន សែន ​សរសេរ​ថា​៖ «​ដោយ​ឈរលើ​មូលដ្ឋាន​ដ៏រឹងមាំ​នៃ​មិត្តភាព​ជា​ប្រពៃណី ភាព​ជា​អ្នកជិតខាង​ល្អ និង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក ព្រះរាជាណាចក្រ​របស់​យើង​ទាំង​ ២ បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ ដែល​គ្របដណ្ដប់​លើ​ទិដ្ឋភាព​នានា​នៃ​ផលប្រយោជន៍​រួម ដូចជា​បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ការអប់រំ ការភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន ​និង​ប្រជាជន​»​។

លោក​បន្តថា​៖ «​នៅក្នុង​ការកត់សម្គាល់​នេះ ខ្ញុំ​សូមបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ​របស់​ខ្ញុំ​ក្នុង​ការធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​យូរអង្វែង​ឱ្យ​ទៅ​កម្រិត​មួយទៀត​ជាពិសេស​ដើម្បី​ជម្នះ​វិបត្តិ​កូវីដ​១៩ ដែល​មិន​ធ្លាប់មាន ដើម្បី​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ប្រកប​ដោយ​ចីរភាព សម្រាប់​ប្រជាជាតិ​យើង​ទាំង​ ២ សហគមន៍​អាស៊ាន និង​លើសពីនេះ​ទៀត​»​។

ស្រដៀង​គ្នា​នេះ លោក ប្រាយុធ ចាន-អូចា ក៏បាន​ថ្លែង​ក្នុង​លិខិត​របស់លោក ដោយ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​មិន​ធ្លាប់​មាន​ភាពល្អប្រសើរ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។ បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ កំពុងតែ​ពង្រីក​បន្ថែម​តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​លើ​គ្រប់​វិស័យ​។

លោក​បន្តថា តំបន់​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំង ២ ​បច្ចុប្បន្ននេះ​កំពុង​ទទួល​បាន​ផ្លែផ្កា​ពី​សន្តិភាព និង​ស្ថិរភាព​ដ៏ស្ថិតស្ថេរ​។ ពាណិជ្ជកម្ម​ឆ្លងដែន​ដែល​កំពុងតែ​កើនឡើង​ជា​លំដាប់​បាន​ផ្ដល់​ការងារ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ និង​ធ្វើឱ្យ​ជីវភាព​រីកចម្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ទំហំ ៣០០ ​លាន​ដុល្លារ កាលពី​ ២០ ​ឆ្នាំមុន ដល់​ជាង ៩០០ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩​។

លោក​ ប្រាយុធ ចាន-អូចា ថ្លែង​ដូច្នេះ​ថា​៖ «​ការវិនិយោគ​របស់​ថៃ​នៅ​កម្ពុជា​កំពុងតែ​មាន​ការកើនឡើង​ដែល​ចូលរួមចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ខណៈពេល​ដែល​សេដ្ឋកិច្ច​ថៃ​ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ពី​កម្លាំង​ពលកម្ម​ពី​កម្ពុជា និង​ពី​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​»​។

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ​បាន​ធ្វើ​ឱ្យ​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ ក្នុង​ការពន្លឿន​ការតភ្ជាប់​ទំនាក់ទំនង​ដែល​រួមមាន​ការកសាង​ស្ពាន​មិត្តភាព​ថៃ-កម្ពុជា​ ដែល​ភ្ជាប់​ខេត្ត​ស្រះកែវ​របស់​ថៃ និង​ខេត្ត​បន្ទាយមានជ័យ​។ ការស្ដារ​ឡើងវិញ ផ្លូវ​រថភ្លើង​ដែល​តភ្ជាប់​សហគមន៍​ថៃ និង​កម្ពជា​ឆាប់ៗ​នេះ​។ នេះ​បើតាម​លិខិត​លោក ប្រាយុធ ចាន-អូចា​។

លោក​ ប្រាយុធ ថ្លែងថា​៖ «​នាពេល​ថ្មីៗ​នេះ យើង​បាន​ធ្វើការ​ជាមួយ​គ្នា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ ​១៩ ទៅលើ​សេដ្ឋកិច្ច​ និង​សង្គម​ដែល​នេះ​បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​យើង​មាន​កិច្ចសហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ក្នុង​ការប្រឈមមុខ​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្នាក់​តំបន់ និង​កម្រិត​អន្តរជាតិ​នាពេល​អនាគត​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ​មាន​ភាពរឹងមាំ និង​ស្ថិតស្ថេរ​។ លើសពីនេះ​ប្រជាជន​របស់​យើង ពិសេស​យុវជន​ជំនាន់​ក្រោយ​នឹង​នៅតែ​បន្ត​សហការ​រួមគ្នា​ឆ្ពោះទៅ​អនាគត​ដែល​កាន់តែ​ប្រសើរ​ដើម្បី​សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​រួម​»​។

កាលពី​ថ្ងៃទី​ ១៨ ធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក៏បាន​បង្ហោះ​សារ​របស់លោក​ក្នុងការ​ប្រារព្ធ​ខួប ៧០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នេះដែរ ដោយ​លោក​បញ្ជាក់​ថា ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ ​៥ ៥៧០ ​លាន​ដុល្លារ​ ក្នុង​ពេល​ ១០ ​ខែ ឆ្នាំ​ ២០២០ នេះ​បើទោះបី​ជា​មាន​បញ្ហា​កូវីដ​ក្តី​៕