ភ្នំពេញៈ មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងមន្ត្រីរាជរដ្ឋាភិបាលកាលពីម្សិលមិញបានជួបពិភាក្សាគ្នាពិគ្រោះយោបល់ពាក់ព័ន្ធទៅលើបញ្ហាកិច្ចគាំពារសង្គម និងទិន្នន័យសម្រាប់ការអភិវឌ្ឍដោយចីរភាពដែលជាបញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលគ្រោងនឹងធ្វើនៅក្នុងទីក្រុងញូវយ៉កនៅខែកក្កដា ខាងមុខនេះ។
បញ្ហាទាំងនោះមានដូចជាប្រសិទ្ធភាពអាចជួយសម្រួលសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋក្រីក្រ ជួយគ្រួសារងាយរងគ្រោះឲ្យទទួលបានសេវាសង្គម លើកកម្ពស់សុខុមាលភាពជារួមរបស់ពួកគេ កាត់បន្ថយភាពងាយរងគ្រោះនិងការពារប្រជាពលរដ្ឋពីហានិភ័យនានា។
លោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាកាលពីម្សិលមិញបានថ្លែងទៅកាន់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបទ្វេភាគី នៅក្នុងវិមានសន្តិភាពដោយបានសម្ដែងនូវការអបអរសាទរចំពោះការងារដែលកម្ពុជាបានអនុវត្តក្នុងឆ្នាំកន្លងមកលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាជារៀងរាល់ឆ្នាំក្នុង ១ ឆ្នាំម្ដង ហើយនេះជាលើកទី៥ ហើយដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយនឹងរាជរដ្ឋាភិបាល។
លោក សុផល្លែត ថ្លែងថា៖ «ក្នុងជំនួបនោះ លោកស្រី ផូលីន ថាមេស៊ីស បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិ សូមសម្ដែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ នៅក្នុងកិច្ចប្រជុំនេះ អង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុច ៣ ទី១- ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ទី២- ទិន្នន័យសម្រាប់ការអភិវឌ្ឍដោយចីរភាព និងទី៣- បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅក្នុងទីក្រុងញូវយ៉កខាងមុខនេះ»។
លោក សុផល្លែត បានឲ្យដឹងទៀតថា ពាក់ព័ន្ធលើបញ្ហាកិច្ចគាំពារសង្គម ប្រព័ន្ធអង្គការសហប្រជាជាតិ បានលើកឡើងនូវការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធក្នុងការ កសាងសមត្ថភាព ការគាំពារសង្គម និងហិរញ្ញវត្ថុ និងការងារគាំពារសង្គមជាមួយនឹងការអនុវត្តប្រកបដោយសមភាព។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងសង្គម កិច្ចបានធ្វើការបកស្រាយទៅតាមជំនាញ។
លោក សុផល្លែត ថ្លែងថា៖ «ជាមួយនោះសម្ដេចតេជោ ក៏បានជម្រាបជូនពាក់ព័ន្ធនឹងករណីនេះ ដែលប្រព័ន្ធអង្គការសហប្រជាជាតិ ស្នើដើម្បីធ្វើយ៉ាងណាឲ្យបង្កើននូវថវិកាជាតិ និងពង្រឹងសមត្ថភាព សម្រាប់ការងារទិន្នន័យ សម្រាប់ការអភិវឌ្ឍនេះ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានធ្វើការបកស្រាយថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានជំរុញ បានផ្ដល់ថវិកា បានបង្កើនថវិកាជាតិជាប្រចាំហើយ ឯកភាពនឹងបង្កើនថវិកាថែមទៀត សម្រាប់ការងារទិន្ន័យសម្រាប់ការអភិវឌ្ឍនេះ»។
លោក សុផល្លែត ថ្លែងថា លោកនាយករដ្ឋមន្ត្រី បានជម្រាបជូនភ្នាក់ងារអង្គការសហប្រជាជាតិថា កម្ពុជាកាលពីដើមឡើយ គឺមានភាពក្រីក្ររហូតដល់ ១០០% ហើយក៏មានការចាប់ផ្ដើមឡើងនូវការផ្ដល់នូវការគាំពារសង្គមទៅដល់ស្ត្រីមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ។ បន្ទាប់មកទៀតដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀតផង រួមទាំងការកាត់បន្ថយតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ការ ជីកអណ្តូងទឹក ស្រះទឹកជាដើម នោះសោតសុទ្ធសឹងតែជាកិច្ចគាំពារសង្គមតែម្ដង។
លោកស្រី ផូលីន ថាមេស៊ីស ក៏បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានបន្ទាប់ពីជំនួបនេះដែរ រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមរៀបចំដើម្បីធ្វើបទបង្ហាញការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ដែលផ្ដោតលើផែនការអនុវត្តន៍ និងវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្នុងសម័យប្រជុំនៃវេទិកានយោបាយកម្រិតខ្ពស់ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅទីក្រុងញូវយ៉ក ក្នុងខែកក្កដាខាងមុខនេះ។
លោកស្រី បានឲ្យដឹងទៀតថា៖ «ដើម្បីបោះជំហានទៅមុខ ទាមទារឲ្យមានការយកចិត្តទុក ដាក់ខ្ពស់ជាអាទិភាពរវាងតុល្យភាពនៃកំណើនសេដ្ឋកិច្ច ជាមួយនឹង ការការពារបរិស្ថានធម្មជាតិ ការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់គោលដៅសង្គម ដើម្បីធានាថាប្រជាជនក្រីក្រត្រូវបានការពារពីហានិភ័យ និងធានាថា វិបុលភាពត្រូវបានចែករំលែកប្រកបដោយសមធម៌ ហើយជំនាន់ក្រោយៗទៀតក៏ទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តថ្ងៃនេះ អំពីរបៀបដែលធនធានត្រូវបានគ្រប់គ្រង»។
លោកស្រី Pauline Tamesis បានអះអាងបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌ UNDAF ថ្មីនេះ អង្គការសហប្រជាជាតិនឹងផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអនុវត្តផែនការគោលនយោបាយ និងក្របខ័ណ្ឌនានា ដើម្បីចាត់អាទិភាពលើបញ្ហានានាដែលមានផលប៉ះពាល់លើក្រុមដែលងាយរងគ្រោះជាងគេ៕