ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អាច​នឹង​វិល​ត្រឡប់មក​បំពេញ​ការងារ​ដោយផ្ទាល់ និង​មក​ធ្វើជា​អធិបតី​ក្នុង​ព្រឹតិ្តការណ៍​នានា​វិញ ក្រោយពី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃទី ១៨ ​ខែ​វិច្ឆិកា បើ​ក្នុង​ករណី​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី​៤ អវិជ្ជមាន​ពី​ជំងឺ​កូវីដ​ ១៩ ខណៈ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​ ៣ ​វិច្ឆិកា​ជិត​ ៣០ ​នាក់​ទៀត​ ទទួលបាន​លទ្ធផល​អវិជ្ជមាន​ក្នុង​ការធ្វើ​តេស្ត​ជា​លើក​ទី៣​។

កាលពី​ថ្ងៃទី ៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន បានប្រកាស​លុបចោល និង​លើក​ពេល​ចូលរួម​កម្មវិធី​ដែល​បាន​គ្រោងទុក​មួយចំនួន​ដើម្បី​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ថ្ងៃ​​ ដោយ​មិន​ចេញ​ពី​ផ្ទះ​ក្នុង​ការរក្សា​សុវត្ថិភាព និង​គោរព​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កន្លងទៅ​ការលុបចោល​ការចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​របស់លោក​នាយករដ្ឋមន្ត្រី គឺ​មាន​កម្មវិធី​ខ្លះ លោក​បាន​ចាត់​ឱ្យ​តំណាង​ចូលរួម​ជំនួស និង​មាន​កម្មវិធី​ខ្លះទៀត​បាន​ពន្យារពេល ដើម្បី​រង់ចាំ​លោក​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​។

លោក​បន្តថា បើសិន​ជា​ការធ្វើ​តេស្ត​លើក​ទី​៤ ទទួលបាន​លទ្ធផល​អវិជ្ជមាន​នោះ​លោក ហ៊ុន សែន នឹង​បន្ត​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​របស់លោក​ដោយ​ផ្ទាល់​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងអំឡុង​ដែល​លោក​ធ្វើ​ចត្តាឡីស័ក គឺ​ថិរវេលា​នេះ​លោក​នៅ​បំពេញ​ការងារ​ជា​ប្រក្រតី តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​គ្រាន់តែ​មិនអាច​ចេញទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ទេ ដើម្បី​កុំឱ្យ​មាន​ការឆ្លង​រាលដាល​ជាយថាហេតុ​ណាមួយ​កើតឡើង​។ ប៉ុន្តែ​បើ​បញ្ចប់​រយៈពេល ១៤ ថ្ងៃ​ លោក​ច្បាស់​ណាស់​នឹង​ចេញ​ទៅ​ជួប​មហាជន ព្រោះ​ជា​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​របស់លោក​»​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៥ ​ខែ​វិច្ឆិកា​ ក្នុង​ពេល​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​នៅ​ខេត្តសៀមរាប​ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ៣០ ខែ ​វិច្ឆិកា ឆ្នាំ​ ២០២០​។ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា កម្មវិធី​នេះ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ ហ៊ុន សែន​។

ចំណែក​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ដែល​បាន​ចុះទៅពិនិត្យ​ទីតាំង និង​បើក​កិច្ចប្រជុំ​ពិភាក្សា​កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នៅ​ខេត្តកំពង់ចាម​ក៏​បាន​ឱ្យដឹង​ដែរ​ថា លោក​ ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់​ក្រូចឆ្មារ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​នា​ព្រឹក​ថ្ងៃទី​ ៧ ខែ ​ធ្នូ ឆ្នាំ​ ២០២០​។

ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ១៥ ​ខែ​វិច្ឆិកា ការធ្វើ​តេស្ត​លើ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ៣ វិច្ឆិកា ​ចំនួន​ ២៨ ​នាក់​បន្ថែម​ទៀត​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​។ ការធ្វើ​តេស្ត​សរុប​ជា​លើក​ទី​៣ ​នេះ​គឺមាន​វត្ថុ​សំណាក​ចំនួន ១ ៣៥២ ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូរ៉ូណា​ទាំងអស់ ខណៈ​មាន​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​ចំនួន​ ៤ ​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ហើយ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ទោះយ៉ាងណា​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​តែ​ក្រើនរំឭក និង​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ ទាំងអស់ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​គ្រប់​ចំនួន ១៤ ថ្ងៃ ដោយ​ត្រឹមត្រូវ ហ្មត់ចត់​ជាទីបំផុត និង​ត្រូវ​ធ្វើតេស្ត​ជា​លើក​ទី៤ ​ដែល​ជា​លើកចុងក្រោយ ឡើងវិញ​ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក​បាន​ថ្លែងថា​៖ «​ថ្មី​ដ្បិតតែ​តេស្ត​លើក​ទី​៣ ​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​ ១៩ ទាំងអស់​គ្នា​ដែល​ជា​លទ្ធផល​ល្អប្រសើរ​សម្រាប់​កម្ពុជា​នា​ពេលនេះ​ក៏ពិតមែន ក៏​ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច​ថា វីរុស​កូវីដ​ ១៩​ នេះ​អាច​នឹង​វ៉ៃ​លុក​យើង​បាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។ នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដែល​ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​»​។

គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុប​ចំនួន ៣០២ នាក់​ ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៨៩ នាក់ និង​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១៣ នាក់​។ នេះ​បើ​យោងតាម​តួលេខ​ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​៕