ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការចង់ធ្វើដំណើរទៅទីក្រុងវូហានដែលជាទីក្រុងកំពុងឆ្លងវីរុសកូរ៉ូណាថ្មី ប្រសិនបើលោកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិនដែលការថ្លែងនេះជាការឆ្លើយតបទៅនឹងមតិមួយចំនួនដែលរិះគន់បែបផ្ចាញ់ផ្ចាលដោយជំរុញឱ្យលោកធ្វើដំណើរទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន។
លោក ហ៊ុន សែនបានប្រកាសបែបនេះកាលពីម្សិលមិញក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង។ លោកសង្កត់ធ្ងន់ថា៖ «ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម។ រឿងអី ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះ បើស្គាល់ ហ៊ុន សែន មិនច្បាស់»។
កាលពីថ្ងៃទី ៣០ ខែមករា លោក ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលរបស់លោកនឹងមិនបិទជើងហោះហើរជាមួយប្រទេស ចិន ដោយសារតែខ្លាចឆ្លងវីរុសកូរ៉ូណានោះទេ ព្រោះការសម្រេចបិទជើងហោះហើរគឺជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងជាការដាក់ឱ្យកម្ពុជាស្ថិតក្នុងប្រទេសឯកោ។ លោកបញ្ជាក់ទៀតថា កម្ពុជាក៏មិនជម្លៀសនិស្សិត ឬមន្ត្រីទូតនៅតាមកន្លែងនានាក្នុងប្រទេសចិននោះដែរ ដោយប្រាប់និស្សិត និងមន្ត្រីទាំងនោះឱ្យនៅបន្តរួមសុខរួមទុក្ខជាមួយប្រជាជនចិន ដើម្បីរួមគ្នាដោះស្រាយជំងឺឆ្លងដោយវីរុសកូរ៉ូណា។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបែបនេះបានធ្វើឱ្យមានការរិះគន់មួយចំនួននៅតាមបណ្ដាញទំនាក់ទំនងសង្គម រួមទាំងការរិះគន់តាមបែបលក្ខណៈផ្ចាញ់ផ្ចាល់ដោយជំរុញឱ្យលោក គួរធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលជាចំណុចឆ្លងជំងឺដោយវីរុសកូរ៉ូណាដ៏ខ្លាំងបំផុត។
ទោះជាយ៉ាងណាការប្រកាសរបស់លោក ហ៊ុន សែន ដោយមិនប្រកាន់យកឥរិយាបថដូចក្រុមប្រទេសមួយចំនួនក្នុងការទៅយកពលរដ្ឋរបស់ពួកគេចេញពីចិន និងការបិទជើងហោះហើរពីចិននេះត្រូវបានលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាសាទរយ៉ាងខ្លាំង។
កាលពីថ្ងៃទី ២ ខែកុម្ភៈ លោក Wang Wentian បានប្រាប់ក្រុមអ្នកសារព័ត៌មានមួយចំនួនថា កម្ពុជាគឺជាមិត្តភក្ដិ និងជាប្រទេសរួមសុខរួមទុក្ខពិតប្រាកដរបស់ចិន ហើយការរួមដៃគ្នារបស់ប្រទេសទាំង ២ នឹងយកឈ្នះលើការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មីនេះ។ លោកថា៖ «មានតែវាយោបក់បោកខ្លាំង ទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅមានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានថ្លែងមតិតាមរយៈទូរទស្សន៍ទូទាំងប្រទេសថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចាប់ដៃគ្នាប្រយុទ្ធនឹងជំងឺឆ្លងវីរុសប្រភេទថ្មីនេះ និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា។ នេះបានបង្ហាញពីប្រទេសកម្ពុជាជាមិត្តដែកថែបនៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែលដកដង្ហើមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិតប្រាកដ»។
តាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃម្សិលមិញថា វីរុសកូរ៉ូណាថ្មីដែលបានផ្ទុះនៅទីក្រុងវូហានប្រទេសចិនកាលពីខែធ្នូគឺបានបន្តធ្វើឱ្យពលរដ្ឋចិនស្លាប់កើនឡើងដល់ ៣៦២ នាក់ ដោយក្នុងនោះ ៣៦១ នាក់ស្លាប់ក្នុងប្រទេស ចិន និងម្នាក់ស្ថិតនៅក្នុងប្រទេសហ្វីលីពីន ខណៈអ្នកឆ្លងបានកើនដល់ជាង ១៧ ៣០០ នាក់ នៅទូទាំងប្រទេស។ វីរុសនេះក៏ត្រូវគេរកឃើញនៅក្នុងប្រទេស និងដែនដីជាង ២៥ ផ្សេងទៀត ខណៈមនុស្សជិត ៦០ លាននាក់បន្តជាប់នៅក្នុងទីក្រុងមួយចំនួនរបស់ចិន។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងសង្គមបានលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន សែន មិនបិទជើងហោះហើរមកពីចិនគឺជារឿងត្រឹមត្រូវមួយ ដើម្បីរឹតចំណងទាក់ទងពាណិជ្ជកម្ម ការទូត និងនយោបាយជាមួយប្រទេសចិន។ លោកបន្តថា ចំពោះប្រទេសខ្លះដែលបិទជើងហោះហើរជាមួយចិនក៏ជារឿងត្រឹមត្រូវមួយដែរដោយសារប្រទេសទាំងនោះភ័យខ្លាចចំពោះប្រទេសចិនដែលមិនអាចទប់ស្កាត់វីរុសកូរ៉ូណាកុំឱ្យរាលដាលពីទីក្រុងវូហានទៅកាន់កន្លែងផ្សេងៗទៀត។
ប៉ុន្តែលោកបន្តថា លោក ហ៊ុន សែន នឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋមួយចំនួន នៅពេលកម្ពុជាមិនមានមធ្យោបាយណាមួយដើម្បីជួយប្រជាពលរដ្ឋចេញពីទីក្រុងវូហានដូចប្រទេសផ្សេងទៀត ហើយបែរជាទុកឱ្យប្រជាពលរដ្ឋទាំងនោះឱ្យអាជ្ញាធរចិនមើលថែទាំទាំងស្រុងទៅវិញ។
លោកថា៖ «ខ្ញុំគិតថា ការទុកពលរដ្ឋនៅនោះ (ទីក្រុងវូហាន) គឺជាការដាក់បន្ទុកឱ្យចិនវិញទេ ព្រោះពលរដ្ឋយើងនៅវូហានមិនមែនជាអ្នកបច្ចេកទេសអាចជួយជនជាតិចិនទេ ហើយបើមានមធ្យោបាយណាមួយជម្លៀសពលរដ្ឋយកចេញ អាហ្នឹងជាការប្រសើរដើម្បីកាត់បន្ថយហានិភ័យឆ្លង។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ខ្ញុំអត់គាំទ្រទេព្រោះពលរដ្ឋយើងនៅទីនោះ អត់មានមធ្យោបាយការពារទេ គឺការពារខ្លួនឯងតាមរយៈការពាក់ម៉ាស់អីហ្នឹង»។
តួលេខពីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា និស្សិតខ្មែរទៅរៀននៅទីក្រុងវូហានប្រទេសចិនគឺមានចំនួន ៨៩ នាក់ ប៉ុន្តែនៅសល់តែនិស្សិតចំនួន ២៣ នាក់ប៉ុណ្ណោះបន្តជាប់នៅក្នុងទីក្រុងវូហាន ខណៈចំនួន ៦៦ នាក់ផ្សេងទៀត បានធ្វើដំណើរមកកម្ពុជាអំឡុងពេលវិស្សមកាល គឺតាំងពីមិនទាន់មានការផ្ទុះវីរុសកូរ៉ូណា។ កម្ពុជាបានប្រកាសអំពីការរកឃើញវីរុសកូរ៉ូណាដំបូងនៅលើជនជាតិចិនម្នាក់មកពីទីក្រុងវូហាន។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានសរសេរនៅលើហ្វេសប៊ុកពីម្សិលមិញថា បុរសជនជាតិចិននេះកំពុងបន្តស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យថ្វីដ្បិតស្ថានភាពសុខភាពរបស់គាត់មានលក្ខណៈល្អប្រសើរហើយក្ដី៕
វីដេអូ៖