ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងប្រកាន់ខ្ជាប់នូវឆន្ទៈរក្សាសន្តិភាព និងស្ថិរភាពឲ្យខាងតែបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងសារលិខិតរបស់លោកចេញផ្សាយកាលពីថ្ងៃសៅរ៍សម្រាប់ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញាដែលទិវានេះត្រូវបានអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ ២០០១។ ទិវាសន្តិភាពអន្តរជាតិបង្កើតឡើងដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម និងជំរុញឲ្យមានសុខសន្តិភាពក្នុងប្រទេសនានានៅលើពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថានាពេលកន្លងមកក៏ដូចជានៅពេលបច្ចុប្បន្ននេះ សភាពការណ៍ជុំវិញពិភពលោកមានការវិវត្តដ៏ស្មុគស្មាញមិនអាចប៉ាន់ប្រមាណបាន ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាចក្នុងការការពារផលប្រយោជន៍នយោបាយសេដ្ឋកិច្ច និងយោធា។ បញ្ហាទាំងនេះកំពុងគំរាមកំហែងដល់សន្តិភាពដែលនៅមានភាពស្រួចស្រាល់។
លោកបានថ្លែងថា៖ «ទន្ទឹមនេះ សន្តិភាពរបស់កម្ពុជាក៏ស្ថិតនៅក្នុងលក្ខណៈផុយស្រួយដោយសារតែមានការគំរាមកំហែង និងការបន្តយាយី និងអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងឥតឈប់ពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពីបណ្ដាប្រទេសមហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន»។
លោកបន្តថា៖ «ទោះបីកម្ពុជាស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងដាក់ទណ្ឌកម្មក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ រួបរួមសាមគ្គី ឯកភាពជាតិ ការពារសមិទ្ធផលសង្គមជាតិ កសាង និងរក្សាការពារឯករាជ្យ សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម និងប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងស្ថិរភាពឲ្យខាងតែបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។
លោក ហ៊ុន សែន ថ្លែងថាសន្តិភាព ស្ថិរភាព និងសុខុមាលភាពប្រជាជនគឺជាអាទិភាពខ្ពស់បំផុតនៃយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីកម្ពុជាបានផ្ដួលរំលំរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ហើយបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ដោយគោលនយោបាយឈ្នះ-ឈ្នះ។
លោកថ្លែងថាកម្ពុជាបានគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយការបោះឆ្នោតកាលពីកន្លងទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌បង្ហាញពីភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបង្ហាញពីភាពជាម្ចាស់អំណាចពិតប្រាកដរបស់ប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅក្នុងក្របខ័ណ្ឌច្បាប់ និងសមស្របតាមប្រពៃណី ទំនៀមទម្លាប់ អរិយធម៌របស់ប្រទេសជាតិជាមូលដ្ឋានគ្រឹះសំខាន់រួមចំណែកដល់ការការពារនិរន្តរភាពសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យប្រទេសជាតិប្រកបដោយបរិយាប័ន្ន ដែលជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជនកម្ពុជា»។
ដោយសារសន្តិភាពនេះហើយដែលធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយក្នុងរយៈពេលជាង ២ ទសវត្សរ៍ ហើយបានប្រែក្លាយខ្លួនពី ប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៦ ហើយភាពក្រីក្របានធ្លាក់ចុះពីជាង ៥៣ ភាគរយនៅឆ្នាំ ២០០៤ មកនៅរង្វង់ ១០ ភាគរយនាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន។
លោកថ្លែងថាកម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោកក្រោមឆត្រ អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៦៣៥១ ទៅប្រទេសចំនួន ៨ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី និងម៉ាលី។
លោកបានអំពាវនាវឲ្យជនរួមជាតិបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយសន្តិភាពជាតិ និងអន្តរជាតិ «ដោយបន្តថែរក្សា និងការពារសន្តិភាពដែលមានស្រាប់ ពង្រឹងឯកភាពជាតិ អនុវត្តវប្បធម៌សន្ទនា គោរពច្បាប់ ដោះស្រាយបញ្ហាដោយសន្តិភាព និងទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាពដែលមានគោលបំណងធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ និងអស្ថិរភាព»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បញ្ហាជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើងទំនងសំដៅដល់បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ការលើកឡើងរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងការវិលត្រឡប់មកវិញនៃថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលបានយកទឹកដីបរទេសធ្វើការឃោសនា។
ការប្រកួតប្រជែងនៃមហាអំណាច ចិន និងអាមេរិកក៏ធ្វើឲ្យកម្ពុជាក្លាយជាអ្នករងគ្រោះដែរ ដោយសារតែកម្ពុជាស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ ហើយកម្ពុជាងាកទៅរកចិន ខណៈប្រទេសអាស៊ានមួយចំនួនដូចជាវៀតណាមជាដើមងាកទៅរកអាមេរិក។
ការដែលកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិននេះហើយ ដែលធ្វើឲ្យមានការយល់ច្រឡំក្នុងភូមិសាស្ត្រនយោបាយគឺ ទី១ ការសង្ស័យថាកម្ពុជាផ្ដល់តំបន់ឆ្នេរទឹកជ្រៅឲ្យចិនបង្កើតផែកងទ័ពជើងទឹក។ លំហូរជនជាតិចិន និងអ្នកវិនិយោគចិនមកកម្ពុជាក៏ធ្វើឲ្យបស្ចិមប្រទេសមិនសប្បាយចិត្តផងដែរ។
ដើម្បីថែរក្សាសន្តិភាពដែលបាន និងកើតមានហើយនោះ៖ «កម្ពុជាត្រូវយកច្បាប់រដ្ឋធម្មនុញ្ញជាគោល ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ជាផែនទីចង្អុលផ្លូវរបស់ប្រទេស។ ទី២ យើងត្រូវរក្សាឲ្យបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ តែកម្ពុជាធ្វើបានល្អហើយគឺយើងរក្សាបានកំណើនសេដ្ឋកិច្ច ៧ ភាគរយ។ ទី៣ អ្វីដែលយើងត្រូវរក្សាគឺឯកភាពផ្ទៃក្នុងរបស់ប្រទេស ដោយសារតែមានអ្នកបំភ្លៃបំប៉ោងបង្កើតបញ្ហាច្រើនពីខាងក្រៅដែលធ្វើឲ្យមានកង្វល់ថា អាចនឹងមានបញ្ហាអ្វីមួយដែលធ្វើឲ្យសេដ្ឋកិច្ចមិនសូវដើរ គឺមនុស្សមិនសូវចាយលុយ»៕
វីដេអូ៖