ភ្នំពេញៈ យ៉ាង​ហោច​ណាស់​រថយន្ត​សណ្ដោង​ខ្នាត​យក្ស​​ចំនួន​ជិត ​៥០០ ​គ្រឿង​ត្រូវ​បាន​ដោះ​ទ្រុង​សណ្ដោង​​ និង​កាត់​កែច្នៃ​ឲ្យ​ទៅ​រក​សភាព​ដើម​វិញ​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​គ្រាន់តែ ២ ថ្ងៃ​ក្រោយ​ពី លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមាន​ដក​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​ឲ្យ​រថយន្ត​ប្រភេទ​នេះ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​​ដល់​មនុស្ស​ និង​ខូចខាត​ផ្លូវ​។ មួយ​ថ្ងៃ​ក្រោយពី​ការ​ព្រមាន លោក ហ៊ុន សែន បាន​ផ្ញើ​សាជាថ្មី​ទៀត​នៅ​លើ​ទំព័រ

Facebook ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​៖ «​ចំពោះ​រថយន្ត​តទ្រុង និង​កាត់​ត​កែច្នៃ​ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា​គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់​។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ខណ្ឌ ទាំង​ចៅហ្វាយ​ស្រុក គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​។ បើ​មិន​ចាត់​វិធានការ​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង​»​។

ក្នុង​ពិធី​សម្ពោធ​ស្ពាន​នៅ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ផង​ដែរ​ថា​៖ «​ខ្ញុំ​នឹង​តាម​មើល ហើយ​អស់​លោក​កុំ​ភ្លេច​ថា ដឹង​ដៃ ហ៊ុន សែន ហើយ​ដក​ចៅហ្វាយ​ខេត្ត​ត្រឹម​តែ ២៤ ​ម៉ោង ហើយ​បើ​ចង់​ដក​ចៅហ្វាយ​ស្រុក​ត្រឹម​តែ​​ ១៥ ​នាទី ហើយ​នរណា​ហ៊ាន​លែង​គឺ​ខ្ញុំ​នឹង​រក​រឿង​អ្នក​ហ្នឹង​ហើយ​។ បទបញ្ជា​នេះ​មិន​ត្រូវ​បាន​លើកលែង ពី​មុន​ធ្លាប់​ដាក់​ម្តង​ហើយ​ប៉ុន្តែ​វា​រើ​ឡើង​វិញ​»​។

លោក​បន្ត​ថា​៖ «​ហើយ​ចាំ​ឲ្យ​គេ​លើក​គ្នា​មក​តវ៉ា​ដល់​ផ្ទះ​ ហ៊ុន សែន ហើយ​នៅ​ពេល​ដល់​ផ្ទះ​ចាប់​ពួកគេ​បញ្ចូល​ព្រៃស​ឥត​មាន​ឲ្យ​រញ៉េរញ៉ៃ​ពីព្រោះ​បំផ្លាញ​ជីវិត​មនុស្ស​ផ្លូវ​ថ្នល់​ដែល​យើង​រក​លុយ​ទាំង​លំបាក ទាំង​លុយ​ខ្លួនឯង​ផង និង​ទៅ​ខ្ចី​គេ​ផង​យក​មក​ធ្វើ​ផ្លូវ​ហេតុអ្វី​បាន​មក​បំផ្លាញ​ដើម្បី​ចំណេញ​ក្រុមហ៊ុន​មួយ និង​ចំណេញ​ឡាន​មួយ ហើយ​ខ្លួន​បំផ្លាញ​បែប​នេះ​»​។

យោង​តាម​សារ​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​មាន​រថយន្ត​កែច្នៃ​ដាក់​ទ្រុងសណ្តោង​ធំៗ​ខុស​បច្ចេកទេស ៨១ ​គ្រឿង​ហើយ​ដែល​បាន​កាត់​ទ្រុង​ចេញ​ និង​រថយន្ត ៧៦ ​គ្រឿង​ទៀត​ត្រូវ​បាន​ដោះ​ទ្រុង​សណ្តោង​ចេញ ហើយ​ ៣១០ ​គ្រឿង​ទៀត កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។

ក្រសួង​សាធារណការ​ធ្លាប់​លើក​ឡើង​ថា​ ​កម្ពុជា​ត្រូវ​បង់ខាត​លុយ​ជាង​ ២០០ ​លាន​ដុល្លារ​រាល់​ឆ្នាំ ចំណាយ​លើ​ការ​ជួសជុល​ផ្លូវ​។​

លោក ហ៊ុន សែន បាន​អះអាង​ថា​ក្រោយ​ម៉ោង​ ១២ ​យប់​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ រថយន្ត​តទ្រុង​ និង​សណ្ដោង​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ដើម​នៃ​ការផលិត​មិន​ត្រូវ​មាន​​វត្តមាន​នៅ​លើ​ផ្លូវ​ទេ​។

លោក គង់ សុវណ្ណ ប្រឹក្សា​ផ្នែក​ការងារ​សុវត្ថិភាព​ចរាចរណ៍​ក្នុង​គម្រោង​ថ្លែង​ថា​ការ​បង្ក្រាប​នេះ​ត្រូវ​តែ​មាន​និរន្តរភាព​ គឺ​មិនមែន​គ្រាន់​តែ​ធ្វើ​ឡើង​នៅ​ពេល​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ប្រកាស​នោះ​ទេ​។

លោក​ថា​៖ «​វា​ជា​ចំណុច​ល្អ​ ប៉ុន្តែ​យើង​ចង់​ឲ្យ​វា​មាន​និរន្តរភាព​មិនមែន​មាន​តែ​នៅពេល​ដែល​នាយក​រដ្ឋមន្ត្រី​ព្រមាន​នោះ​ ឬ​គ្រាន់​តែ​ធ្វើការ​បង្ក្រាប​មួយ​ ឬ ​២ ​សប្តាហ៍​នោះ​»​។

លោក​ថ្លែង​បន្ត​ថា រថយន្ត​ដឹក​ទំនិញ​ទាំងអស់​នោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ ហើយ​វា​ក៏​បំផ្លាញ​ផ្លូវ​ថ្នល់​ផង​ដែរ​ ដូច្នេះ​ហើយ​ត្រូវ​បង្កើត​យន្តការ​ប្រកប​ដោយ​និរន្តរភាព​ដើម្បី​ដាក់​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ពិតប្រាកដ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​។

លោក​បាន​ថ្លែង​ថា​ការ​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ការ​អប់រំ​ត្រូវតែ​មក​ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​។ ត្រូវតែ​ធ្វើការ​អប់រំ​ដល់​ក្រុមហ៊ុន​រថយន្ត​ទាំងនោះ​ហើយ​ត្រូវធ្វើ​ការ​ពិនិត្យ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឲ្យ​បាន​ជាប់លាប់​ធ្វើ​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រត់គេច​ ហើយ​ក៏​ត្រូវ​បង្រៀន​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឲ្យ​គេ​យល់​ដឹង​អំពី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​៕