ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងសុខាភិបាលនិងក្រសួងយុត្តិធម៌រួមនឹងក្រុមប្រឹក្សាអ្នកច្បាប់ឲ្យធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ខណៈក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីចំនួន ៣ នាក់។
លោក ហ៊ុន សែន បានផ្ញើសារជាសំឡេងនៅថ្ងៃម្សិលមិញទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត និងប្រជាពលរដ្ឋទាំងអស់ទាក់ទងនឹងការពង្រឹងវិធានការទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងដោយលោកបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ពិសេសការរឹតបន្តឹងលើវិធានការសុខាភិបាល សម្រាប់អ្នកដែលល្មើសនឹង ការធ្វើចត្តាឡីស័ក។
ការបញ្ជាដ៏ម៉ឺងម៉ាត់នេះត្រូវបានលោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានពលករខ្មែរមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃបានព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍។
លោកបានថ្លែងថា៖ «ខ្ញុំសុំស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីមូលដ្ឋានអនុវត្តនូវមាត្រា ៨ នៃអនុក្រឹត្យនេះទាក់ទងនឹងការផាកពិន័យអន្តរការណ៍ សម្រាប់អ្នកដែលគេចវេះពីការធ្វើចត្តាឡីស័កនេះឱ្យខាងតែបាន។ ពិន័យនេះជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងទាក់ទងនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងតែងតែមានការអត់ឱន»។
លោកនាយករដ្ឋមន្ត្រីក៏បានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ពិភាក្សាគ្នាធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា ៨ ក្នុងជំពូកទី ៥ ស្តីពីទណ្ឌកម្មឡើងវិញ ដោយបង្កើនចំនួនការពិន័យឱ្យមានការកើនឡើង ព្រោះថាពិន័យតិចតួចយ៉ាងនេះអាចធ្វើឱ្យអ្នកដែលមានប្រាក់ចំណូលច្រើនគួរសមនោះមិនខ្លាចជាមួយនឹងការបង់ប្រាក់នោះទេ។
យោងតាមមាត្រា ៥ នៃអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូលដែលត្រូវបានធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៥ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ ម៉ឺនរៀលដល់ ១ លានរៀលទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
មាត្រាដដែលនេះបន្តថា ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការចត្តាឡីស័កត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ដូចនេះក្រសួងសុខាភិបាលត្រូវធ្វើការជាមួយនឹងក្រសួងយុត្តិធម៌ដើម្បីធ្វើវិសោធនកម្មបង្កើននូវចំនួនប្រាក់ផាកពិន័យនេះឱ្យបានខ្ពស់ជាងមុន និងពិនិត្យមើលវិធានការផ្សេងទៀតក្នុងអនុក្រឹត្យចាស់ ឬមួយបង្កើតអនុក្រឹត្យថ្មីមួយទៀតតែម្តង»។ ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមន្ត្រីការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអមស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ធ្វើការអប់រំពលករ-ពលការិនី ដែលវិលត្រឡប់មកក្នុងប្រទេសឱ្យពួកគេទទួលបាននូវការយល់ដឹងអំពីការអនុវត្តផ្ទៃក្នុងប្រទេសទាក់ទិនការផាកពិន័យ។
លោកថ្លែងថា៖ «យើងត្រូវតែធ្វើដើម្បីពង្រឹងអនុវត្តនូវវិធានការសម្រាប់ការពារសុខភាពរបស់ប្រជាជនរបស់យើង ហើយចំពោះអ្នកដែលទទួលនូវការពិន័យក៏យើងនៅតែបន្តការផ្គត់ផ្គង់ដដែលក្នុងនោះមានការផ្តល់នូវប្រាក់ចំនួន ២ ម៉ឺនរៀលក្នុង ១ ថ្ងៃសម្រាប់អាហារដោយបន្ថែមលើការផ្តល់នូវមី ទឹក និងសម្ភារមួយចំនួនទៀតផងដែរ។ ទាំងនេះគឺដោយសារតែការស្រឡាញ់ អាណិតរបស់យើងចំពោះពួកគាត់ ទោះបីជាពួកគាត់ជាប់ការពិន័យក៏ដោយ»។
ជាមួយគ្នានេះដែរ លោក អ៊ិត សំហេង នៅថ្ងៃម្សិលមិញក៏បានជូនដំណឹងស្តីពីការផាកពិន័យចំពោះពលករកម្ពុជាដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាល។
លោក សំហេង បានលើកឡើងថា ដើម្បីថែរក្សាសុវត្ថិភាពសុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារតម្រូវឱ្យពលករទាំងអស់មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយដែលអាចមានហានិភ័យខ្ពស់ចំពោះអាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ករណីត្រូវចូលមកប្រទេសកម្ពុជាត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនឹងត្រូវទទួលរងការផាកពិន័យចំនួន ១ លានរៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានក្រើនរំឭកទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ពីការអនុវត្តអនុក្រឹត្យលេខ ១២៩។ លោកបន្តថា កន្លងមកក្រសួងកត់សម្គាល់ឃើញថា ការអនុវត្តការធ្វើចត្តាឡីស័ករបស់ពលរដ្ឋខ្មែរ និងបរទេសបានលទ្ធផលល្អប្រសើរប៉ុន្តែមួយរយៈនេះក្រសួងសង្កេតឃើញមានការធ្វើចត្តាឡីស័កទាំងពលរដ្ឋខ្មែរ និងបរទេសមួយចំនួនមិនបានអនុវត្តត្រឹមត្រូវទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងឡើយ។
លោកបញ្ជាក់ថា៖ «ក្រសួងសូមធ្វើការក្រើនរំឭកដល់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ ១២៩ នេះ ហើយក្នុងករណីដែលអ្នកដំណើរឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទប្បញ្ញត្តិនេះមន្ត្រីចត្តាឡីស័កត្រូវសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបដិសេធការចេញ-ចូលព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី (new variant) លើអ្នកដំណើរជនជាតិបរទេសចំនួន ៣ នាក់ កាលពីល្ងាចម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ដោយមានការពង្រឹងប្រព័ន្ធរុករកស្រាវជ្រាវជាមួយនឹងការធ្វើវិភាគពីមន្ទីរពិសោធន៍នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរាយការណ៍ពីការវិភាគរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ UK variant 201/501Y.V1,VOC 2020-12/01 និង B.1.1.7) ក្នុងចំណោមអ្នកដំណើរដែលចូលមកកម្ពុជា។
អ្នកដំណើរទាំង ៣ នាក់នោះមាន បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរីមកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ។ អ្នកជំងឺ ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំស្នាក់នៅរាជធានីភ្នំពេញជាអ្នកដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ និងអ្នកជំងឺទី៣ ជាស្ត្រីជនជាតិចិន អាយុ ២៦ ឆ្នាំ ស្នាក់នៅសណ្ឋាគារសុខា ជាអ្នកដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជានៅថ្ងៃទី ៧ ខែកុម្ភៈ។
លោក ម៉ម ប៊ុនហេង សង្កត់ធ្ងន់ថា៖ «វីរុសកូវីដ ១៩ ជាពិសេសវីរុសបាននិងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើនប្រភេទកំពុងតែចរាចររាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូចនេះយើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរនៃជំងឺនេះដែលអាចកើតមានឡើងនៅក្នុងប្រទេសយើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើមិនបានការពារខ្លួនត្រឹមត្រូវនោះទេ»៕
វីដេអូ៖