ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់វិធានការ​ចំពោះ​ការផ្សាយ «Live» លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរខ្មាស ដែល​សកម្មភាព​ទាំងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​។ ក្ដីបារម្ភ​របស់​លោក​បាន​ថ្លែង​ទៅកាន់​មន្ត្រី​ជាច្រើន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​នៅ​វិមាន​សន្តិភាព​កាល​ព្រឹក​ថ្ងៃទី ១៧ ខែ​កុម្ភៈ​។

លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ឲ្យ​ដឹងថា លោក​បាន​បង្គាប់​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​លើ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន​ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេបសាយ​មួយចំនួន​។ បញ្ហា​នេះ​បាន​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះឡើយ​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អនឡាញ​មួយចំនួន​ដែល​បាន​ការ​ស្លៀកពាក់​សិចស៊ី​ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ (Live) លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជា​ការប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​ផងដែរ​។

លោកស្រី កុច មារតី អគ្គនាយិការង​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​ (​ទទក​) ​បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​យក​ទៅ​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​៖ «​ការ Live លក់​ផលិតផល​តាម​អនឡាញ បញ្ចេញ​អស់​កេរខ្មាស​ស្ត្រី​។ ក្រសួង​ប្រៃសណីយ៍​ត្រូវ​បិទ ព្រោះ​វា​នាំ​ទៅ​ដល់​ការចាប់រំលោភ បំពាន​ផ្លូវភេទ​លើ​ស្ត្រី​ក្នុង​សង្គម​បច្ចុប្បន្ន​»​។

ការថ្លែង​របស់​លោកនាយករដ្ឋមន្ត្រី​ស្រប​ពេល​បច្ចុប្បន្ន​ការលក់​ផលិតផល​តាម​អនឡាញ​លើ​បណ្តាញ​សង្គម Facebook ជាពិសេស​ផលិតផល​ថែរក្សា​សម្រស់ ឬ​កែសម្ផស្ស​ជាដើម​នោះ កំពុង​តែ​មាន​ប្រជាប្រិយភាព និង​សម្ទុះ​ខ្លាំង​ឡើង​អម​ជាមួយ​នឹង​អ្នកលក់​តាម​អនឡាញ​ទាំងនោះ បាន​ទាក់ទាញ​អ្នកទស្សនា​តាមរយៈ​ការបង្ហាញ​ភាព​សិចស៊ី​ខ្លាំង ដោយ​ការ​ស្លៀកពាក់​មិនសូវ​មាន​ការបិទបាំង​ជាដើម​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ថ្លែង​សាទរ​ចំពោះ​គោលការណ៍​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រសួង​​ប្រៃសណីយ៍​បិទ​ចំពោះ​ការ Live លក់​ផលិតផល​តាម​អនឡាញ​បញ្ចេញ​អស់​កេរ​ខ្មាស​ស្ត្រី​នេះ​។

លោក​ថ្លែងថា​៖ «​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​ករណី​យក​កេរខ្មាស​​ភាព​សិចស៊ី​ជ្រុលនិយម​មក​ធ្វើ​ជា​ដើមទុន​ទាក់ទាញ​លើ​អាជីវកម្ម​ដោយ​គ្មាន​ក្រមសីលធម៌ និង​កំពុង​បាន​ពង្រីក​ឥទ្ធិពល​ឲ្យ​មាន​បាតុភាព​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌​របស់​ខ្មែរ​ដែល​គួរ​មាន​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​»​។

លោក អ៊ឹម វុត្ថា សមាជិក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កិច្ចការ​ទប់ស្កាត់​រូបភាព និង​ការ​បង្ហោះ​សកម្មភាព​ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​គឺ​មាន​ក្រសួង​ចំនួន ៣ រួមសហការ និង​បែងចែក​ទៅតាម​ភារកិច្ច​រៀងៗ​ខ្លួន​។

លោក​បន្តថា ករណី​ដែល​មាន​ការបង្ហោះ​មាតិកា និង​វីដេអូ​មិន​សមរម្យ​នេះ​គឺ​ស្ថិតក្រោម​ក្រសួង​ព័ត៌មាន រួមទាំង​ក្រសួងមហាផ្ទៃ​ដែល​ក្រសួង​ប្រៃសណីយ៍ គ្រាន់តែ​ជា​ក្រសួង​មួយ​ដើរតួនាទី​សហការ​តែប៉ុណ្ណោះ​។ ចំពោះ​ករណី​ដែល​ចង់​ធ្វើការ​បិទ​គណនី​ហ្វេសប៊ុក​របស់​នរណាម្នាក់ គឺ​ត្រូវ​មាន​ការសហការ​ជាមួយ​នឹង​ក្រុមហ៊ុន ហ្វេសប៊ុក ព្រោះ​ហ្វេសប៊ុក​មិនមែន​ស្ថិត​នៅក្នុង​កម្ពុជា​នោះទេ ដែល​ក្រសួង​នឹង​ធ្វើការ​សហការ​គ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ផលិតផល លក់​ផលិតផល ធ្វើ​ឲ្យ​ប៉ះពាល់​នោះ គឺ​យើង​មាន​ច្បាប់​មួយ​ដែល​យើង​នឹង​ចាត់វិធានការ​របៀប​ម៉េច​? សម្តេច​តេជោ​លោក​មាន​ប្រសាសន៍​ព្រឹក​មិញ​នេះ យើង​មាន​វិធានការ​យ៉ាងណា​ទៀត​នោះ យើង​នឹង​បន្ត​ពិនិត្យមើល​ទៀត ហើយ​ចំពោះ​វិធានការ​របស់​ក្រសួង​ខ្ញុំ​គឺ​មាន​តែមួយ​ទេ សហការ​ហ្វេសប៊ុក​ក្នុង​ការបិទ ប៉ុន្តែ​ហ្វេសប៊ុក ស្ថិត​លើ​ការគ្រប់គ្រង​នៅ​ប្រទេស​គេ ដូច្នេះ​យើង​នឹង​ស្នើសុំ​ទៅ​ខាង​ហ្នឹង​មើល​»​។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បានលើក​ឡើង​ជារួម​បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ថ្មី​នេះ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដាក់ចេញ​វិធានការ​ជាក់លាក់​រួមគ្នា​ណាមួយ​ក្នុង​ការទប់ស្កាត់​ការផ្សាយ «Live» លក់​ផលិតផល​តាម​ Facebook ដែល​បញ្ចេញ​អស់​កេរខ្មាស​នេះ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ការពិត​ក្រសួង​ព័ត៌មាន​កំពុងតែ​​រួមគ្នា​ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ផងដែរ ព្រោះតែ​កិច្ច​នេះ​ត្រូវការ​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ចូលរួម ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ថា តើ​គួរ​អនុវត្ត​ដោយ​របៀប​ណា​?»៕

វីដេអូ៖