ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ខែសីហានេះ បានបញ្ជាឲ្យអាជ្ញាធរក្រុងភ្នំពេញបន្ថែមនិងពង្រីកសេវារថយន្តក្រុងដើម្បីបង្កការងាយស្រួលដល់ពលរដ្ឋនិងជាការឆ្លើយតបនឹងក្រុមហ៊ុនឯកជនដែលចេះតែដំឡើងថ្លៃជាពិសេសក្នុងពេលបុណ្យភ្ជុំបិណ្ឌនិងបុណ្យផ្សេងៗទៀត ខណៈមន្ត្រីសាលាក្រុងថា កំពុងពិភាក្សាដោះស្រាយពីបញ្ហានេះ។
ការថ្លែងដូចនេះ ខណៈលោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនីសរុប ១៤ ៧៩៩ នាក់មកពីរោងចក្រ សហគ្រាស៦ នៅថ្ងៃទី២៩សីហានេះ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីថ្លែងអំណរគុណពួកគេដែលបានបោះឆ្នោតជូនគណបក្សប្រជាជន។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖«ដឹងតែជោគជ័យប៉ុណ្ណេះហើយ ឡានក្រុងអត់បន្ធូរទេ យើងសុខចិត្តខាត ដាក់ឡានក្រុងឲ្យកាន់តែច្រើនថែមទៀត ដឹកឲ្យសប្បាយចិត្ត ខែភ្ជុំ ខែចូលឆ្នាំ ពង្រាយឡានក្រុងតាមផ្លូវជាតិដើម្បីកុំឲ្យពួកថៅកែឡានក្រុងពូកែដំឡើងថ្លៃស្រេចតែចិត្តពេកលេងឯងធុនហ្នឹងម្ដងទិញអាឡានប៊ើស (Bus) ហ្នឹងគឺទិញ ១០០ ឬ ២០០ ឡានទៀត យកមកទុក វាម៉េច ចាំមើល»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានឲ្យដឹងដែរថា អាជ្ញាធរកំពុងជួបពិភាក្សាគ្នាអំពីបញ្ហានេះ ហើយការបន្ថែមប៉ុន្មានគ្រឿងឬដំណើរការតាមផ្លូវណាខ្លះគឺសាលាក្រុងកំពុងចាត់ចែងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
លោកបន្តថា បច្ចុប្បន្នសាលាក្រុងមានរថយន្តក្រុងសរុប២៣៧គ្រឿងដោយបានរត់លើផ្លូវ៨ខ្សែនៅទូទាំងរាជធានីភ្នំពេញ ហើយកំពុងមានគម្រោងពង្រីកសេវាឲ្យបានកាន់តែច្រើនថែមទៀត។
លោកថា៖«យើងកំពុងតែគិតថា គួរដាក់សេវាទៅតាមផ្លូវការអាចមានផលចំណេញខ្ពស់ ហើយមានមនុស្សជិះច្រើន។ តាមសន្ទុះនៃការមើលឃើញរបស់យើងគឺវាទទួលបានជោគជ័យបណ្ដើរៗហើយបើយើងមើលតាមចំនួនជាក់ស្ដែង គឺមានចាប់ពី២ទៅ៣ម៉ឺននាក់ជិះឡានក្រុងក្នុងមួយថ្ងៃៗ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានសាទរចំពោះការបន្ថែមឬពង្រីកសេវាកម្មរថយន្តក្រុងនេះ ប៉ុន្ដែលោកថា អាជ្ញាធរត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ជាពិសេសទីតាំងកន្លែងរង់ចាំរថយន្តដែលបង្កភាពងាយស្រួលដល់ពលរដ្ឋដើររកឬអង្គុយចាំ។ម្យ៉ាងទៀតអាជ្ញាធរក៏ត្រូវជួយគិតគូរចំពោះពលរដ្ឋដែលមិនមានផ្ទះនៅជាប់ផ្លូវជាតិផងដែរ ព្រោះពលរដ្ឋភាគច្រើនរស់នៅឆ្ងាយពីផ្លូវជាតិទើបពួកគេមិនអាចសម្រេចចិត្តជិះរថយន្តក្រុងបាន។
លោកបញ្ជាក់ថា៖«ខ្ញុំចង់ឲ្យរដ្ឋាភិបាលអាចជួយសម្រួលចំពោះពលរដ្ឋដែលមានផ្ទះឆ្ងាយពីផ្លូវជាតិគឺមានន័យថាពួកគាត់នៅតាមជនបទឆ្ងាយ បើគាត់ជិះឡានក្រុងគឺទៅមិនដល់ផ្ទះគាត់ទេ ហើយអាចឲ្យគាត់ត្រូវចំណាយលុយជិះម៉ូតូឌុបបន្ដទៀត ហើយអ្នកខ្លះទៀតគិតថាខ្ជិលជិះណាស់ ពិបាកចំណាយលុយទៀតដដែលៗ អ៊ឺចឹងជិះឡានឈ្នួលតែម្ដងទៅដល់ផ្ទះ»។
កាលពីខែមេសាកន្លងមក ជប៉ុនសន្យាផ្ដល់រថយន្ត៨០គ្រឿងមកកម្ពុជា។ ការផ្ដល់រថយន្តទាំងនេះគឺជាជំហានទី១ប៉ុណ្ណោះ ខណៈជប៉ុនសន្យាគ្រោងផ្ដល់ជំនួយរថយន្ត ១៤០ គ្រឿងចាប់ពីឆ្នាំ ២០១៨ ដល់ ២០២០ ដែលគិតជាទឹកប្រាក់សរុប ៨ លានដុល្លារ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនក៏បានផ្ដល់រថយន្ត១០០គ្រឿងដល់សាលារាជធានីភ្នំពេញផងដែរកាលពីខែកក្កដា ឆ្នាំ២០១៧។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយតម្រូវឲ្យពលរដ្ឋម្នាក់បង់ប្រាក់ចំនួន ១ ៥០០ រៀល។ ចំណែកសិស្ស និស្សិត កម្មករ-កម្មការិនី និងព្រះសង្ឃ មិនតម្រូវឲ្យបង់ប្រាក់ឡើយ៕