ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានថ្លែងទៅកាន់អ្នកគាំទ្រជាច្រើនម៉ឺននាក់ដែលបានចូលរួមរំឭកខួបទី ៤០ នៃការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយអះអាងបដិសេធដាច់អហង្ការនូវសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានបរទេសនៅពីក្រោយខ្នងរបស់ពួកគេ ដែលនៅតែបន្តរកវិធីរាំងខ្ទប់កម្ពុជាតាមរយៈមធ្យោបាយបដិវត្តន៍ពណ៌។
លោក ហ៊ុន សែន បានអះអាងផងដែរថា រាជរដ្ឋាភិបាលបានបើកទូលាយនូវកិច្ចសន្ទនាដ៏ស្មោះសរជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់សំដៅប្រមែប្រមូលគំនិតបញ្ញា និងធនធានពីគ្រប់ប្រភពដោយគ្មានការបែងចែករើសអើងដើម្បីបង្កើនកម្លាំងសរុបនៅក្នុងកិច្ចកសាង និងអភិវឌ្ឍជាតិ។ ភាពកក់ក្ដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិកើតចេញពីទឹកចិត្តយោគយល់ និងការចេះអធ្យាស្រ័យអត់ឱនឲ្យគ្នាទៅវិញទៅមករវាងគ្រប់និន្នាការពីការចេះធ្វើការងារ និងការហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា និងពីការគោរពប្រតិបត្តិច្បាប់ទាំងអស់គ្នា។
លោក ហ៊ុន សែន ថ្លែងថា៖ «...ប៉ុន្ដែបដិសេធដាច់អហង្ការនូវសកម្មភាពរបស់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានបរទេសនៅពីក្រោយខ្នងរបស់ពួកគេនេះដែលនៅតែបន្តរកវិធីរាំងខ្ទប់ការអភិវឌ្ឍនៅកម្ពុជា និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋតាមរយៈមធ្យោបាយបដិវត្តន៍ពណ៌»។ «...មានប្រវត្តិសាស្ត្រមួយដែលយើងមិនអាចឲ្យកើតមានសាដានឡើងវិញបានទេ នោះគឺការបែកបាក់ជាតិមានប្រភពពីមហិច្ឆតារបស់អ្នកនយោបាយដែលយកប្រជាជនធ្វើជាឧបករណ៍ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួនដោយពុំគិតដល់ជោគវាសនារបស់ជាតិ»។
លោកថ្លែងបន្តទៀតថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ខ្ញុំដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្ញុំចំពោះប្រជាជាតិយើងទាំងមូល»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់មនុស្សប្រមាណជា ៦ ម៉ឺននាក់ដែលបានចូលរួមអង្គមីទី្ទងរំឭកខួបទី ៤០ នៃទិវាជ័យជម្នះ ៧ មករា ដើម្បីរំឭកការចងចាំមិនអាចបំភ្លេចបានចំពោះមហាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «រយៈពេល ៤០ ឆ្នាំកន្លងទៅនេះអ្វីៗបានផ្លាស់ប្ដូរស្មានមិនដល់។ កម្ពុជាដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ទៅហើយនោះបានប្រឹងងើបឈរឡើងវិញ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍ។ ថ្វីបើយើងបាននិងកំពុងរស់នៅយ៉ាងសុខសាន្ត និងមានមោទនភាពចំពោះសមិទ្ធផលលើគ្រប់វិស័យដែលយើងសម្រេចបានមកទល់ពេលនេះក្ដីក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាលដែលធ្វើឲ្យប្រជាជាតិយើងស្ទើរតែត្រូវបានវិនាសសូន្យ ដើម្បីយល់ជ្រួតជ្រាបឲ្យបានច្បាស់លាស់ត្រឹមត្រូវអំពីដំណាក់កាលជាប្រវត្តិសាស្ត្រដែលយើងបានឆ្លងកាត់ បណ្ដាមេរៀនដ៏មានតម្លៃរបស់ជាតិ និងទិសដៅភារកិច្ចសម្រាប់ការកសាង និងការពារប្រទេសតទៅមុខទៀត»។
លោក លៀង សំណាង អាយុ ៥៧ ឆ្នាំដែលបានចូលរួមក្នុងអង្គមីទ្ទីងកាលពីម្សិលមិញបានថ្លែងឲ្យដឹងថា របបប្រល័យពូជសាសន៍នោះត្រូវបានគេហៅថាជាអង្គការភ្នែកម្នាស់ដែលចាំឃ្លាំមើល និងចាប់កំហុសរបស់ប្រជាជនចាប់យកទៅសម្លាប់ មិនថាចាស់ឬក្មេងទេមុននឹងសម្លាប់ពួកគេបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងមានការចាប់រំលោភផ្លួវភេទ។
លោក សំណាង បានថ្លែងថា៖ «យើងចងចាំមិនភ្លេចទេពីព្រោះតែបងប្អូន និងឪពុកម្ដាយរបស់យើងត្រូវបានគេយកទៅសម្លាប់ចោលរបបនេះបានធ្វើទុក្ខបុកម្នេញ និងទារុណកម្មទៅលើប្រជាជនខ្មែរដែលធ្វើឲ្យប្រជាជនខ្មែរយើងមិនអាចបំភ្លេចបានពេលខ្លះគ្រាន់តែយើងលួចមកជួបឪពុកម្តាយ ឬសាច់ញាតិ ឬយើងលួចយកអ្វីហូបបន្តិចបន្តួចគេយកយើងទៅសម្លាប់ចោលដែរ។ នៅពេលមានកងទ័ពវៀតណាមចូលមក គេបានជួយរំដោះយើងបើគ្មានពួកគេទេយើងអាចនឹងដាច់ពូជ វាសម្លាប់ទាំងក្មេងទាំងចាស់ពិសេសពេលដែលវៀតណាមចូលមករំដោះ»។
លោក ហេង សុខ អាយុ ៥៦ ឆ្នាំបានថ្លែងថាក្នុងរបបប៉ុល ពត ប្រជាជនរស់នៅអន់ជាងសត្វឆ្ងាយណាស់មនុស្សគ្រប់រូបត្រូវទទួលទារុណកម្មដោយបង្អត់ចំណីអាហារ។
លោក សុខ ថ្លែងថា៖ «យើងគិតថាបើគ្មានកងទ័ពរំដោះនោះទេ យើងទាំងអស់គ្នានឹងស្លាប់ទាំងអស់។ ប៉ុន្តែយើងមានសំណាង និងវាសនាល្អដែលបានកងទ័ពវៀតណាម និងខ្មែរបានរំដោះ»។
ទោះយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានរំឭកឲ្យដឹងផងដែរថា គ្រោះមហន្តរាយរបស់ប្រជាជាតិនេះបានចាប់ផ្ដើមពីរដ្ឋប្រហាររបស់ពួក លន់ នល់ រំលំរបបសង្គមរាស្ត្រនិយមនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដោយមានបរទេសបញ្ជាពីក្រោយ បង្កើតសង្គ្រាមពេញទំហឹង (១៩៧០-១៩៧៥) សម្លាប់ប្រជាជនជិត ១ លាននាក់ និងបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែរត្រូវបានផ្ដួលរំលំ ប៉ុន្តែត្រូវបានបញ្ចប់មួយប៉ប្រិចភ្នែក ហើយបានបន្តធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដូចជាប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្រោយការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ កម្ពុជាបានក្លាយជាទឹកដីនៃសេរីភាពដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សតាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀងទាត់ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់។
លោក ហ៊ុន សែន ថ្លែងថា៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពក្នុងបរិយាកាសប្រកបដោយសន្តិភាព និងគ្មានអំពើហិង្សាដោយប្រជាពលរដ្ឋចំនួន ៨៣,០២% នៃបញ្ជីអ្នកបោះឆ្នោតបានទៅបោះឆ្នោត»។ «ក្នុងស្មារតីនេះខ្ញុំព្រះករុណាខ្ញុំសូមគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចំពោះមុខរដ្ឋសភាកាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅក្នុងការប្រឹងប្រែងសម្រេចឲ្យបាននូវការធានាធំៗទាំង ៤ យ៉ាង»។
លោក ហ៊ុន សែន បានប្រកាសផងដែរថាសម្រេចឲ្យបាននូវការធានាបន្ត ការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន។
លោក ឱក សេរីសោភក្តិ៍ អ្នកវិភាគនយោបាយ និងលោក សឹងសែន ករុណា អ្នកនាំពាក្យសមាគមន៍អាដហុក ភ្នំពេញ ប៉ុស្តិ៍មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕