ភ្នំពេញៈ ស្រប​ពេលដែល​លើក​ឡើង​ពីការ​ទទួល​បាន​ជ័យជម្នះ​លើ​ការ​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកា​ស​​បបួល​ស្បថ​ដាក់​ជីវិត​ជាមួយ​ជន​ណា​ដែល​នៅតែ​រិះគន់​​ថា​កម្ពុ​ជា​​ ស្ថិត​ក្រោម​ការ​ដឹកនាំ​​របស់​​លោក​កាន់​តែ​ក្រីក្រ​ទៅៗ។

ការ​បបួល​ស្បថ​ដាក់​ជីវិត​នេះ ខណៈ​លោក ហ៊ុន សែន លើក​ឡើង​​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​រីកចម្រើន​គ្រប់​វិស័យ ហើយ​ប្រជាជន​​មាន​អាហារ​បរិភោគ​យ៉ាង​សម្បូរគ្រប់​គ្រាន់​។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​​បែប​នេះ នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋា​ន​សាង​សង់​​មន្ទីរពេទ្យ មិត្តភា​ព​ កម្ពុជា-ចិន ​ត្បូង​ឃ្មុំ នៅ​ថ្ងៃទី​ ១ ខែ​ មីនា ហើយ​​លោក​ក៏​បាន​ប្រកាស​​ជា​ថ្មី​ទៀត ពីការ​បន្ត​ដឹកនាំ​កម្ពុជា​យ៉ាង​តិច​ចំនួន ១០ ឆ្នាំ​ទៀត ​ដែល​អាច​រហូត​ទៅ​ដល់​អាណត្តិ​ក្រោយ ហើយ​ថា ការ​សម្រេច​ចិត្ត​​របស់​ប្រជា​ពល​រដ្ឋ​បន្ត​បោះឆ្នោត​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​លោក​ជា​អ្នក​ដឹក​នាំគឺជា​ការ​ជួយ​​រក្សា​សន្ដិភាព​ និង​អភិវឌ្ឍន៍។

លោក​ ហ៊ុន សែន ដែល​បាន​​ដឹក​នាំ​កម្ពុជា​អស់​រយៈ​ពេល ៣៤ ឆ្នាំមក​ហើយ បាន​​លើក​ឡើង​អំពី​ការ​រីក​ចម្រើ​ន​របស់​កម្ពុជា​ ក្រោយ​​​ថ្ងៃ​រំដោះ​នៅ​ឆ្នាំ ១៩៧៩ ថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ជាច្រើន​ ដូចជា​ ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន​ជាដើម ត្រូវ​បាន​សាងសង់​រីក​ដុះ​ដាល​យ៉ាង​ឆាប់​​រហ័ស​នៅ​គ្រប់​ទីកន្លែង ហើយពី​ប្រទេស​មួយ​ធ្លាប់​មាន​ប្រជាជន​ត្រឹម​ប្រហែល ៧ លាន​នាក់​ខ្វះ​អង្ករ​បរិភោគ តែ​បច្ចុប្បន្ន​ប្រជាជន​កើន​ដល់ ១៦ លាន​នាក់​ បែរ​ជា​កម្ពុជា ​នៅ​សល់​ស្រូវ​ប្រហែល ៦ លាន​​តោន​ទៅ​វិញ។

បើតាម​លោក ហ៊ុន សែន លើ​​ស​ពី​នេះ កាលពី​ឆ្នាំ ២០១​៨ ភ្ញៀវ​ទេសចរបរទេស​ចំនួន ៦ លាន ២ សែន​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន ​ចំនួន ២ លាន ២ សែន​នាក់បាន​មក​ទស្សនា​កម្ពុជា និង​អ្នក​វិនិយោគ​​ចិន ​បា​ន​ជួយ​ឱ្យ​កម្មករ​រោងចក្រ​កម្ពុ​ជា​កន្លះ​លាន​នាក់​មាន​ការងារ​ធ្វើ។

លោក ហ៊ុន សែន បញ្ជាក់ថា ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ក្រុម «អាសិរពិស​» ដែល​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​ និង​ជន​មួយ​ចំនួន​ដែល​កំពុងមាន​​សម្ភា​​រ​​ទំនើបៗ​ប្រើ​ប្រាស់ មក​រិះគន់​កម្ពុជា​ថា​ កាន់​តែ​ក្រីក្រ​ទៅៗ​ទៅ​វិញ។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា អ្នក​ណា​ដែល​នៅតែ​ចូលទៅ​បញ្ចេ​ញមតិ​រិះគន់​ក្នុង​ហ្វេសប៊ុក​របស់​លោ​ក​ថា កម្ពុជា​​ជា​ប្រទេស​​ក្រីក្រ នោះ​មានន័យ​ស្ម័គ្រចិត្ត​ចូលរួម​ស្បថ​ដាក់​ជីវិត​ឱ្យស្លាប់​ជាមួយ​លោក ប៉ុន្តែ​លោក​ថា អ្នក​ទាំងឡាយ​នោះ​ ប្រហែល​មិន​ហ៊ាន​ស្បថ​ឡើយ ព្រោះ​ពួកគេ​ខ្លាច​ស្លាប់។

លោក​​បញ្ជាក់​ថា៖ «តើ​អ្នក​ហ៊ាន​ស្បថ​ទេ​ថា​ ពេលនេះ​ក្រ​ជាង​ឆ្នាំ ៧៩ តើ​ហ៊ាន​ស្បថ​ឱ្យ​រន្ទះបាញ់​ទេ។ តើ​ហ៊ាន​ស្បថ​ឱ្យ​ងាប់​ទាំង​កូន​​ទាំង​ចៅ​ទាំង​ពូជ​ទាំង​អម្បូរ​ទេ។ ព្រោះ​វា មាន​អា​អ្នក​ដែល​ហ៊ាន​និយាយ​​ថា ដឹកនាំយូ​រៗ​ទៅកាន់​តែ​ក្រទៅៗ តើ​ហ៊ាន​ស្បថទេ សុំ​សួរ​ទៅ​ពួក​​ក្រុម​អាសិរពិស​ទាំងឡាយ តើ​ហ៊ាន​ស្បថ​ទេថា​ កម្ពុជា​ក្រ​ទៅ​ៗ​មាន​ន័យ​ថា ​ក្រ​ជាង​ឆ្នាំ ៧៩»។

លោក ហ៊ុន សែន បន្តថា៖ ​«បើ​អ្នកឯង​មិន​ហ៊ាន​ស្បថ​មាន​ន័យថា អ្នកឯង​ទទួល​ស្គាល់​ការ​ពិត ប៉ុន្តែ​បើ​អ្នកឯង​ហ៊ាន​ស្បថ​ច្បាស់​ជា​អាយុ​ខ្លី។ អា​​វា​ភ្នាល់​ចាញ់​​ឯង​ហើយ​វារ​ត់ តែ​ឥឡូវ​តែមាន​ស្អី​គឺ​បបួល​ស្បថ​តែ​ម្ដង តែ​អា​ពួក​ហ្នឹង​អត់​ហ៊ាន​ស្បថ​ទេ ខ្លាច​រន្ទះ​បាញ់​​ងាប់​សឹង​អី។ ម្នាក់ៗប្រើ​សុទ្ធតែ​ស្មា​តហ្វូន​ រួចហើយ​ចូលមក​ខមមិន ជា​មួយ​ឯង​ថា​ ដឹកនាំ​កាន់តែ​ក្រទៅៗ តើ​អា​អ្នក​កាន់​ស្មាត​ហ្វូ​ន​ហ្នុ៎ង​ វា​ហ៊ាន​ស្បថ​ទេ។ ថ្ងៃ​ក្រោយ​អ្នកណា​ចូលមក​ខមមិន​ថា ​ក្រទៅៗ គឺ​ចាត់​ទុក​ថា អ្នកឯង​ស្បថ​ជាមួយ​ខ្ញុំ»។

លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា ថ្វី​ដ្បិត​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ក្ដី ប៉ុន្តែ​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ក្រីក្រ​ជាងគេ​នៅក្នុង​តំបន់ ហើយ​ការ​លើក​ឡើង​ថា​ ជា​ប្រទេ​ស​ក្រីក្រ​នេះ គឺ​មិនមែន​ជា​ការ​ប្រៀបធៀប​ពី​កម្ពុជា​​បច្ចុប្ប​ន្ន​ ទៅ​អតីតកាល​នោះ​​ឡើយ តែ​ជាការ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។

ប៉ុន្តែ​ លោក មាស នី ក៏​បាន​ទទួល​ស្គាល់​​ដែរ​ថា ពលរ​ដ្ឋ​​កម្ពុជា ​ក៏មាន​ជីវភាព​ល្អប្រសើរ​ដែរ ប៉ុន្តែ​គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ​ក៏​ហាក់​កាន់​តែ​មាន​ទំហំ​ធំ​ឡើងៗ​ដែរ រីឯ​អំពើ​អយុ​​ត្តិធម៌​នៅក្នុង​សង្គមក៏​រដ្ឋា​​ភិបា​​​ល​ នៅ​ពុំទាន់​លុប​បំបា​ត់​ដោយ​ជោគជ័យ​នៅ​ឡើយ​ ហើយ​គេ​នៅ​តែ​ឃើញ​អ្នក​មាន​អំណាច​ និង​អ្នក​មាន​លុយ​កាក់​អាច​ជិះ​ជាន់​លើ​អ្នក​ស្លូត​ត្រង់​បាន​ជា​ដដែល។

ទោះ​យ៉ាងណា លោក មាស នី មិនមាន​អ្វី​លើក​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ស្បថ​ដាក់​ជីវិត​របស់​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​លោក​ថា ​ក្នុង​នាម​ជា​មេដឹកនាំ ​គួរតែ​ទទួល​យក​ការ​រិះគន់​មួយ​ចំនួន ហើយ​មិន​ត្រូវ​ចាត់​ទុក​អ្នក​រិះគន់​ទាំង​នោះ ជា​ជន​អគតិ​ឡើយ​ ព្រោះ​ជីវិត​ជា​សត្វ​លោក​មិន​ដែល​ធ្វើ​អ្វី​មួយ​ល្អ​ទាំង​អស់​នោះ​ទេ។

លោក​ថា៖ «សម្រាប់​ខ្ញុំ​មិន​មាន​ខមមិន​ទេ​ព្រោះ​ជា​ចរិត​រប​ស់​អ្នកដឹកនាំ ធម្មតា​ចរិត​មួយ​ជា​អ្នកដឹកនាំ​ និង​មួយទៀត​ជា​ចរិត​ផ្ទាល់​ខ្លួនពេលខ្លះ​យើង​ក៏​ឃើ​ញ​ចរិត​អ្នក​ដឹកនាំ​ផ្ទាល់​ខ្លួន​ ចេញ​អណ្ដែត​មក​ម្ដងម្កាល»។

សម្រាប់​លោក គិន ភា ប្រធា​ន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​​យ​ល់​​ឃើញ​ថាជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ខ្មែរ​ តែង​ជ្រើស​យក​វិធី​ស្បថ​មក​ប្រើ​នៅពេល​រឿង​អ្វីមួយ​ធ្លាក់​ដល់​ដំណាក់​កាល​មិន​អាច​និយាយ​ស្ដាប់​គ្នា​បាន។

ប៉ុន្តែ​លោក គិន ភា បាន​ថ្លែង​ថា ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិនគួរ​ចាំបា​ច់​ខ្វល់​រហូត​ដល់​​បបួល​អ្នក​រិះ​គន់​លោក​​ស្បថ​នោះ​ទេផ្ទុយ​ទៅ​វិញ​​គ្រាន់​​តែ​លើក​ឡើង​ពី​​អ្វី​ដែល​ជា​ការ​ពិត​បង្ហាញ​អំពី​ភាព​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​ទៅ​បាន​ហើយ។

លោក​ថា៖ «មិនចាំបាច់​ខ្វល់​ថា​ កម្ពុជា​ក្រ​អីហ្នឹង គ្រាន់តែ​យើង​បង្ហាញ​សូចនាករ​សេដ្ឋ​កិច្ច​ជា​ភ័ស្ដុតាង​វិញ​ជាជា​ង​បបួ​ល​​ពួក​ហ្នឹង​ទៅ​ស្បថ ព្រោះ​ស្បថ​ពួ​កគាត់​ក៏​មិន​ជឿ​ដែរ ព្រោះ​ពួកគាត់​​មាន​របៀប​វារៈ​នយោបាយ​មួយ​និយាយ​អំពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល»។

យ៉ាង​ណា​ក្តី​លោក គិន ភា ក៏​​មិន​យល់ស្រប​ចំពោះ​ការ​លើ​ក​ឡើង​ដែល​ថា​កម្ពុជា​ក្រីក្រ​ជា​ង​គេ​នៅ​ក្នុង​តំបន់​​នោះ​ឡើយ ដោ​យ​លោក​ថា ​កម្ពុ​ជាបាន​រក្សា​កំណើ​​ន​សេដ្ឋកិច្ច​ជាប់​គ្នា​អស់​រយៈ​ពេ​ល​ជាច្រើន​​ឆ្នាំ​មក​ហើយ ដូច្នោះ​អ្នក​លើកឡើង​បែបនេះ ដោយ​សារ​​ពួកគេ​មាន​និន្នាការ​ប្រឆាំ​ង​​​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ប៉ុណ្ណោះ៕