ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ៤ ខែ មីនា ឆ្នាំ​ ២០២១ បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ ហើយ​មនុស្ស​ទី​ ២ ​គឺជា​ភរិយា​របស់លោក គឺ​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន​។

ក្រៅពី​លោក​ ហ៊ុន សែន និង​ភរិយា​ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​នេះ​ផងដែរ​។

លោក​ ហ៊ុន សែន បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​លោក​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​ថា វ៉ាក់សាំង​របស់​មជ្ឈមណ្ឌល​កូវ៉ាក់​នេះ លោក​នឹង​ផ្តល់​តម្រង់​ទៅលើ​រាជធានី-ខេត្ត​​ ៣ ​សំខាន់​ដែល​កំពុង​ស្ថិត​នៅក្នុង​ហានិភ័យ​នៃ​ការឆ្លង​គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ​។

លោក​មានប្រសាសន៍​ថា​៖ «​ចំណុច​ទាំងនេះ​គឺជា​ចំណុច​ដែល​យើង​ត្រូវ​ផ្តល់​អាទិភាព​សម្រាប់​ការចាក់​ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​សុខាភិបាល​គឺ​ការចាក់​មិន​ត្រឹមតែ​សម្រាប់​មន្ត្រីរាជការ​ទេ ខ្ញុំ​សុំ​ស្នើឱ្យ​ក្រសួង​សុខាភិបាល​រៀបចំ​ចាក់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​ដែល​មាន​អាយុ​លើស​ ៦០ ​ឆ្នាំ​ឡើង គឺ​ចាក់​ក្នុង​ភាពបន្ទាន់​»​។

លោក​បន្តថា តាម​ការប៉ាន់ស្មាន​របស់លោក​គឺ​អាច​ចាក់​បាន​ចន្លោះ​ពី​ ១០ ​ម៉ឺន​ទៅ​ ១៣ ​ម៉ឺន​នាក់ ដែល​ស្មើនឹង ​២០ ​ម៉ឺន​ទៅ ២៦ ​ម៉ឺនដូស សម្រាប់​ការចាក់​ក្នុង​ទីក្រុង​ភ្នំពេញ និង​មួយចំនួន​ដែល​ព័ទ្ធជុំវិញ​ទីក្រុង​ភ្នំពេញ​​គឺ​ខេត្តកណ្តាល និង​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​យក​មនុស្ស​ដែលមាន​អាយុ​ពី​ ៦០ ​ឆ្នាំ​ឡើង​តែប៉ុណ្ណោះ​។

លោក​ថា​៖ «​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ធ្វើឱ្យ​វ៉ាក់សាំង​នេះ​បាន​ទៅដល់​ប្រជាជន​។ សម្រាប់​វ៉ាក់សាំង​ដែល​នៅសល់​ពី​ការចាក់​ប្រជាពលរដ្ឋ​ក្នុង​ទីតាំង​អាទិភាព ៣ ​នេះ យើង​ត្រូវ​ផ្តល់​អាទិភាព​ចាក់​ទៅដល់​មន្ត្រី​មួយចំនួន​បូករួម​ជាមួយ​នឹង​អ្នកការទូត មន្ត្រី​អង្គការ​សហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ ក៏​ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​នានា ដែល​កំពុង​នៅ​កម្ពុជា​ដែល​យើង​ផ្តល់​នូវ​វ៉ាក់សាំង AstraZeneca នេះ​ចាក់​ជូន​ពួកគាត់​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុម​អ្នកការទូត និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាលបរទេស​នៅ​កម្ពុជា​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន ដោយ​មិនចាំបាច់​កំណត់​អាយុ​នោះ​ឡើយ ដែល​លោក ហ៊ុន សែន សម្រេច​ផ្តល់​លទ្ធភាព​នេះ​ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ ផ្តល់​ការគួរសម​សម្រាប់​មន្ត្រី​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។ មិនតែប៉ុណ្ណោះ សម្រាប់​ជនបរទេស​ទាំងអស់​ដែល​កំពុង​ធ្វើការ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ក៏​លោក​សម្រេច​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ ដោយ​មិន​គិតថ្លៃ​ដែរ ទៅ​តាម​លំដាប់លំដោយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃ​ម្សិលមិញ​។ហុង មិនា

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវមាន​ការកំណត់​អាយុ​ក្នុង​ការចាក់​វ៉ាក់សាំង​គឺ​សម្រាប់​អ្នក​ដែល​មាន​អាយុ ៥៩ ​ឆ្នាំ​ចុះ​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​គឺ​ទទួលបាន​វ៉ាក់សាំង AstraZeneca​។

ទោះបី​ជា​កម្ពុជា​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ក៏​លោក​ ហ៊ុន សែន នៅតែ​បញ្ជាក់​ជាថ្មី​ថា វ៉ាក់សាំង​មិនមែន​ជា​ដំណោះស្រាយ​មាស​តែ​ ១ ​គត់​ទេ ប៉ុន្តែ​វ៉ាក់សាំង​គឺជា​មធ្យោបាយ​ដោះស្រាយ​ជា​យុទ្ធសាស្ត្រ​ដែលជា​គន្លឹះ​ទី​១ ​រួម​ជាមួយ​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​គឺ «៣ ​ការពារ និង​ ៣ ​កុំ​» ការរឹតបន្តឹង​ច្រកចេញចូល​តាម​ព្រំដែន ការធ្វើ​តេស្ត ការធ្វើ​ចត្តាឡីស័ក និង​ការព្យាបាល ដើម្បី​ឈាន​ទៅ​រក​ភាពជោគជ័យ​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​១៩​បាន​សរុប​ចំនួន​ ១២៥ ៦៦៨ ​នាក់​ក្នុង​នោះ​យោធា​ និង​នគរបាល​បាន​ចំនួន​ ៨៤ ៧៥៨ ​នាក់ និង​ស៊ីវិល​ដែល​ចាក់​ដោយ​ក្រសួង​សុខាភិបាល​មាន​ចំនួន​ ៤០ ៩១០​ នាក់​។

លោកស្រី លី អៃឡាន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង AstraZeneca កាលពី​យប់​ថ្ងៃទី​ ២ ខែ​មីនា​ថា អង្គការ​សុខភាព​ពិភពលោក​កំពុង​ធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង Gavi CEPI និង​យូនីសេហ្វ ដើម្បី​ធានា​ឱ្យ​មាន​ការទទួល​បាន​វ៉ាក់សាំង​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌​។

លោកស្រី​ថា​៖ «​យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​បំពេញ​ការងារ​ក្នុងស្ថានភាព​ដ៏ពិសេស​នេះ​បន្ថែម​លើ​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ វ៉ាក់សាំង​កូវីដ​១៩ គឺជា​ឧបករណ៍​ថ្មី​មួយទៀត​ដ៏សំខាន់​សម្រាប់​ការពារ​ប្រជាពលរដ្ឋ ការពារ​ប្រព័ន្ធ​សុខាភិបាល​មិន​រង​សម្ពាធ​ខ្លាំងពេក និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​»​។

ចំណែក​លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាង​ UNICEF នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ដែរ​ថា វ៉ាក់សាំង​ថ្មី​នេះ​នឹង​បង្កើត​ឱកាស​ដ៏សំខាន់​មួយ ដើម្បី​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ការឆ្លង​រាលដាល​ជា​សកល​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤ ០០០ ​ដូស ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​ ២ ខែ មីនា ឆ្នាំ​ ២០២១ ​ដែល​ជា​ចំនួន​ដូស​ដំបូង​ក្នុងចំណោម​វ៉ាក់សាំង​សរុប​ចំនួន​ ១,១ ​លាន​ដូស​ ដែល​យន្តការ COVAX នឹង​ផ្តល់ជូន​ប្រទេស​កម្ពុជា​ជា​ដំណាក់កាលៗ​នៅ​ត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ​ ២០២១ ​នេះ​៕