ភ្នំពេញៈ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានទំនាក់ទំនង «កាន់តែស្ថិតស្ថេរជ្រាលជ្រៅ» រវាងអាស៊ាន និងចិន និងបានចាត់ទុកចិនជា «ដៃគូយុទ្ធសាស្ត្រ» ខណៈនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអំពាវនាវឲ្យ «កែលម្អពាណិជ្ជកម្មសេរីឲ្យប្រសើរឡើង»។
ថ្លែងមុនកិច្ចប្រជុំកំពូលអាស៊ាន‑ចិនលើកទី ២១ ក្នុងទីក្រុងសិង្ហបុរីកាលពីថ្ងៃពុធ លោក ហ៊ុន សែន បានបញ្ជាក់ថាមេដឹកនាំអាស៊ានទាំងអស់ «ស្វាគមន៍កក់ក្តៅ» ចំពោះលោកនាយករដ្ឋមន្ត្រី Li Keqiang និងបានហៅចិនថាជា «ដៃគូយុទ្ធសាស្ត្រ» សម្រាប់អាស៊ាន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ។
លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខលោក Li និងមេដឹកនាំអាស៊ានដទៃៗទៀតថា៖ «កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នជូនប្រជាជាតិទាំងអស់»។
ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះលោកនាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានអំពាវនាវឲ្យអាស៊ានធ្វើការជាមួយគ្នាជាមួយចិនលើពាណិជ្ជកម្មសេរី និងការរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Channel News Asia។
លោក Li បានថ្លែងថា៖ «ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការងារជាមួយភាគីទាំងអស់ ដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចកែលម្អពាណិជ្ជកម្មសេរី និងធ្វើឲ្យសកលលោកមានសុខភាពប្រសើរជាងមុន»។
លោកបន្តថា៖ «យើងក៏មានឆន្ទៈផងដែរក្នុងការធ្វើការជាមួយអ្នកដទៃៗស្តីពីរបៀបដែលយើងអាចធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈស្មើភាពជាងមុន ដើម្បីឲ្យពាណិជ្ជកម្មសេរីទទួលបានភាពរឹងមាំខ្លាំងជាងមុន និងរីកចម្រើននៅកម្រិតខ្ពស់ជាងមុន។ យើងត្រូវការបញ្ជូនសាររឹងមាំមួយជាអន្តរជាតិ»។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន‑ចិនកាលពីម្សិលមិញលោក ហ៊ុន សែន ក៏បានចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន‑អូស្ត្រាលី និងកិច្ចប្រជុំកំពូលអាស៊ាន‑សាធារណរដ្ឋកូរ៉េលើកទី ២០ ផងដែរ។
នៅមុនពេលចាកចេញទៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់មេដឹកនាំដើម្បីពិភាក្សា «បញ្ហាប្រឈម និងស្វែងរកវិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត»។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Xinhua News កាលពីថ្ងៃអង្គារ។
លោក ស្រ៊ី ថាមរុង្គ បានថ្លែងថាមេដឹកនាំនៅកិច្ចប្រជុំកំពូលនឹងពិភាក្សាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបំពុលបរិស្ថានបទល្មើសតាមអនឡាញ និងការវាយប្រហារភេរវកម្ម។
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លី ស៊ានឡុង បានថ្លែងក្នុងអំឡុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីល្ងាចថ្ងៃអង្គារថា «ការគំរាមកំហែង» ឆ្លងដែន និងមិនឆ្លងដែនរួមទាំងភេរវកម្ម និងការប្រែប្រួលអាកាសធាតុអាចនឹងទំនងជាកើតឡើង។
លោក លី បន្តថា៖ «ភេរវកម្មមិនមែនត្រឹមតែជាបញ្ហាសន្តិសុខរូបវន្តនោះទេ ប៉ុន្តែក៏ជាការគំរាមកំហែងធ្ងន់ធ្ងរមួយដល់បណ្តាប្រទេសអាស៊ាននានាផងដែរ។ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យបណ្តាប្រទេសអាស៊ានងាយរងគ្រោះចំពោះកម្រិតទឹកសមុទ្រកើនឡើង ដោយសារឆ្នេរសមុទ្រវែង និងតំបន់ទំនាប»។
វាមិនច្បាស់ទេថា តើមេដឹកនាំអាស៊ាននឹងពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានដែរឬយ៉ាងណា។
ពីមុនកិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រសប្តាហ៍មុនសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) បានអំពាវនាវឲ្យមេដឹកនាំនៃរដ្ឋសមាជិកអាស៊ាន «ដាក់សម្ពាធ» លោក ហ៊ុន សែន លើបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ លោក Charles Santiago ប្រធានគណៈកម្មាធិការ APHR និងជាតំណាងរាស្ត្រម៉ាឡេស៊ីថ្លែងថា សិទ្ធិមនុស្សកំពុងស្ថិត «ក្រោមការគំរាមកំហែង» ទូទាំងអាស៊ីអាគ្នេយ៍ ហើយគោលការណ៍មិនជ្រៀតជ្រែកមានន័យថាប្លុកនេះ «មិនមានឆន្ទៈ និងមិនអាច» មានជំហរមួយប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនោះទេ។
លោក មាស នី អ្នកវិភាគនយោបាយបានថ្លែងថា៖ «បើគិតពីទិដ្ឋភាពនយោបាយ ខ្ញុំមិនរំពឹងថាមានអ្វីកើតឡើងទេ ដោយសារតែប្រទេសអាស៊ាន គេមានគោលការណ៍មួយគឺមិនធ្វើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ។ ដូច្នេះសម្រាប់ស្ថានការណ៍នយោបាយក្នុងប្រទេសខ្មែរ ខ្ញុំមិនគិតថា អាចមានសេចក្តីថ្លែងការណ៍អ្វីរិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជាទេ»៕ PS