ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​បន្ថែមទៀត​ថា មិន​មាន​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ទេ ព្រោះ​វា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​មិន​មាន​ភាព​ចាំបាច់​ឡើយ ដែល​នេះ​គឺជា​ការបញ្ជាក់​បន្ថែម​ទៀត បន្ទាប់ពី​មន្ត្រី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​បាន​ច្រាន​ចោល​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​។

កាលពី​សប្តាហ៍​មុន​កាសែត​ភាសា​អង់គ្លេស​មួយ​នៅ​ទីក្រុង​ហុងកុង​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​តាម​អនឡាញ​ដោយ​លើកឡើង​ថា ទំនង​ជា​មាន​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​នៅក្នុង​ខេត្ត​កោះកុង ឬ​តាម​ឆ្នេរ​នៃ​សមុទ្រ​កម្ពុជា​។

កាសែត​នេះ​បាន​អះអាង​ដោយ​យោង​លើ​ប្រភព​ការទូត​ថា មូលដ្ឋាន​នេះ​អាច​មាន​ទីតាំង​នៅ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន UDG ដែល​មាន​ទំហំ​រហូត​ដល់​ទៅ ៤៥ ០០០ ហិកតា​។ ក៏​ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ច្រានចោល​រួច​ហើយ​កាលពី​ចុង​សប្តាហ៍​។

ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​នៅក្នុង​កិច្ចប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា កង្វល់​រឿង​មូលដ្ឋាន​កងទ័ព​ជើងទឹក​ចិន​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence តាមរយៈ​លិខិត​មួយ​ដែល​បាន​សរសេរ​មក​លោក​។ លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ក៏​ដូចជា​មិត្ត​បរទេស​ទាំងអស់​ថា តើ​កម្ពុជា​មាន​ការ​ចាំបាច់​ដើម្បី​នឹង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឬ​ទេ​?»​។ លោក​ថ្លែង​រំឭក​អំពី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ចែង​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ទេ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​របស់​ខ្លួន​មាន​វត្តមាន​លើ​ទឹកដី​បរទេស​ដែរ ក្រៅពី​ការចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។

លោក​បាន​ថ្លែង​បន្ត​ថា៖ «​ហើយ​ខ្ញុំ​នឹង​ឆ្លើយតប​លិខិត​របស់​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​ហាមឃាត់​នូវ​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា​ជើងគោក ជើងទឹក ឬ​ជើង​អាកាស​នោះ​ទេ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ចោទ​សួរ​ថា​៖ «​តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ដើម្បី​អ្វី​ទៅ​? តើ​កម្ពុជា​ត្រូវការ​ច្បាំង​ជាមួយ​អ្នកណា​? កម្ពុជា​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព​របស់​ខ្លួន​រួច​ទៅ​ហើយ​។ មិន​មាន​ការ​ចាំបាច់ ដើម្បី​ដាក់​កងទ័ព​បរទេស​មក​ជំនួយ​ទេ​។ ប្រសិន​បើ​មាន​ការ​ត្រូវការ​ណា​មួយ​នោះ​ក៏​គ្មាន​ការចាំបាច់​ដើម្បី​នឹង​ត្រូវ​អន្តរាគមន៍​ដោយ​កងទ័ព​បរទេស​ទេ​»​។

លោក​ក៏​បាន​ចោទសួរ​ទៅ​លើ​ចេតនា​នៃ​ការផ្សាយ​ព័ត៌មាន​ខាង​លើ និង​បាន​សម្ដែង​ការសោកស្ដាយ​ដែល​ព័ត៌មាន​មិន​បាន​បង្ហោះ​ភាព​ច្បាស់លាស់​។ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា​នឹង​មិនមែន​ជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ​អាវុធ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បដិសេធ​ដាច់ខាត ការប្រកួត​ប្រជែង​ខាង​មនោគមន៍វិជ្ជា ដើម្បី​បំបែក​បំបាក់​ខ្មែរ និង​សម្លាប់​ខ្មែរ​ដូច​កាលពី​អតីតកាល​។ យើង​ទាត់​ចោល​ដាច់ខាត​នូវ​ការប្រកួត​ប្រជែង​យក​កម្ពុជា​ធ្វើ​ជា​ទីលាន​សាកល្បង​អាវុធ​របស់​ខ្លួន ឬ​លក់​អាវុធ​របស់​ខ្លួន​មក​ឲ្យ​កម្ពុជា​»​។

ទោះ​យ៉ាង​ណា​លោក​ថា កម្ពុជា​នៅ​តែ​ស្វាគមន៍​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ផ្សេងៗ​តាម​ការ​ព្រមព្រៀង​គ្នា​ដោយ​ផ្ដោត​លើ​ការហ្វឹកហាត់​សង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​គ្រោះ​មហន្តរាយ​ប្រឆាំង​អំពើ​ភេរវកម្ម ឬ​គ្រោះ​ធម្មជាតិ​ណា​មួយ​ដូចជា​ការជម្លៀស​ពលរដ្ឋ ការសង្គ្រោះ​ពេល​ធ្លាក់​យន្តហោះ​ការសង្គ្រោះ​ពេល​លិច​នាវា និង​ការ​មុជទឹក​រក​អ្នក​បាត់​ខ្លួន​ជាដើម​។ លោក​ស្នើ​ឲ្យ​មិត្តភក្ដិ​បរទេស​ប្រកួត​នៅ​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច​ និង​សង្គម​។

លោក David Hutt ដែល​ជា​អ្នក​សរសេរ​ព័ត៌មាន​របស់ Asia Times ថ្លែង​នៅ​លើ​ទំព័រ​ធ្វីធើរ​របស់​លោក​កាលពី​ម្សិលមិញ​ថា លោក​បាន​សរសេរ​ព័ត៌មាន​ដោយ​ផ្អែក​លើ​ប្រភព​ការទូត​ដោយ​រំពឹង​ថា​លោក Mike Pence នឹង​លើក​ឡើង​ពី​កង្វល់​នេះ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ថា លោក Mike Pence ពិតជា​បាន​លើក​ពី​បញ្ហា​នេះ​មែន​។

លោក David Hutt បញ្ជាក់​ថា​៖ «​ព័ត៌មាន​របស់​យើង​មិន​បាន​និយាយ​ថា​កងទ័ព​បរទេស​បាន​បោះ​ទីតាំង​នៅ​កម្ពុជា​រួច​ហើយ​ទេ បើ​ទោះ​ជា​មាន​ការលើក​ឡើង​ខ្លះ​ក្នុង​អត្ថបទ​របស់​យើង​។ ប៉ុន្តែ​បើ​យោង​តាម​ព័ត៌មាន​ផ្ដល់​ឲ្យ​ដោយ​ប្រភព​របស់​យើង​បាន​ឲ្យ​ដឹងថា វា​អាច​នឹង​កើត​មាន​ហើយ​ទីតាំង​ដែល​យើង​បាន​រៀបរាប់​អាច​ជា​កន្លែង​ដែល​វា​នឹង​កើតឡើង​»​។

លោក​បដិសេធ​ថា​អត្ថបទ​របស់​លោក​មិនមែន​ដើម្បី​ញុះញង់​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទេ ប៉ុន្តែ​គ្រាន់​តែ​លើក​ជា​សំណួរ​អំពី​អនាគត​ទំនាក់ទំនង​រវាង​​ចិន និង​កម្ពុជា​ពាក់ព័ន្ធ​ទៅ​នឹង​អធិបតេយ្យភាព​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​៕