ភ្នំពេញៈ ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្នទៅនឹងសម័យក្រោយសង្គ្រាម និងបានប្តេជ្ញា បន្តការពារសន្តិភាពឲ្យខាងតែបាន ដោយមិនឲ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងការបំផ្លិចបំផ្លាញសាជាថ្មីទៀតឡើយ។
នេះមិនមែនជាលើកទី ១ ទេ ដែលលោក ហ៊ុន សែន បានប្រៀបធៀបរូបភាពទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នទៅនឹងរូបភាពទីក្រុងភ្នំពេញនាសម័យក្រោយសង្គ្រាម។ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី បានបង្ហោះរូបភាព ៦ សន្លឹកដែលក្នុងនោះមានរូបភាព ១ ដែលជារូបភាពអគារចាស់បាក់បែកខណៈរូប ៥ សន្លឹកទៀត គឺជា រូបភាពបង្ហាញអំពីស្ថានភាពរាជធានីភ្នំពេញនាបច្ចុប្បន្ន ដែលមានអគារខ្ពស់។
លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖ «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច»។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «រូប ១ សន្លឹកសខ្មៅ ដែលយើងបានឃើញ គឺជាទិដ្ឋភាព ១ ផ្នែកនៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ និងបោះបង់ចោលដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុល ពតកាលពីឆ្នាំ ១៩៧៥-១៩៧៩។ ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង ២០ ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍឲ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឲ្យខាងតែបាន ដើម្បីកុំឲ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម និងការបំផ្លិចបំផ្លាញសាជាថ្មី»។
កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ក៏បានបង្ហោះរូបថតចាស់របស់លោកជាមួយនឹងភរិយា១សន្លឹកផងដែរដើម្បីប្រៀបធៀបអតីតកាល និងបច្ចុប្បន្នកាល។ លោកថ្លែងថា៖ «មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរឲ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត»។
លោកបន្តថា៖ «នៅពេលនេះ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែងស្ពានអាកាស និងរោងចក្រ សាលារៀនមន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប...កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនឲ្យកើតមានឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសប្បាយចិត្ត និងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជនដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល»។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា មិនមានអ្វីថ្មីទេនូវអ្វីដែលលោក ហ៊ុន សែន បានបង្ហោះនោះ ដោយសារគាត់បានប្រើប្រាស់សន្តិភាព និងការអភិវឌ្ឍ ជាជាងប្រជាប្រិយភាពនៃការគាំទ្រដើម្បីធ្វើឲ្យអំណាចរបស់គាត់ស្របច្បាប់។ ទោះយ៉ាងណា លោកមិនបានជំទាស់នឹងលោកនាយករដ្ឋមន្ត្រីទេ ចំពោះការអភិវឌ្ឍប្រទេសនេះ ប៉ុន្តែលោកបានថ្លែងថា រាជធានីភ្នំពេញ មិនមែនត្រូវបានបោះបង់ចោលដោយសារតែសង្គ្រាមទេ ប៉ុន្តែត្រូវបោះបង់ចោលដោយសារអំពើប្រល័យពូជសាសន៍ប៉ុលពត។
លោកបន្ថែមថា៖ «ការជម្លៀសមនុស្សទាំងបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងដទៃទៀតគឺដោយសារអសមត្ថភាពរបស់ខ្មែរក្រហម ក្នុងការគ្រប់គ្រងមនុស្សទាំងនោះដែលត្រូវបានមើលឃើញថា ជាសត្រូវរបស់ពួកគេ ដូច្នេះបំណងរបស់ពួកគេគឺបំផ្លាញសត្រូវរបស់ពួកគេ ដោយសមាសភាពកុម្មុយនីស្តនិយមរបស់ពួកគេមិនមែនដោយសារសង្គ្រាមដូចដែលបានអះអាងនោះទេ»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ក្នុងនាមជាអ្នកនយោបាយម្នាក់លោកនាយករដ្ឋមន្ត្រី តែងតែចង់បង្ហាញដល់គូប្រជែងរបស់លោក ដែលតែងតែនិយាយថា ប្រទេសកម្ពុជាក្រីក្រ។
ម្យ៉ាងវិញទៀត គាត់ចង់បង្ហាញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍដូចនេះគឺដោយសារតែកម្ពុជាមានសន្តិភាព។ «ចំណុចទី ២ គឺយុវជន មិនធ្លាប់បានឆ្លងកាត់សម័យនោះទេ ហើយពួកគេ ក៏មិនចូលចិត្តអានសៀវភៅដែរ ប៉ុន្តែពួកគេចូលចិត្តលេងហ្វេសប៊ុក។ ដូច្នេះហើយហ្វេសប៊ុកអាចនាំរឿងរ៉ាវប្រវត្តិសាស្ត្រនេះទៅដល់ពួកគេបាន»៕