ភ្នំពេញៈ ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ចំនួន ១៧៩ ប្រារព្ធ​ទិវា​ប្រជា​ជន​ពិភពលោក​លើក​ទី៣០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកា​ស​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ន៍ប្រក​​ប​ដោយ​ចីរភាព​ដោយ «គ្មាន​នរណា​ម្នាក់ ត្រូវបាន​បំភ្លេច​ចោល​» (Leaving no one behind​) បើ​ទោះបី​ជា​កម្ពុជា​នៅ​មាន​បញ្ហា​​ប្រឈម​ចម្បងៗ​មួយ​ចំនួន​ក៏ដោយ។

បើ​តាម​សារលិខិត​របស់​លោ​ក​ ហ៊ុន សែន និង​មូ​លនិ​ធិ​សហប្រជា​ជាតិ​ សម្រាប់​ប្រជាជន UNFPA ទិវា​ប្រជាជន​ពិភព​លោក ​លើក​ទី៣០ ក្នុង​ឆ្នាំនេះ បាន​ជ្រើស​រើស​ប្រធានបទ ​«ខួប ​​​​​​​២​៥ ឆ្នាំ​នៃ​ស​ន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការ​អភិវឌ្ឍ​» ដែ​ល​មាន​ប្រទេស ១៧៩ ប្រទេស រួម​គ្នា​អបអរ​ក្នុងការ​ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ប្រជា​​ជាតិ​នីមួយៗ​សម្រេច​បាន​ក្នុង​រយៈ​ពេល ២៥ ឆ្នាំ​ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ​ស​ន្និសី​ទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ នៅ​ទីក្រុង​គែរ ប្រទេស ​អេហ្ស៊ីប ​ឆ្នាំ ១៩៩៤។

ស​ន្និសីទ​អន្តរជាតិ​នេះបាន​ទទួល​ស្គាល់​អំពី​ទំនាក់​ទំនង​ទៅ​វិញទៅមក​ រវាង​ប្រជា​ជន និ​ង​ការ​អភិវឌ្ឍរួមទាំង​ការ​អំពាវ​​នាវ​​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដា​ក់​​ខ្ពស់​ចំពោះ​ការផ្តល់​ភាព​អង់​​​​​​​អា​ច​ដល់​ស្ត្រី ការលើក​កម្ពស់​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​របស់​ស្ត្រីដើម្បី​ដាក់បញ្ចូល​បញ្ហា​ទាំ​ង​នេះ ក្នុងការ​អភិវឌ្ឍ​ជាតិ ​តំបន់ និង​សកល​លោក។

សារ​លិខិត​លោក​នាយ​ក​​រដ្ឋ​​​មន្ត្រី បាន​សរសេរ​ថា ក្នុង​រយៈពេល ​២៥ ឆ្នាំ ​កន្លង​មកនេះ ​កម្ពុជា សម្រេចបាន​នូវ​សមិទ្ធ​ផល​ជាច្រើ​ន ដូចជា ​កំណើន​ប្រជា​ជន និង​សុខ​ភាព​បន្ត​ពូជ សេដ្ឋ​កិច្ច និ​ង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​នគរូ​បនីយ​កម្ម និង​ទេស​ន្ត​រប្រវេ​សន៍ និង​ការអប់រំព្រម​ទាំង​ការ​គាំពារ​​ជន​ងាយ​រងគ្រោះ​ជាដើម។

លោក​នាយ​ក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ពី​សមិទ្ធផល​​ជាច្រើ​ន​​ចំណុច ដែល​​កម្ពុជា​សម្រេច​បា​ន​ក្នុង​រយៈពេល ២៥ ឆ្នាំ កន្លង​មក​នេះ ប៉ុន្តែលោក​​បញ្ជាក់​ថា លោ​ក​មិន​ទាន់​ពេញចិត្ត​នៅឡើ​​​យ​ នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នេះ ដោយ​លោក​នៅ​​បន្ត​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់គ្រ​ប់​​ផ្នែក គ្រប់​វិស័យ និង​គ្រប់​ថ្នាក់ ព្រម​ទាំង​ប្រជា​ជន​គ្រប់រូប បន្ត​គាំទ្រ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនេះ ប្រកប​ដោយ​គុណ​ភាព និង​ការប្តេជ្ញាចិត្ត​ក្នុ​ង​ការ​ឈានទៅ​សម្រេច​ឲ្យ​បា​ន​នូវ​គោលដៅ​អភិវឌ្ឍ​ន៍ប្រក​បដោ​យ​​ចីរភាព​ដោយ «គ្មាន​នរណា​ម្នាក់ ត្រូវបាន​បំភ្លេច​ចោល»។

លោក ​ហ៊ុន សែន​ ​ថ្លែង​ក្នុង​សារលិខិត​ទៀត​​ថា៖ «ទោះ​បី​ជា​រាជរដ្ឋាភិបាល សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​គួរ​ឲ្យ​កត់​សម្គាល់​ដូច​បានលើកឡើង​នេះ​ក្តីក៏​លទ្ធផល​នៅ​មិនទាន់​ឈា​ន​ដល់​កម្រិត​ដែល​យើង​ចង់បាន​នៅ​ឡើយជាពិសេស​បញ្ហា​ប្រឈ​ម​ចម្បងៗ​នៅ​តែ​មានដូចជា​ ផ្នែក​គុណភាព​សេវា​ជាដើម»។

ក្នុង​ស្មារតី​នេះ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា នៅ​ខែវិច្ឆិកាខាង​មុខ កម្ពុជា​នឹងចូលរួម​ក្នុង​ស​ន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​នៃ​សាធា​​រណរដ្ឋ​កេ​ន​យ៉ា ដែលជា​ខួប​លើ​ក​ទី២៥ ឆ្នាំ ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​ប្រជា​ជាតិ​នីមួយៗ។

ក្នុង​ន័យ​នេះ លោកបញ្ជាក់ថា៖ «កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​អនុវត្ត​ទាំងស្រុង និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​ផែ​នការ​សកម្មភាព​នេះ និង​ទទួល​ស្គាល់​អំពី​ការពាក់ព័ន្ធ​នៃ​ផែន​​ការ​សកម្មភាព​នេះ​ទៅនឹង​គោ​ល​​​បំណង និង​គោល​ដៅ​នៃ​របៀប​​វារៈ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០»។

មូ​លនិ​ធិ​សហប្រជា​ជាតិ​សម្រា​ប់​ប្រជាជន UNFPA បាន​លើក​ឡើង​ថា កម្ពុជានៅមាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើ​បន្តទៀត ខណៈ​ផ្អែក​តាម​ការអង្កេត​ប្រជា​សា​ស្ត្រ និង​សុខភាពក្មេងស្រី​ដែល​មាន​​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៩ ឆ្នាំ ប្រហែលជា ១២ ភាគ​រយ បាន​ក្លាយជា​ម្តាយ ដែល​នេះ​គឺជា​កង្វល់​ចំពោះ​បញ្ហា​សុខភាពដែ​ល​​គួរ​យក ចិត្តទុកដាក់។ បន្ថែម​ពី​នេះការឆ្លើយតប​ទៅនឹង​តម្រូវ​ការ​នៃ​ផែនការ​គ្រួសារ និង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ជា​បញ្ហា​ប្រឈម ដែល​គួរតែ​លើក​យកមក​ដោះ​ស្រាយ​ជា​អាទិភាព​ផងដែរ ។

កាលពី​ម្សិលមិញ មូ​ល​និ​ធិសហប្រជាជាតិ​សម្រាប់​ប្រជា​ជ​ន ក៏បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​អបអរ​ទិវា​ប្រជាជន​ពិភព​លោក​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោកឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​​មាន​ការ​ដាក់តាំង​ពិព័រណ៍​រូបថត​របាំ​បុរាណ​បែប​សហ​សម័​យ និង​បង្ហាញ​ពីបទ​ពិសោធផ្ទា​ល់​​របស់​វាគ្មិន ផង​ដែរ ដែល UNFPA បញ្ជាក់​ថា ពិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បំពេញ​បេសកកម្ម​ដែល​ពុំទាន់​បាន​សម្រេច​ត្រូវ​ធ្វើ​​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០៣០។

លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​កាលពីម្សិល​មិញ​ថា ទិវា​ប្រជាជន​ពិភព​លោក​នៅឆ្នាំ​នេះ ខុស​ពី​ឆ្នាំមុន​ៗ ព្រោះវា​ជា​ខួប ២៥ ឆ្នាំ នៃ​សន្និ​សីទ​អន្តរ​ជា​តិ ស្តីពី​ប្រជា​ជន និង​ការ​អភិវឌ្ឍ និង​​ជា​ខួប ២៥ ឆ្នាំ របស់ UNFPA ដែល​មាន​វត្តមាន​នៅ​កម្ពុជា។ លោក​បន្ត​ថា រយៈពេល ២៥ ឆ្នាំ​នេះ កម្ពុជាបាន​ទទួល​ជោគ​ជ័យក្នុង​ការ​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី ដែល​ពួក​គេ​បានទទួល​ឱកាស និង​ការ​សម្រេចចិត្ត​ច្រើន​ជាង​មុន ជាពិសេស គឺការ​កំណត់​ចំនួន​កូន ដែល​ពួក​​គេចង់​បាន​នៅក្នុង​គ្រួសារ ជាពិសេស ជួយ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ។

លោក​បញ្ជាក់​ថា​៖ «ក្នុង​បរិប​ទ​នេះ យុវ​ជន មាន​ឱកាស​ច្រើន​ជាង ២៥ ឆ្នាំ​មុន ដែល​មាន​ឱកាស​ក្នុង​ការ​ជួយ​គ្រួសារ និង​សហគមន៍​តាម​រយៈ​ភាព​ច្នៃ​​ប្រឌិ​​តនិង​ទេព​កោសល្យ​របស់​ខ្លួន​។ នៅ​ពេល​ក្មេង​ស្រី និង​ស្ត្រីទទួល​បាន​សិទ្ធិ​ពេញ​លេញ​ នោះ​ទើប​យើង​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា»។

លោក​ស្រី Rizvina De Alwis តំណាង​ប្រចាំ​ប្រទេស​នៃ UNFPA បាន​ថ្លែង​​តាម​រយៈ​​លិខិតមួយ​​ថា៖ «នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំ​មកនេះ UNFPA និង​រាជរដ្ឋាភិ​បាល​កម្ពុជា បានធ្វើ​​យ៉ាងណា​ឲ្យ​មនុស្ស​មាន​ជម្រើស ហើយ​ថ្ងៃ​នេះ យើង​អបអរ​នូវ​ការ​ដែល​យើង​មាន​ជម្រើស និង​មាន​ភាព​ជោគ​​ជ័យ។ ចាប់ពី​ស្អែក និង​ថ្ងៃ​បន្ទាប់​ទៀត យើង​នៅតែ​ធ្វើការ​ដើម្បី​ឲ្យ​ស្ត្រី ក្មេងស្រី និង​យុវជន ទទួល​បាន​សិទ្ធិ និង​ជម្រើស»៕