
កម្លាំងនគរបាលនៅខាងមុខផ្សារអ៊ីអន ១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្សារអ៊ីអនត្រូវបានបិទបណ្តោះអាសន្នបន្ទាប់ពីបានរកឃើញស្ត្រីម្នាក់មានជំងឺកូវីដ បានចូលទៅក្នុងផ្សារនេះ។ ហុង មិនា
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា ករណីជំងឺកូវីដ១៩ បានឆ្លងចូលសហគមន៍ហើយ ប៉ុន្តែលោកអំពាវនាវសុំកុំឱ្យប្រជាពលរដ្ឋមានការភ័យឆោឡោ ខណៈក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៧នាក់ ដែលក្នុងនោះមានលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់ ព្រមទាំងសមាជិកគ្រួសារ ៤ នាក់ផ្សេងទៀត។
លោក ហ៊ុន សែន បានថ្លែងតាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី២៨ខែវិច្ឆិកា បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្រ្តីជនជាតិខ្មែរ ដែលជាភរិយាអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។
លោកនាយករដ្ឋមន្ត្រីថា នេះជាករណីដំបូងបំផុត ដែលលោកចាត់ទុកថា ជាការឆ្លងក្នុងសហគមន៍ហើយករណីនេះមានការពាក់ព័ន្ធជាមួយនឹងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី។
លោកមានប្រសាសន៍ថា៖«ខ្ញុំសុំធ្វើការអំពាវនាវសម្រាប់ប្រជាពលរដ្ឋទាំងអស់ កុំមានការឆោឡោ ភ័យខ្លាចរហូតទៅដល់ការបាត់បង់នូវការគ្រប់គ្រង ប៉ុន្តែខ្ញុំស្នើឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើននូវការយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងការការពារខ្លួន ដោយការពាក់ម៉ាស់ ការលាងដៃ ការធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
លោកបានបន្ថែមថា៖ «បើចៀសវាងបាន សុំកុំធ្វើការប្រមូលផ្តុំណាមួយ។ ខ្ញុំមិនមានការអំពាវនាវឱ្យមានការបិទសាលា ក្នុងទីក្រុងភ្នំពេញ ឬខេត្តសៀមរាប ឬខេត្តដែលមានការពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះគឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ រក្សាគម្លាតសុវត្ថិភាពប៉ុណ្ណោះ»។
បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាល បានប្រកាន់យកវិធានការបន្ទាន់ដោយធ្វើការប្រមូលផ្តុំអ្នកដែលជាប់ពាក់ព័ន្ធទាំងផ្ទាល់ទាំងប្រយោល ដើម្បីធ្វើចត្តាឡីស័ក ក៏ដូចជាយកសំណាកទៅពិនិត្យ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានសម្រេចធ្វើការបិទផ្អាកមួយរយៈចំពោះផ្សារអ៊ីអន១ ក្រោយពេលរកឃើញវិជ្ជមាន មេរោគកូវីដ១៩ លើស្ត្រីជាភរិយា លោក ឆែម សាវុធ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
ក្រសួងសុខាភិបាល ក៏បានកំណត់យកនូវការធ្វើតេស្តចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលចំពោះករណីស្រ្តីខ្មែរ ក្នុងស្រុករូបនេះ ដោយលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺស្រ្តីរូបនេះ មានស្វាមី និងសមាជិកគ្រួសារចំនួន ៤នាក់ ព្រមទាំងស្រ្តីខ្មែរ-អាមេរិកាំងម្នាក់ទៀត ស្នាក់នៅក្រុងប៉ៃលិន បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
ក្រសួងក៏បានអំពាវនាវទៅដល់អ្នកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺទាំង៦នាក់នេះ ត្រូវចាំបាច់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ (សម្រាប់អ្នកដែលបានប៉ះពាល់នៅតាមខេត្ត)៕