ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានប្រកាសជាសាធារណៈថា នឹងមានការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពការងារ និងកែប្រែភាពអសកម្មមួយចំនួននៅក្នុងរដ្ឋាភិបាលក្រោយពិនិត្យឃើញថា ការអនុវត្តកន្លងមករបស់ក្រសួងខ្លះមានភាពស្ពឹកស្រពន់។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្ត្រីក្នុងពេលខាងមុខមិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍។ ឆ្លៀតពេលនោះយើងត្រូវមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រី ហើយរដ្ឋមន្ត្រីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដដែលទេ ក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល»។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំគ្រាន់តែឲ្យសញ្ញាទេ ព្រោះធ្វើការកែសម្រួល វាជារឿងធម្មតាទេនៅប្រទេសខ្លះមានការដូររហ័ស តែយើងក៏នៅទុកពេល ដើម្បីឲ្យធ្វើការ។ ប៉ុន្តែក៏ការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់រំលាយចោលរដ្ឋាភិបាលនោះដែរ។ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច ដែលមិនទាន់ឆ្លើយតបនឹងការចង់បានរបស់យើង ដែលវាគួរតែលឿនជាង ក៏ប៉ុន្តែបែរជាត្រូវបាន ១០០ ភាគរយតែបានតែ ៧០ ភាគរយដែលត្រូវតែកែដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយការរំពឹងផងដែរថា សមត្ថភាពដឹកនាំរបស់រដ្ឋមន្ត្រីមួយចំនួនអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដូចជា បញ្ហាជម្លោះដីធ្លី បញ្ហាកសិផលរបស់ប្រជាពលរដ្ឋ បញ្ហាទីផ្សារនោះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗផងដែរ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានលើកជាសំណួរទៅកាន់លោក ហ៊ុន សែន អំពីយន្តការណាដែលអាចយកដីធ្លីកន្លងមក ដែលរាជរដ្ឋាភិបាលផ្ដល់សម្បទាសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនដែលមិនបានធ្វើអ្វីសោះ ដើម្បីយកមកវិញ ផ្តល់ឲ្យកសិករប្រើប្រាស់លើដីនោះនឹងជំរុញធ្វើកសិកម្មឲ្យក្លាយទៅជាកសិឧស្សាហកម្ម ដើម្បីកំណើនសេដ្ឋកិច្ចមួយផ្នែកដែលផ្អែកទៅលើកសិកម្ម។
លោក សុវណ្ណវឌ្ឍនាសាប៊ុង ក៏បានលើកជាសំណួរផងដែរអំពីវិស័យទេសចរណ៍ ពាក់ព័ន្ធតម្លៃវីសាដែលរាជរដ្ឋាភិបាលគួរពិចារណាបញ្ចុះតម្លៃ វីសា ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបាន និងសុំឲ្យរាជរដ្ឋាភិបាលពិនិត្យអាកប្បកិរិយារបស់មន្ត្រីសាធារណៈក្នុងការអនុវត្តថែរក្សា សម្បត្តិបេតិកភណ្ឌ។
លោក សុវណ្ណវឌ្ឍនាសាប៊ុង ថ្លែងថា៖ «ខ្ញុំសុំធ្វើការស្នើសុំដែលឃើញហើយថា រដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រ ច្បាស់ៗ ចំៗ ប៉ុន្តែការអនុវត្តនៅតាមបណ្តាមន្ត្រីថ្នាក់ជាតិ មន្ត្រីថ្នាក់ក្រោមជាតិ គឺមិនទាន់ស៊ីចង្វាក់ ដោយសារតែគោលការណ៍យុទ្ធសាស្ត្រដែលរដ្ឋាភិបាលបានដាក់ចេញជាលក្ខណៈកំណែទម្រង់ផ្ទៃក្នុងមិនទាន់គ្រប់ជ្រុងជ្រោយ ដែលធ្វើឲ្យគោលការណ៍យុទ្ធសាស្ត្រអនុវត្តមិនចំគោលដៅ។ ខ្ញុំចង់សុំសម្តេចមេត្តាចេញនូវគោលការណ៍បែបជាក់លាក់ក្នុងការទប់ស្កាត់ ដំណើរការណាមួយដែលរារាំងរដ្ឋាភិបាល នៅពេលដែលអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ បានន័យថា កន្លងមកមានបាតុភាពនៅពេលរដ្ឋាភិបាល អនុវត្តផែនការយុទ្ធសាស្ត្រអ្វីមួយ មានបាតុភាពមករារាំងបាតុភាពនោះដែលបញ្ហានេះ ខ្ញុំសុំឲ្យសម្តេចមេត្តា សម្រេច និងពិចារណាចំពោះសំណើរបស់ខ្ញុំ»។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីត្រូវមានសមាសភាព នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។
លោក មាស នី អ្នកវិភាគការងារអភិវឌ្ឍន៍សង្គមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការកែសម្រួលគណៈរដ្ឋមន្ត្រីគឺត្រូវតែធ្វើផ្លាស់ប្តូរឲ្យបានញឹកញាប់ក្នុងគោលបំណងវាយតម្លៃដល់ស្ថាប័នរបស់រដ្ឋ ព្រោះបើបណ្តែតបណ្ដោយឲ្យមានគណៈរដ្ឋមន្ត្រីដដែលៗនោះនឹងធ្វើឲ្យកើតមានភាពស្ពឹកស្រពន់ បង្កជាភាពអសកម្មកើតជាអំពើពុករលួយ និងបក្ខពួកនិយម។
លោក មាស នី បានថ្លែងដោយរំពឹងថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យឡើងវិញលើប្រព័ន្ធធ្វើការងាររបស់រដ្ឋឲ្យដំណើរការទៅដោយរលូន និងប្រទាក់ក្រឡាគ្នាបានល្អ ចៀសវាងមានភាពរាំងស្ទះ ដោយសារកត្តាមិនស៊ីចង្វាក់គ្នាដែលធ្វើឲ្យមានឧបសគ្គនាំឲ្យគោលនយោបាយរបស់រដ្ឋតែងទទួលបានបរាជ័យ។
លោក មាស នី ថ្លែងថា៖ «ចំណុចសំខាន់ក្នុងការកំណែទម្រង់ពេលនេះគឺការផ្លាស់ប្តូរបុគ្គលខ្លះដែលមានភាពស្ពឹកស្រពន់ ហើយមួយទៀតគួររៀបចំពិនិត្យមើលទៅលើប្រសិទ្ធភាពធ្វើការរបស់រដ្ឋផងដែរ។ បើមិនអ៊ីចឹងទេ ដូរតែបុគ្គលហើយមិនពិនិត្យមើលពីផលវិបាកដែលមកពីប្រព័ន្ធមិនស៊ីចង្វាក់គ្នា ជួនកាលវាអាចធ្វើឲ្យមានការអាក់អន់ចិត្តពីបុគ្គលខ្លះ ដែលទទួលរងគ្រោះ ដោយសារតែប្រព័ន្ធមិនអាចឲ្យគ្នាធ្វើការបាន បែរជាទទួលរងការដកពីតំណែងអីទៅ»។ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលដោយបក្សតែមួយ៕
វីដេអូ៖