ភ្នំ​ពេញៈ លោក ហ៊ុន សែន​ នាយក​រដ្ឋ​ម​ន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​នេះ​ ​បាន​ប្រកាស​ពីការ​បើក​​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​យ៉ាង​ហោច​ណាស់​ ១​ លាន​ដូ​ស ​ក្នុង​រយៈ​ពេល ​១​ ខែ។ ​លោក​ក៏​បាន​ស្នើ​ឱ្យ​គ្រប់​អភិបាល​ខេត្ត​ទាំង​អស់​ត្រូវ​រៀបចំ​ទីកន្លែង​ស្នាក់​នៅ​សម្រាប់​ក្រុម​គ្រូពេទ្យ​ចុះ ​ទៅ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​របស់​ខ្លួន​។​

យោង​តាម​សារ​សំឡេង​របស់​លោក​ ហ៊ុន ​សែន​ នៅ​ថ្ងៃ​ចន្ទ ​ទី​ ២៩​ ខែ​ មីនា​ ​ឆ្នាំ​ ២០២១​ នេះ ​បាន​ឱ្យ​ដឹង​ថា​ ​ខេត្ត​ទាំង​អស់​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្នាក់​នៅ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ទៅ​ពី​រាជធានី​ភ្នំពេញ​ ឬ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ​ដើម្បី​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ​។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «​នៅ​ពេល​ខាង​មុខ​នេះ ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​របស់​យើង​នឹងធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ហើយ​នឹ​ង​មាន​អន្តរា​គមន៍​ពី​ពេទ្យ​ទៅ​ពី​ថ្នាក់​ជាតិ​ចូលរួម​ផង​ដែរ ដែល​គម្រោង​យើង​គឺ​ចាក់​ឱ្យបាន​ចំនួន​ ១​ លាន​ដូ​ស​ ក្នុង​ពេល​ ១ ​ខែ​។​ វ៉ាក់​សាំង​របស់​យើង​ទាំង​ការទិញ ​និង​ការ​ទទួល​ជំនួយ​នឹង​មក​ជា​បន្ត​បន្ទាប់ ​ដែល​វ៉ាក់​សាំង​ត្រូវតែ​បញ្ជូន​ទៅ​ចាក់​ឱ្យ​ប្រជា​ពល​រដ្ឋ​»​។​

ទាក់​ទង​នឹង​ទី​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​គ្រូពេទ្យ​នៅ​តាម​បណ្តា​ខេត្ត​ ​លោក​ ហ៊ុន​ ​សែន​ ​បាន​លើក​ឡើង​ថា​ ​សព្វថ្ងៃ​នេះ​មាន​សណ្ឋា​គារ​ ​និង​ផ្ទះ​សំណាក់​ទំនេរ​ច្រើន​ ​ដែល​ខាង​អភិបាល​ខេត្ត​អាច​ពឹង​ពាក់​ទៅ​ដល់​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ទាំង​នោះ ​ដើម្បី​ផ្តល់​ឱ្យ​គ្រូ​ពេទ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​បាន​។​​

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា​ ​ថ្នាក់​ជាតិ​ទទួល​ខុស​ត្រូវតែ​លើ​ថវិកា​លើ​អាហារ​និង​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ការ​ស្នាក់​នៅ​គឺ​អភិបាល​ខេត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​៕​