ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ប្រកាស​បើក​សម្ពោធ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​របស់​លោក​ជា​ផ្លូវការ​ដោយ​មាន​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ជាច្រើន​​រូប​ចូលរួម​ជា​សមាជិក​ស្ថាបនិក​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​​ទ្រទ្រង់​មន្ទីរពេទ្យ​ដែល​បាន​​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ព្យាបាល​កុមារ​មកពី​ទូទាំង​ប្រទេស​ដោយ​ឥត​គិតថ្លៃ​។

ការសម្ពោធ​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ដោយ​លោក​​នាយករដ្ឋមន្ត្រី​ថ្លែង​ថា មូលនិធិ​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ដើរ​ស្រប​ទៅ​នឹង​មូលនិធិ​គន្ធបុប្ផា​របស់​លោក Beat Richner ដែល​មាន​ស្រាប់​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ថវិកា​ចំនួន​ ១០ ​លាន​ដុល្លារ​សម្រាប់​ជា​ថវិកា​បម្រុង និង​ ៥ ​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​សម្រាប់​មូលនិធិ​នេះ​។ រាជរដ្ឋាភិបាល​ចូលរួម​ថវិកា​ចំនួន​ ១០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ទៅ​លើ​ការ​ចំណាយ​របស់​មន្ទីរពេទ្យ​នេះ​»​។

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​សម្រាប់​អាណត្តិ​បន្ត​ទៅ​មុខ បើ​ខ្ញុំ​នៅ​តែ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ផ្តល់​ការគាំទ្រ​ជាប់​មិន​ដាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​សំដៅ​ធានា​ឲ្យ​ខាង​តែ​បាន​នូវ​ចីរភាព​នៃ​កិច្ចដំណើរការ​របស់​មន្ទីរពេទ្យ​នេះ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ផ្ដល់​លក្ខខណ្ឌ​ ៣ ​យ៉ាង​ដល់​សប្បុរសជន​ក្នុង​ការចូលរួម​គាំទ្រ​ដល់​មូលនិធិ​នេះ​គឺ​ទី​ ១ ​សប្បុរសជន​ដែល​បាន​ចូល​វិភាគទាន​ចាប់ពី​ ២ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​នឹង​ក្លាយ​ជា​សមាជិក​ស្ថាបនិក ហើយ​អ្នក​ដែល​ចូល​វិភាគទាន​ចាប់ពី​ ៥ ​ពាន់​ដុល្លារ​ឡើង​ទៅ​នឹង​ក្លាយ​ជា​សមាជិក​កិត្តិយស ដោយ​ឡែក​អ្នក​ចូល​វិភាគទាន​ចាប់ពី​ ៥ ​ពាន់​រៀល​ក្នុង​មួយខែ ឬ​ ៦ ​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ​នឹង​ក្លាយ​ជា​សមាជិក​គាំទ្រ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ពង្រាយ​មូលនិធិ​នេះ​ទៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​អាច​ចូលរួម​ក្នុង​មូលនិធិ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លាតត្រដាង​ឈ្មោះ​សប្បុរសជន​ដែល​ជា​មន្ត្រី​ស្និទ្ធ​នឹង​លោក​រាប់សិប​អ្នក​ដែល​បាន​ចូលរួម​ថវិកា​ម្នាក់ៗ​ ២ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទឹក​ប្រាក់​សរុប​នោះ​ទេ ទន្ទឹម​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​អំពី​ថវិកា​ដំបូង​សម្រាប់​មូលនិធិ​នេះ​ប្រមូល​បាន​ ១១ ​លាន​ដុល្លារ​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹងថា ឧកញ៉ា គិត ម៉េង បាន​ចូលរួម​វិភាគទាន​ក្នុង​រូបភាព​ផ្តល់​ជា​ដី​មួយ​កន្លែង​នៅ​​ភ្នំពេញ​ដែល​មាន​តម្លៃ​ទីផ្សារ​ ៨ ​លាន​ដុល្លារ​សម្រាប់​មូលនិធិ​នេះ​។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង​ដី​នេះ​ឡើង​តាម​តម្លៃ​ទីផ្សារ​ដល់​ ៨ ​លាន​ដុល្លារ​ទៅ​ហើយ​។ ម្សិលមិញ​នេះ​លោក​ឧកញ៉ា គិតម៉េង បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ថា​បាន​ប្រគល់​ដី​នេះ​មក​កាន់​មូលនិធិ​អ៊ីចឹង​តម្លៃ​ដី​នេះ​ស្មើ​ ៨ ​លាន យើង​ទទួល​យក​ដី​នេះ ដែល​មាន​តម្លៃ​ ៨ ​លាន​ដាក់​ក្នុង​មូលនិធិ ហើយ​មូលនិធិ​នឹង​ផ្ទេរ​ដី​នេះ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​ប័ណ្ណកម្មសិទ្ធិ​តែ​ម្តង​»​។

លោក​មិន​បាន​បញ្ជាក់​ថា ដី​នេះ​មាន​ទីតាំង​នៅ​កន្លែង​ណា​ទេ ខណៈ​ដែល​លោក​ឧកញ៉ា គិត ម៉េង បដិសេធ​អត្ថាធិប្បាយ​។

លោក​វេជ្ជបណ្ឌិត Denis Laurent អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​ការបង្កើត​មូលនិធិ​នេះ​ដែរ ដោយ​លោក​ថ្លែង​ថា​៖ «​វា​ជា​ក្តី​ស្រមៃ និង​ជា​ទស្សនវិស័យ​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា​»​។ ចំពោះ​ដី​មួយ​កន្លែង​ដែល​ឧកញ៉ា គិត ម៉េង បាន​ប្រគល់​ទៅ​មូលនិធិ​នោះ​លោក​ថ្លែង​ថា​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​អគារ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ការិយាល័យ​មន្ទីរពេទ្យ​អស់​រយៈពេល​ ១១ ​ឆ្នាំ​មក​ហើយ​។

អ្នក​វិភាគ​ស្វាគមន៍​ការបង្កើត​មូលនិធិ​នេះ​ដោយ​និយាយ​ថា វា​ជា​កាយវិការ​សប្បុរសធម៌​មួយ​ដែល​កម្ពុជា​គួរតែ​បាន​ធ្វើ ប៉ុន្តែ​មិន​ថា​គួរ​គប្បី​ចៀសវាង​ការយក​មូលនិធិ​នេះ​មក​លាយឡំ​ជាមួយ​រឿង​នយោបាយ​។

លោក​ មាស នី អ្នកវិភាគ​សង្គម​និយាយ​ថា​ជំនួយ​មូលនិធិ​របស់​រដ្ឋាភិបាល​នេះ​ជា​កាយវិការ​សប្បុរសធម៌​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ និង​មូលនិធិ​ទាំង​ ២ ​គួរ​តែ​បាន​ត្រៀម​ខ្លួន​លើស​ពី​មូលនិធិ​គឺ​ត្រូវ​ចំណាយ​ថវិកា​របស់​រដ្ឋ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នេះ​។ «​ខ្ញុំ​គិត​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​រដ្ឋាភិបាល​គួរ​ចំណាយ​ថវិការដ្ឋ​តែ​ម្តង​ដើម្បី​ជួយ​ឲ្យ​មន្ទីរពេទ្យ​ដំណើរការ​បាន​។ មូលនិធិ​ដែល​បាន​ពី​ការ​រៃអង្គាស​មិន​អាច​ធានា​និរន្តរភាព​ទៀងទាត់​សម្រាប់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​ទេ​»​។

លោក​បន្ត​ថា​៖ «​មួយ​ទៀត​សេវាកម្ម​ទាំងឡាយ​បើ​ធ្លាក់​ទៅក្នុង​ដៃ​រដ្ឋ​ហើយ​ច្រើន​តែ​គុណភាព​សេវាកម្ម​ធ្លាក់​ចុះ រឿង​នេះ​ក៏​ត្រូវ​គិត​ដែរ ហើយ​រឿង​ពុករលួយ​ក៏ត្រូវ​គិត​ដែរ​»​។

លោក​យល់​ថា​ប្រព័ន្ធ​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​សព្វថ្ងៃ​នេះ​វា​ល្អប្រសើរ​ហើយ ដូច្នេះ​រដ្ឋាភិបាល​គួរ​រក្សា​ទម្រង់​បច្ចុប្បន្ន «​បើ​បន្ធូរ​ដៃ​វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ដើម​គឺ​ដូច​មន្ទីរពេទ្យ​ដទៃ​ទៀត​»​។ ទាក់ទង​នឹង​និរន្តរភាព​នៃ​មូលនិធិ​នេះ លោក​ថា​បើ​សិន​វា​ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​នយោបាយ​ជាប់​ពាក់ព័ន្ធ វា​នឹង​ «​ត្រូវ​បិទទ្វារ​បើសិន​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​»​។

ស្រដៀង​គ្នា​នេះ​លោក ហង្ស វិទូ អ្នក​វិភាគ​ម្នាក់​ទៀត​យល់​ថា​រឿង​នយោបាយ​មិន​គួរ​ចូល​មក​ឡូកឡំ​ជាមួយ​រឿង​សប្បុរសធម៌​ទេ បើ​សិន​យក​រឿង​នយោបាយ​មក​ពាក់ព័ន្ធ វា​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​បរិចា្ចគ​។

លោក​ថ្លែង​ថា​៖ «​វា​មិន​ប៉ះពាល់​ដល់​គុណភាព​របស់​មន្ទីរពេទ្យ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ក្នុង​កម្រិត​មួយ​គឺ​កេរ្តិ៍​ឈ្មោះ​បន្តិចបន្តួច​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​មិន​ធ្ងន់ធ្ងរ​ទេ​។ ខ្ញុំ​គិត​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​មួយ​ដ៏​ឯករាជ្យ ទោះបី​មូលនិធិ​នេះ​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏ដោយ​។ ព្រោះ​អី​បើ​សិន​បើ​មិន​ឯករាជ្យ​ទេ វា​អាច​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ បើ​លោក​នាយក​រដ្ឋមន្ត្រី​យក​មន្ទីរពេទ្យ​ទៅ​ពាក់ព័ន្ធ​នយោបាយ វា​នឹង​ធ្វើឲ្យ​ខូច​កិត្តិយស​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បង្ហាញ​ក្តីបារម្ភ​ខ្លាច​ក្រែង​មូលនិធិ​សប្បុរសធម៌​នេះ​មាន​ពាក់ព័ន្ធ​នយោបាយ​នា​ថ្ងៃ​អនាគត​។

លោក​ថ្លែង​ថា​សប្បុរសធម៌​គួរ​តែ​បញ្ចូល​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ «​ក្នុង​គោលបំណង​សប្បុរសធម៌​សុទ្ធសាធ​មិនមែន​ដើម្បី​កេង​ចំណេញ​នយោបាយ​ទេ​»៕