
គ្រូពេទ្យជំនាញបូមវ៉ាក់សាំងត្រៀមចាក់ជូនពលរដ្ឋនាពេលកន្លងមកក្នុងមន្ទីរពេទ្យនៅភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបាន ១ លានដូស ក្នុងរយៈពេល ១ ខែដោយលោកបានស្នើទៅគ្រប់អភិបាលខេត្តទាំងអស់ត្រូវរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលនឹងចុះទៅតាមបណ្តាខេត្តដើម្បីចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងអស់។
លោកបានលើកឡើងតាមរយៈសារជាសំឡេងនៅថ្ងៃម្សិលមិញថា ខេត្តទាំងអស់ត្រូវទទួលខុសត្រូវលើការស្នាក់នៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីរាជធានីភ្នំពេញ ឬចល័តពីកន្លែង ១ ទៅកន្លែង ១ ទៀតដើម្បីចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «នៅពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើក្នុងទ្រង់ទ្រាយធំ ហើយនឹងមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ ដែលគម្រោងយើងគឺចាក់ឱ្យបានចំនួន ១ លានដូស ក្នុងពេល ១ ខែ។ វ៉ាក់សាំងរបស់យើងទាំងការទិញ និងការទទួលជំនួយនឹងមកជាបន្តបន្ទាប់ ដែលវ៉ាក់សាំងត្រូវតែបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ»។
ទាក់ទងនឹងទីកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្ត លោក ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃនេះមានសណ្ឋាគារ និងផ្ទះសំណាក់ទំនេរច្រើន ដែលខាងអភិបាលខេត្តអាចពឹងពាក់ទៅដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ ដើម្បីផ្តល់ឱ្យគ្រូពេទ្យស្នាក់នៅបណ្តោះអាសន្នបាន។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ថ្នាក់ជាតិទទួលខុសត្រូវតែលើថវិកាលើអាហារ និងការធ្វើដំណើរតែប៉ុណ្ណោះ ប៉ុន្តែការស្នាក់នៅគឺអភិបាលខេត្តត្រូវទទួលខុសត្រូវ ហើយលោកយល់ថា ម្ចាស់សណ្ឋាគារ ឬប្រជាពលរដ្ឋដែលមានកន្លែងស្នាក់នៅ ពួកគាត់ប្រាកដជាមិនយល់ទាស់នោះទេសម្រាប់ផ្តល់ជូនក្រុមគ្រូពេទ្យស្នាក់នៅបណ្តោះអាសន្នមួយរយៈពេលខ្លីក្នុងស្ថានភាពមនុស្សធម៌បែបនេះ។
លោក ហ៊ុន សែន ថា៖ «ខ្ញុំសុំឱ្យគណៈកម្មការចំពោះកិច្ចត្រូវរៀបចំនូវគម្រោងនៃការចំណាយតែទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ តែសម្រាប់ការស្នាក់នៅទុកការទទួលខុសត្រូវឱ្យអភិបាលខេត្តជាអ្នកទទួលរ៉ាប់រង ហើយខ្ញុំគិតថា អភិបាលខេត្តទាំងអស់នឹងធ្វើកិច្ចការងារនេះល្អជាមួយនឹងម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅមូលដ្ឋានដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិដែលជាចំណូលរបស់សប្បុរសជន»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកន្លែងសម្រាប់ចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅទូទាំងរាជធានី-ខេត្តមានរហូតដល់ ៣៥៥ កន្លែង ដែលចំនួននេះមានទាំងទីតាំងចាស់ និងទីតាំងត្រូវរៀបចំថ្មីបន្ថែម។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១,៥ លានដូស ពីសាធារណរដ្ឋប្រជាមានិតចិនដែលបានដឹកជញ្ជូនមកកាលពីចុងសប្តាហ៍មុននេះ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលជំនួយនូវវ៉ាក់សាំងស៊ីណូហ្វាមពីប្រទេសចិនចំនួន ១ លានដូសផងដែរ ដែលវ៉ាក់សាំង នេះត្រូវបានដឹកមកដល់ប្រទេសកម្ពុជាចំនួន ៦០ ម៉ឺនដូសហើយកាលពីដើមខែកុម្ភៈ និងចំនួន ៣០ ម៉ឺនដូសទៀត នឹងដឹកមកដល់នៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ។
កាលពីដើមខែមីនានេះដែរ កម្ពុជាបានទទួលវ៉ាក់សាំងកូវីសែលរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤ ០០០ ដូស តាមរយៈយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ២៧ ខែមីនា ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលដែលទទួលអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca ដោយបានផ្តល់នូវការចាក់វ៉ាក់សាំងដល់បុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនក្នុងប្រទេសកម្ពុជា។
លោកស្រីបានលើកឡើងថា ស្ថានទូតចំនួន ១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន ៧៤១ នាក់ បានចាក់វ៉ាក់សាំងរួចរាល់ហើយនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអង្គការអន្តរជាតិចំនួន ៤៤ អង្គការដែលស្ថិតនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិមានបុគ្គលិកសរុបចំនួន ១ ៦៧១ នាក់ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី ២៦ ដល់ ៣១ ខែ មីនា ឆ្នាំ ២០២១។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងលិខិតដដែលថា ចំពោះអង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀតមានបុគ្គលិកចំនួន ៤៤៣ នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនេះដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលនឹងត្រូវរៀបចំចាក់ជូនចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ តទៅនៅមន្ទីរពេទ្យព្រះអង្គឌួង។ នៅថ្ងៃម្សិលមិញនេះដែរ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤០ នាក់បន្ថែមទៀតពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកើតឡើងក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ៨ ផ្សេងទៀតដូចជា ខេត្តកណ្តាលក្រចេះ កោះកុង សៀមរាប ត្បូងឃ្មុំ តាកែវ ស្វាយរៀង និងខេត្តកំពត។
គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះប្រទេសកម្ពុជាមានអ្នកមានវិជ្ជមានវីរុសកូវីដ ១៩ សរុបចំនួន ២ ២៧៣ នាក់ អ្នកជាសះស្បើយចំនួន ១ ១៧២ នាក់ អ្នកកំពុងព្យាបាលចំនួន ១ ០៨៧ នាក់ និងអ្នកដែលបានបាត់បង់ជីវិតចំនួន ១១ នាក់៕
វីដេអូ៖