ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ថែរក្សា​ទុក​នូវ​សំណង់​ផ្សេងៗ​ដែល​មាន​អាយុកាល​លើសពី ៥០ ឆ្នាំ​ឡើងទៅ ដើម្បី​បន្សល់ទុក​ដល់​ក្មេង​ជំនាន់​ក្រោយ ខណៈ​ដែល​លោក​បញ្ជាក់ថា ស្ពាន​សម័យ​បារាំង​នៅ​ខេត្ត​​បាត់ដំបង​នឹងមិន​មានការ​វាយ​ចោល​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ដូច្នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​បញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រមាណ ២៧៩០ នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិលមិញ​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​កន្លងទៅ​ស្រាប់តែ​នាំគ្នា​ផ្អើល​ឈុល​ថា​យើង​នាំគ្នា​ប្រុង​វាយ​ស្ពាន​នៅ​បាត់ដំបង ស្ពាន​សម័យ​បារាំង​នៅ​បាត់ដំបង ផ្អើល​ឈុល​ពេញ​ហ្វេសប៊ុក​។ សូមបញ្ជាក់​អា​រឿង​អ្វីដែល​បន្សល់ទុក​លើស​ពី ៥០ ​ឆ្នាំ​ទៅ​គឺ​ខិតខំ​រក្សា​។ អាហ្នឹង​ក្លាយ​ទៅ​ជា​សមិទ្ធផល ហើយ​អានោះ​ជាង ១០០ ឆ្នាំ​រឿង​អី​ត្រូវ​ទៅ​វាយ​? ខិតខំ​រក្សា​វា ជួសជុល ធ្វើ​ម៉េច​ដើម្បី​ទប់​កុំ​ឲ្យ​វា​បាក់​»​។

កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ រដ្ឋបាល​ខេត្ដ​បាត់ដំបង​បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​ស្ពាន​ចាស់​ឆ្លងកាត់​ស្ទឹងសង្កែ​ដោយ​បញ្ជាក់​ថា​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បែក​ប្រេះស្រាំ​មិនអាច​ប្រើប្រាស់​បន្តទៀត​បានឡើយ ហើយ​ជា​ការចាំបាច់​គឺ​ត្រូវ​បញ្ឈប់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​តែម្ដង​។

កាលពី​ថ្ងៃទី ១៨ ធ្នូ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​លិខិត​ ១ ​ច្បាប់​ដោយបាន​ជំទាស់​នឹង​គម្រោង​របស់​រដ្ឋបាលខេត្ត​បាត់ដំបង ដែល​​មានបំណង​ចង់​រុះរើ​ស្ពានថ្ម ក្រោយពី​រដ្ឋបាលខេត្ត​នេះ​បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើការ​រុះរើ​ស្ពាន​ចាស់​សម័យ​បារាំង​ដែល​ស្ថិត​នៅមុខ​សាលា​ខេត្តបាត់ដំបង​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ប៉ុន្តែ​យ៉ាងណា​បន្ទាប់ពី​មានប្រតិកម្ម​ជា​បន្តបន្ទាប់ រដ្ឋបាលខេត្ត​បាត់ដំបង​បានប្រកាស​ជំហរ​ក្នុងការ​រក្សាទុក​ស្ពាន​នេះ​វិញ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​អាជ្ញាធរខេត្ត​បាត់ដំបង​គ្រាន់តែ​ថា ចៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​គឺ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​អាហ្នឹង​ (​ស្ពាន​)​។ ប៉ុន្តែ​ជំនួស​មកវិញ​យើង​ត្រូវ​រក​វិធី​ធ្វើ​ស្ពាន​បន្ថែម​នៅ​កន្លែង​នោះ មិនមែន​ជា​ការវាយចោល​ទេ​»​។

បើតាម​ក្រសួង​វប្បធម៌ ស្ពាន​ចាស់​នៅ​មុខ​សាលា​ខេត្ដ​បាត់ដំបង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ចាប់តាំងពី​សម័យ​អាណានិគម​បារាំង​ក្នុង​ឆ្នាំ ១៩១៦ មាន​អាយុកាល ១០៣ ឆ្នាំ និង​ធ្លាប់​ត្រូវបាន​រថយន្ត​ធុន​ធំ និង​រថក្រោះ​បើក​ឆ្លងកាត់​កាលពី​សម័យ​សង្គ្រាម ហើយ​ស្ពាន​នេះ​គឺជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅសល់​តែ ១ គត់​នៅក្នុង​ខេត្តបាត់ដំបង​ និង​នៅសល់​តែ ១ គត់​នៅ​កម្ពុជា​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នៃ​ស្ថាបត្យកម្ម នគរូបនីយកម្ម​ និង​បរិស្ថាន​។

លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូ​នៃ​វិទ្យាស្ថាន​ណារ៉ា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ចំពោះ​សំណង់​សម័យ​អាណានិគមន៍​បារាំង​មាន​គេ​អភិរក្ស​ច្រើនណាស់​ក្នុង​នោះ​មាន​សំណង់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​សៀមរាប​ជាដើម ដើម្បី​ឲ្យ​ក្មេង​ជំនាន់ក្រោយ​ស្គាល់​ថា អ្វី​ទៅ​ដែលជា​លក្ខណៈ​នយោបាយ អាណានិគមន៍​ដែល​កម្ពុជា​បាន​ទទួលរង ហើយ​ត្រូវ​ចងចាំ​។ ប៉ុន្តែ​លោក​ថា​សំណង់​ទាំងនេះ​ក៏​មាន​ច្រើន​ណាស់ដែរ ដែល​ត្រូវបាន​វាយកម្ទេច​ចោល​។

ចំពោះ​ការអភិរក្ស​ស្ពាន​បុរាណ​ដែល​សល់​ពី​សម័យ​បារាំង​នៅក្នុង​ខេត្តបាត់ដំបង​នេះ​វិញ អ្នក​បុរាណ​វិទូ​រូបនេះ​សាទរ ព្រោះតែ​សំណង់​នេះ​គឺជា​សំណង់​ដំបូង​បំផុត​ដែល​មាន​លក្ខណៈ​សម័យ​ដែល​ខុសពី​សំណង់​នៅក្នុង​សម័យអង្គរ​ដោយ​បាន​ប្រើប្រាស់​បច្ចេកទេស​ថ្មី​ក្នុង​សម័យ​នោះ​។

លោក​បញ្ជាក់​​ថា​៖ «​ល្អ​មែនទែន ដែល​សម្តេច​គាត់​មាន​អនុសាសន៍​សម្រាប់​ការការពារ​ (​សំណង់​) ដែលមាន​អាយុ​ចាប់ពី ៥០ ឆ្នាំទៅ​ព្រោះ​ប៉ុន្មាន​ឆ្នាំមុន យើង​ប្រឈម​នឹង​ការបាត់បង់​សំណង់​អគារ​ច្រើនណាស់​ដូចជា​នៅ​តំបន់​ភ្នំពេញ​យើង និង​បាត់ដំបង​យើង​ក្តី ហើយ​សៀមរាប​នេះ​ស្ទើរតែ​អស់ (​សំណង់​បុរាណ​)​។ ព្រោះ​ពេលខ្លះ មន្ត្រី​ហើយ​ដូចជា​យើង​ជា​អ្នក​អភិរក្ស​វប្បធម៌ មិន​មាន​ទឹកមាត់ប្រៃ​ទៅ​ជជែក​វែកញែក​ជាមួយ​គេ​ទេ​»​។

បើតាម​លោក សុខ កែវសុវណ្ណារ៉ា រាល់​សំណង់​ដែលមាន​អាយុកាល​ចាប់ពី ៨០ ឆ្នាំ​ឡើងទៅ​គឺ​ត្រូវ​ថែរក្សា​វា ឲ្យ​បាន​គង់វង្ស ហើយ​សំណង់​ទាំងនោះ​នឹង​ត្រូវ​ស្ថិតក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដើម្បី​ចូលរួម​ថែរក្សា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ដោយ​លោក​ចង់​ឲ្យ​មាន​វិធានការ​ច្បាស់លាស់​សម្រាប់​គ្រប់គ្រង និង​ការពារ​សំណង់​ទាំងអស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕