ចិនៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ប្រាប់​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការលុបចោល​កិច្ចសន្យា​ទាំងឡាយ​ជាមួយ​កម្ពុជា ដោយ​លោក​អះអាង​ថា​នឹង​បន្ត​ការពារ​នូវ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា ខណៈ​អ្នកវិភាគ​ថា ការ​ចាប់ដៃ​ជាមួយ​ចិន​ក្នុង​ការ​អភិវឌ្ឍ​អាច​នឹង​ផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ្ត​។

ក្រោយពី​បាន​ចូលរួម​កិច្ចសន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន​ពី​ម្សិលមិញ​រួចមក ខណៈ​លោក​ទៅ​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ពិព័រណ៍​ចិន​ជាមួយ​អាស៊ាន​រយៈពេល ២ ថ្ងៃ​នា​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ចំនួន​ ៦ ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ថា កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ទៅ​លើ​ការ​លុប​កុងត្រា​ចាស់​ណា​មួយ​នៃ​ក្រុមហ៊ុន​វិនិយោគទុន​ដោយ​អះអាង​ថា លោក​នឹង​ការពារ​។

តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ​បញ្ជាក់​ថា​៖ «​តែ​ផ្ទុយ​ទៅ​វិញ​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​ ៦ ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​សម្តេច​តេជោ សម្តេច​នឹង​បន្ត​ការពារ​នូវ​រាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​»​។

ជាមួយ​គ្នា​នោះ​លោក​ ហ៊ុន សែន ក៏​បាន​បន្ត​ធ្វើការ​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងអស់​ត្រូវ​បន្ត​មក​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ព្រោះ​កម្ពុជា​នៅ​មាន​សក្តានុពល​ជាច្រើន​ក្នុងការ​វិនិយោគ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។

ជាមួយ​នឹង​ការលើក​ឡើង​នោះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ដល់​អ្នក​វិនិយោគទុន​ចិន​ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​ការផ្តល់​កម្ចីសម្បទាន​ដល់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្នុង​នោះ​មាន​ការតភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ការតភ្ជាប់​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏​ដូចជា​ការតភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន​តាមរយៈ​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​។

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា លើក​ឡើង​ថា កម្ពុជា​អាច​នឹង​ជួប​ផលចំណេញ​ផង និង​ខាត​ផង​ប្រសិន​បើ​កម្ពុជា​ខ្លួនឯង​មិន​អាច​គ្រប់គ្រង​ដំណើរការ​អវិជ្ជមាន​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ​។

លោក ​សុវណ្ណារ៉ា ក៏​បាន​ប្រៀបធៀប​ថា ការ​ចាប់ដៃ​អភិវឌ្ឍ​ប្រទេស​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ល្អប្រសើរ​ជាង​ចិន គឺ​ការសហការ​ជាមួយ​ប្រទេស​លោក​ខាង​លិច​។

លោក​ ឯម សុណ្ណារ៉ា បាន​ថ្លែង​ថា​៖ «​បើ​យើង​និយាយ​ពី​ទំនាក់​ទំនង​កម្ពុជា-ចិន វា​រីកចម្រើន​ល្អ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទាំង​ទ្វេភាគី និង​ក្របខ័ណ្ឌ​អាស៊ាន​។ វា​ជា​ចំណុច​វិជ្ជមាន​សម្រាប់​កម្ពុជា​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​»​។

លោក​ ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​សមភាគី​ចិន កាលពី​ម្សិលមិញ​។ រូប ហ្វេសប៊ុក SPM

ប៉ុន្តែ​លោក​ថា កម្ពុជា​ទទួល​លទ្ធផល​ល្អ ឬ​មិន​ល្អ​ពី​ទំនាក់​ទំនង​ជាមួយ​ចិន​ក៏​អាស្រ័យ​លើ​កម្ពុជា​ខ្លួនឯង ថា​តើ​ត្រូវ​អនុវត្ត​យន្តការ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការពង្រឹង​ច្បាប់ ត្រួត​ពិនិត្យ​មើល​និគមជន​ជាតិចិន​ដែល​មក​នៅ​កម្ពុជា​បាន​ល្អ​ប៉ុនណា​។

លោក​បញ្ជាក់​ថា​៖ «​នៅក្នុង​ចរន្ត​ដែល​ល្អ​ហ្នឹង [​កម្ពុជា​] ​ក៏​គួរ​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​លោក​ខាង​លិច​ដែរ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទើប​កម្ពុជា​អាចឈាន​ទៅ​ចំណុច​ល្អ​មែនទែន​។ កន្លង​មក​នៅ​ពេល​ដែល​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ទៅ ដូចជា​ធ្វើឲ្យ​មន្ត្រី​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល​លែង​សូវ​បារម្ភ​ពី​ទំនាក់ទំនង​ជាមួយ​លោក​ខាង​លិច​ដែល​ជា​អត្ថប្រយោជន៍​ធំ​គឺ​នៅ​លោក​ខាង​លិច​ទេ​»​។

ដោយ​ឡែក​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក​ សន ជ័យ ថ្លែង​ថា​ការវិនិយោគ​ដែល​ល្អ​ផ្តល់​ផលប្រយោជន៍​ល្អ​សម្រាប់​កម្ពុជា​គឺ​មាន​តែ​អ្នកវិនិយោគ​នោះ​ត្រឹមត្រូវ​ស្អាតស្អំ​ប៉ុណ្ណោះ ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បាន ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ការវិនិយោគ​ ឬ​អាជីវកម្ម​ណា​ដែល​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ប្រពៃណី ទំនៀម​ទម្លាប់ ជាពិសេស​ការវិនិយោគ​ផ្នែក​ល្បែង​ស៊ីសង​ជាដើម​។

លោក​ ជ័យ សង្កត់ធ្ងន់​ថា​៖ «​ការវិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជា​គំរូ​មិន​ល្អ​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​រក​មធ្យោបាយ​ដើម្បី​ស្តារ​ស្ថានភាព​ឲ្យ​ល្អ​ឡើង​វិញ​»៕