ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បញ្ជា​ឱ្យ​ក្រសួង​ចំនួន ​៣ ​ត្រូវ​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​តំបន់​ការពារ​ផ្សេងៗ ​ដូចជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ជា​ដើម​ជូន​ពលរដ្ឋ ​ប្រសិន​បើ​ពួក​គាត់​ពិត​ជា​អាស្រ័យ​​ផល​ជាក់​ស្ដែង​ និង​រស់នៅ​ពិត​ប្រាកដ​លើ​ដី​នោះ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ក៏​ព្រមាន​​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​មាន​អំណាច​ និង​លុយ​កាក់​ដែល​ប្រើ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី​ព្រៃ។​

ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី ​៣ ​កក្កដា ​លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​និង​ក្រសួង​បរិស្ថាន ​ត្រូវ​តែ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ ដែល​បាន​រស់នៅ​ និង​អាស្រ័យ​ផល​ជាក់​ស្ដែង​ អស់​រយៈពេល​ជាង ​១០-២០ ឆ្នាំ​មក​ហើយ ​ក្នុង​តំបន់​អភិរក្ស ​តំបន់​សត្វព្រៃ ​និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ។ ​ក្រសួង​ទាំង ​៣ ​នេះ​ត្រូវ​តែ​ចេញ​ប្លង់​កម្មសិទ្ធិ​​ ជូន​ពលរដ្ឋ​ទាំង​នោះ ​និង​ត្រូវ​ធ្វើ​ឱ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​

ទំព័រហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​ផ្សាយ​ពី​ម្សិលមិញ​ថា​៖​ «​រដ្ឋ​មាន​តែ​ដី​ក្នុង​ផែនទី​ទេ ​តាម​ពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅឋាន​រស់នៅ​បង្កើត​កូនចៅ​រាប់​សិប​​ឆ្នាំ​មក​ហើយ​នៅ​លើ​ទីតាំង​ដី​ទាំង​នោះ​។ នេះ​ជា​ការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិត​ប្រាកដ​។ កុំ​ទុក​ប្រជាពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច ​អត់​ឃ្លាន​ រត់​ទៅ​ចំណាក​ស្រុក​គេ​តទៅ​ទៀត​។ ទន្ទឹម​នឹង​នេះ ​សូម​កុំ​ឲ្យ​ពលរដ្ឋ​ពង្រីក​ថែម​ទៀត ​ព្រោះ​ត្រូវ​ការ​រក្សា​ទុក​ព្រៃ​សហគមន៍​ខ្លះ​នៅ​ជិតៗ ​​ដើម្បី​ជា​ប្រយោជន៍​សហគមន៍​រស់នៅ​នៅ​ផង​ដែរ»។​

លោក ​ហ៊ុន សែន ​បញ្ជាក់​ទៀត​ថា ​ពលរដ្ឋ​ក្រៅ​ពី​ទទួល​បាន​ដី​ពី​ការ​កាត់​ឆ្វៀល​តាម​ទំហំ​រស់នៅ​ជាក់​ស្តែង​ រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី ​១០% ​ដើម្បី​ប្រើប្រាស់​ជា​ព្រៃ​រក​អុស ​និង​សម្រាប់​សត្វ​គោ​ក្របី​ស៊ី​ស្មៅ​ជាដើម។ ​ចំពោះ​មន្ត្រី​ដែល​កេង​ចំណេញ​យក​ពី​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​នៅ​ពេល​នេះ ​នឹង​ត្រូវ​ទទួល​ទោស​ជា​កំហិត។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏​សង្កេត​ឃើញ​ថា ​កន្លង​មក​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ទ្រព្យ​ច្រើន ​ប្រើ​ពលរដ្ឋ​តូចតាច​ឲ្យ​ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ឱ្យ​ខ្លួន។ ​ក្នុង​នោះ ​លោក​ក៏​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ជន​ខិលខូច​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង ​១ ​យប់ ​ដែល​​អាច​ធ្វើ​ខ្ទម​ពី ​១០ ​ទៅ ​២០ ​នៅ​លើ​ទីតាំង​​ដី​ទាំង​នោះ។​

លោក​ព្រមាន​ថា ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​​ចាប់​ខ្លួន​ ប្រសិន​បើ​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​ដើម្បី​រំលោភ​យក​ដី​រដ្ឋ​ពិត​ប្រាកដ​មែន។​

លោក​ថា​៖ «​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ទ្រព្យ​ធន​ស្តុកស្តម្ភ​ទាំង​ឡាយ ​ល្មម​ចេះ​ឆ្អែត ​និង​ចេះ​គ្រប់គ្រាន់​ហើយ​ ហើយ​ឈប់​ធ្វើ​បាប​ប្រជាពលរដ្ឋ​តទៅ​ទៀត»​។​

កាល​ពី​ថ្ងៃ​ម្សិលមិញ​ លោក​ នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ខ្លី​ថា​ ក្រសួង​ជំនាញ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​លើ​ចំនួន​ពលរដ្ឋ ​ដែល​បាន​រស់នៅ ​និង​អាស្រ័យ​ផល​ជាក់ស្ដែង​នៅលើ​ដី​ ដែល​ជា​តំបន់​ការពារ​របស់​រដ្ឋ ​ហើយ​នឹង​អនុវត្ត​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី។​

កន្លង​មក​ក្រសួង​បរិស្ថាន​ធ្លាប់​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា មាន​ព្រៃឈើ​គ្រប​ដណ្តប់​ប្រមាណ ​៥០% ​នៃ​ផ្ទៃ​ប្រទេស​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ក្នុង​នោះ​មាន​ចំនួន​ប្រហែល ​៤១%​ គឺ​ស្មើ​នឹង​ប្រមាណ ​៧ ​លាន ​៣ ​សែន​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ ដូចជា​ឧទ្យាន​ជាតិ ​ដែន​ជម្រក​សត្វ​ព្រៃ​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ តំបន់​រ៉ាមសារ ​តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ ​និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​ចំនួន​ ៦៩ ​កន្លែង​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។​

លោក ​គ្រើង តុលា ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ និង​ជា​សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ និយាយថា ​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន សែន ​នៅ​ពេល​នេះ​ធ្វើ​ឱ្យ​មាន​ចំណុច​អាក្រក់​ច្រើន​ជាង​ចំណុច​ល្អ ព្រោះ​មិន​បាន​បណ្តេញ​ចេញ​ចំពោះ​អ្នក​ដែល​ទៅ​រំលោភ​យក​ដី​រដ្ឋ​ពិត​ប្រាកដ។​

លោក​ថា ​ការ​ប្រកាស​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​រដ្ឋ​នេះ ​នឹង​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​អំណាច​ និង​លុយ​កាក់ ​ដែល​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អាច​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​ ដែល​ទទួល​បាន​ពី​ការ​ទន្ទ្រាន​យក​ដីព្រៃ​ ដែល​ពួក​គេ​បាន​ប្រើប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ទាំង​អស់​កាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ហើយ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ដី​ទាំង​នោះ​ទៅជា​ដី​ដែល​អាស្រ័យ​ផល​ជាក់​ស្ដែង។​

លោក​ថា​៖ «ពួក​គាត់​កាប់​គាស់​ ហើយ​បាន​​យក​អាអ៊ិច​ទៅ​កាយ​គល់​ឈើ​ចេញ​​អស់ ​១ ឆ្នាំ​ក្រោយ​មក ដី​ទាំង​នោះ​ យើង​មើល​ទៅ​ហាក់​ដូច​ជា​ដី​គេ​ប្រើប្រាស់​​ អស់ ​១០ ​ទៅ ​២០ ​ឆ្នាំ​។ អ៊ីចឹង​! នឹង​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​លុយ ​និង​អំណាច​មាន​ឱកាស ​ដើម្បី​អះអាង​ថា​ពួក​គេ​រស់នៅ​លើ​ដី​ហ្នឹង​​តាំង​ពី​ឆ្នាំ ​១៩៩០ ​អ៊ីចឹង​មក ហើយ​អាជ្ញាធរ​គាំទ្រ​គ្នី​គ្នា​របស់​ខ្លួន​អ៊ីចឹង​ទៅ»។​

លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ជាក់​ស្ដែង​តាម​បែប​ប្រពៃណី​ដែល​នៅ​តែ​រក្សា​គល់​ឈើ​ឱ្យ​នៅ​ដដែល ​នឹង​អាច​ត្រូវ​បាន​បណ្ដេញ​ចេញ​។ ចំណែក​ចំណុច​ល្អ​វិញ គឺ​លោក ​គ្រើង តុលា​ សង្ឃឹម​ថា ​នឹង​អាច​លែង​មាន​ហានិភ័យ​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ការពារ​មួយ​ចំនួន ​ដូចជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ជាដើម ​ដែល​អាជ្ញាធរ​តែង​បណ្ដេញ​ចេញ​ ដោយ​សារ​តែ​អះអាង​ថា​ ជា​ដី​តំបន់​ការពារ​របស់​រដ្ឋ៕

វីដេអូ៖