ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិតទៅកាន់លោក ស៊ី ជីនភីង ប្រធានាធិបតីចិនដើម្បីអបអរសាទរចំពោះយានអវកាសរបស់ចិន ដែលបានហោះទៅចុះចតដោយជោគជ័យលើភពព្រះអង្គារ។
ក្នុងលិខិតចុះថ្ងៃទី ១៨ ខែឧសភា លោក ហ៊ុន សែន បានថ្លែងថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិនក្នុងឱកាសដែលយានអវកាស «ស៊ូរ៉ុង» បានចុះចតដោយជោគជ័យលើភពព្រះអង្គារក្នុងបេសកកម្ម "ធានវិន-១" កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១»។
លោក ហ៊ុន សែន ថ្លែងថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀតដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលម្ហអាកាសរបស់ចិន។
លោកនាយករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រនៃបេសកកម្មក្នុងលម្អអាកាសរបស់ចិនដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់មនុស្សជាតិទាំងមូល។
លោកថ្លែងថា៖ «សូមជូនពរឯកឧត្តមមានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសឱ្យបានកាន់តែរុងរឿងថែមទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែឧសភាថា ការអបអរសាទរនេះគឺជាការបង្ហាញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង ២ នៅក្នុងអត្ថន័យមិត្តដែកថែប។ ប្រសិនបើមិននិយាយពីពូជសាសន៍ នេះជាជោគជ័យទី ១ សម្រាប់ក្រុមប្រជាជនស្បែកលឿងដែលមានសមត្ថភាពទៅចុះចតនៅឋានព្រះចន្ទក៏ដូចជាភពព្រះអង្គារ។
លោកថ្លែងថា៖ «ចំណុចទី ២ ជាការអបអរសាទរហើយដោយសារប្រទេសចិនជាមិត្តដែកថែបនៅក្នុងន័យហ្នឹងយើងអាចផ្លាស់ប្តូរបទពិសោធរវាងប្រទេសចិន និងកម្ពុជាដែលនៅក្នុងសម័យកាលឌីជីថល ៤.០ នេះ»។
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែឧសភាថា ការចូលរួមចំណែកអបអរសាទររបស់លោក ហ៊ុន សែន គឺជាឥរិយាបថកាទូតមួយ ចំពោះការសម្រេចបានរបស់ប្រទេសចិននៅក្នុងការចុះចតយានអវកាសនៅលើភពព្រះអង្គារ។
លោកថ្លែងថា៖ «ហើយក៏ជាសារមួយដែលបង្ហាញអំពីសេចក្តីសោមនស្សរបស់កម្ពុជាចំពោះការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ចិន ដែលអាចឈានទៅដល់ការចុះចតនៅលើភពព្រះអង្គារ។ ការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ចិននេះ ក៏ជាការបង្ហាញមួយអំពីសាច់ដុំ ឬការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យារបស់ចិនដែលជាប្រទេសធំមួយនៅក្នុងពិភពលោកផងដែរ»។
បើតាមលោក ចន្ទរឿន នៅកម្ពុជាកន្លងមក ទំនាក់ទំនងខាងផ្នែកនយោបាយ និងពាណិជ្ជកម្មជាមួយប្រទេសចិន មានការរីកចម្រើន ដែលការវិនិយោគមានទំហំធំជាងប្រទេសមហាអំណាចដទៃទៀតនៅក្នុងពិភពលោក។ ប៉ុន្តែរឿងមួយដែលកម្ពុជាមិនទាន់ទទួលបានគឺការផ្ទេរ ឬការរៀនសូត្រពីប្រទេសចិន ទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យានៅក្នុងកិច្ចការងារ និងការវិនិយោគ។
លោកបញ្ជាក់ថា៖ «សូម្បីការវិនិយោគខាងផ្នែកបច្ចេកវិទ្យា ដែលជាមូលដ្ឋានគ្រឹះដូចជារឿងអ៊ីនធឺណិតអីហ្នឹងក៏មិនទាន់មានដែរ។ ខ្ញុំក្នុងនាមជាខ្មែរ និងអ្នកដែលធ្វើកិច្ចការងាររឿងអភិវឌ្ឍន៍សង្គមចង់ឃើញមានការផ្ទេរចំណេះជំនាញ និងការបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរនូវអ្វីដែលចិនអាចធ្វើបាន»។
លោក ចន្ទរឿន បានបន្តថា៖ «ជាពិសេសកសាងគ្រឹះសម្រាប់ប្រជាពលរដ្ឋយើងនៅក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាល ទើបប្រជាជនយើងហ្នឹង ជាពិសេសយុវជនយើងដែលជាចំនួនពលរដ្ឋភាគច្រើននៅក្នុងសង្គមហ្នឹងមានចំណេះជំនាញគ្រប់គ្រាន់នៅក្នុងការកសាងសង្គមជាតិយើង ក្នុងគ្រប់វិស័យជាជាងដែលយើងបញ្ជូនពលករយើងដែលអត់មានជំនាញទៅធ្វើការនៅស្រុកគេដូចជានៅស្រុកថៃ ឬនៅស្រុកកូរ៉េជាដើម»៕