ភ្នំពេញៈ យោធិន​ប្រមាណ​ ២ ០០០ ​នាក់​ រួមទាំង​មន្ត្រី​ជាតិ​ និង​អន្តរជាតិ​បាន​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​ ២៥ ​ថ្ងៃ​ កំណើត​កងពលតូច​លេខ​ ៧០ ​កាលពី​ម្សិលមិញ​នៅ​ទីបញ្ជាការ​ក្នុង​ទីក្រុង​​ភ្នំពេញ​ត្រូវ​បាន​ណែនាំ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ប្រឆាំង​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​ដែល​ត្រូវបាន​ចោទប្រកាន់​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល ខណៈ​ដែល​ជន​ត្រូវចោទ​រូបនេះ​កំពុង​ត្រៀម​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះអាង​ថា​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​បញ្ហា​បដិវត្តន៍​ពណ៌​ជា​រឿង​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ពេល​ដែល​មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ ៧០ បាន​ថ្លែង​ថា ប្តេជ្ញា​វាយកម្ទេច​បដិវត្តន៍​ពណ៌ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។

ក្នុង​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ និង​ទទួល​សារ​ជូនពរ​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួមទាំង​ពិធី​ដង្ហែ​ក្បួន​យោធិន​ប្រដាប់​ដោយ​អាវុធ រថពាសដែក និង​រថយន្ត​បំពាក់អាវុធ​ទំនើបៗ​ជាច្រើន​ប្រភេទ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សារលិខិត​ជូនពរ​ខួប​លើក​ទី​ ២៥ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​ ៧០ ​បាន​បង្ហាញ​នូវ​ក្ដីបារម្ភ​ខ្លះ​ថា កម្ពុជា​ទទួលរង​ឥទ្ធិពល​តិចតួច​ ឬ​ដោយ​ប្រយោល​ពី​ស្ថានភាព​​អសន្តិសុខ​របស់​ពិភពលោក​ប្រកប​ដោយ​គ្រោះថ្នាក់​។

ក្នុង​សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​៖ «​គួបផ្សំ​នឹង​ភាពផុយស្រួយ​ដែល​បង្ក​ឡើង​ដោយ​ការវិវឌ្ឍ​ប្រែប្រួល​នៃ​សភាពការណ៍​អន្តរជាតិ ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​មហាអំណាច ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង បញ្ហា​បដិវត្តន៍​ពណ៌ ព្រម​ទាំង​ការគំរាមកំហែង​លើ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រម​ទាំង​មហិច្ឆតា​របស់​ជន​ក្បត់ជាតិ និង​អ្នកនយោបាយ​មួយ​ក្តាប់​តូច​ដែល​ចាំបាច់​ទាមទារ​ឲ្យ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រៀម​វិធានការ​ទប់ស្កាត់ ប្រកប​ដោយ​ភាពបត់បែន និង​ម្ចាស់ការ​»​។

រថពាសដែក​បង្ហាញ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ​២៥ ​នៃ​កងពលតូច​លេខ​ ៧០​។ រូបថត FN

ជាមួយ​គ្នា​នេះ​ដែរ​លោក ទៀ បាញ់ បាន​ថ្លែង​ទៅ​កាន់​មេបញ្ជាការ មេបញ្ជាការរង និង​យោធិន​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ដែល​មាន​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​តាមរយៈ​ការប្រើប្រាស់​វិធី​ញុះញង់ អុជអាល បំផុសបំផុល និង​ប្រើ​ឧបាយកល​បោក​បញ្ឆោត​អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ​ឲ្យ​បះបោរ​តាម​រូបភាព​បដិវត្តន៍​ដោយ​ហិង្សា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

លោក ទៀ បាញ់​ថ្លែងថា​៖ «​ចលនា​ឧទ្ទាម​របស់​ពួកក្បត់​ជាតិ ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង នៅ​តែ​មិន​បោះបង់​នូវ​មហិច្ឆតា​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ​ដូចនេះ​នាយទាហាន ពលទាហាន​កងពលតូច​លេខ​ ៧០ នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​មាន​ភារកិច្ច​ជាច្រើន​ទៀត​ដែល​ត្រូវបំពេញ ដើម្បី​ធានា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​ល្អប្រសើរ​»​។

លោក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ ៧០ បាន​ប្តេជ្ញា​នៅក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​ ២៥ ដោយ​បាន​ប្រកាស​ត្រៀម​កម្ទេច​រាល់​ការឃុបឃិត ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បំផ្លាញ​សន្ដិភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។

លោក សុផាន់ ថ្លែងថា​៖ «​ប្តេជ្ញា​វាយកម្ទេច​រាល់​ការឃុបឃិត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​បាន​ថ្លែងថា ការលើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក ម៉ៅ សុផាន់ គឺជា​សារ​ផ្ញើ​ទៅ​កាន់​ប្រជាជន កងកម្លាំង និង​អន្តរជាតិ​ថា រាជរដ្ឋាភិបាល និង​កម្លាំង​ប្រដាប់​អាវុធ​នឹង​មិន​​អនុញ្ញាត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ទេ​។

លោក ភា ថ្លែងថា​៖ «​កម្លាំង​ប្រដាប់អាវុធ​គឺជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការពារ​សន្តិភាព​របស់​រដ្ឋ​ដូច្នេះ​វា​ជា​កាតព្វកិច្ច​របស់​ខាង​កងយោធពល​ខេមរភូមិន្ទ​។ នេះ​ជា​កង្វល់​រួម​ដោយសារ​តែ​មាន​ការជ្រៀតជ្រៀក​ពី​ខាងក្រៅ ដូច្នេះ​កងកម្លាំង​ត្រូវតែ​ត្រៀមខ្លួន​ទប់ទល់​នឹង​ឥទ្ធិពល​ខាងក្រៅ​ដើម្បី​សន្តិភាព និង​ស្ថិរភាព​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​លោក​ ម៉ៅ សុផាន់ថា ជា​ការព្រួយ​គ្មាន​ហេតុផល​ដែល​អាច​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​កាន់តែ​តានតឹង​ឡើង​ថែម​ទៀត​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អន្តរជាតិ​។

លោក ច័ន្ទរ័ត្ន ថ្លែងថា​៖ «​ការលើកឡើង​ និង​យុទ្ធសាស្ត្រ​ថ្មី​របស់​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​មាន​ការព្រួយបារម្ភ​។ រាជរដ្ឋាភិបាល​មាន​ការព្រួយបារម្ភ​ហួសហេតុ​ដោយសារ​តែ​រឿងនេះ​វា​មិន​អាច​កើតឡើង បរទេស ឬ​អន្តរជាតិ​ណាមួយ​គ្មាន​បំណង​ជ្រៀតចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​គឺ​ពួកគេ​ចង់​ឲ្យ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​»​។

ទោះយ៉ាងណា​ក៏ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ កាលពី​ថ្ងៃទី​ ១១ ខែ​តុលា​បាន​សម្រេច​ឃុំខ្លួន សមាជិក​ក្រុម​អ្នក​ដែល​ចូលរួម​គាំទ្រ​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ចំនួន​ ៤ ​នាក់ ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

យោង​តាម​ដីកា​លោក កូយ សៅ បាន​សម្រេច​ឃុំខ្លួន​សមាជិក​ក្រុម​នោះ រួមមាន​ទី​១ ឈ្មោះ ឌឹម សារឿង ទី​២ ឈ្មោះ សុខ ផាត ទី​៣ ​ឈ្មោះ ម៉ែន យ៉ន និង​ទី​៤ ឈ្មោះ ឡី សុខុន​៕