ភ្នំពេញៈ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង ព័ត៌មាន​ក្លែងក្លាយ​ដែល​ប្រទេស​កម្ពុជា​បាន​កំពុង​ប្រឈមមុខ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​។

សេចក្ដី​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ឡើង​តាម​សារ​លិខិត​មួយ​ដែល​បាន​ផ្ញើជូន​ទៅ​កាន់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​កាលពី​ថ្ងៃទី​ ២១ ខែ​ធ្នូ ២០១៨ បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំពុង​តែ​ប្រឈមមុខ​ខ្លាំង និង​ក្ដៅ​គគុក​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុល​បរិយាកាស​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​អ្នក​ឆ្លៀត​ឱកាស​និយម​ក្នុង​គោលបំណង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា​ដែល​អាច​អូសទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​។ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ និង​ពិភពលោក​មាន​ភាព​ចលាចល ច្របូកច្របល់ ជា​បញ្ហា​មួយ​ធំ​ដែល​ចាំបាច់​ត្រូវតែ​ដោះស្រាយ​ឱ្យ​ខាន​តែ​បាន​។

យោង​តាម​លិខិត​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​និង​កំពុង​ប្រឈម​យ៉ាង​ក្ដៅគគុក​ទៅ​នឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​បំពុល​បរិយាកាស​សង្គម ដែល​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​បក្សប្រឆាំង និង​ពួក​ឱកាសនិយម​ក្នុង​គោលបំណង​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​។

លិខិត​ដដែល​នោះ​ឲ្យ​ដឹង​​ថា​៖ «​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន គោរព​ច្បាប់​រដ្ឋ និង​ចៀសវាង​នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ ឬ​ព័ត៌មាន​មាន​តែ ១ ​ជ្រុង​នោះ ឬ​ដោយសារ​តែ​គំនុំ​ដោយ​ពុំ​គិតពី​ក្បួនខ្នាត​ក្រឹត្យក្រម​នៃ​សារព័ត៌មាន​ហើយ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​​បំប៉ោង​សភាពការណ៍​ញុះញង់​ឲ្យ​មាន​ជម្លោះ​ផ្ទៃក្នុង​រុញច្រាន​ប្រទេស​ជាតិ​ឲ្យ​ធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ​ ឬ​បង្ក​ឲ្យ​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិត​ខាង​ធ្វើឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ​ដែល​ជា​អំពើ​ខុសច្បាប់​មិន​អាច​អត់ឱន​ឲ្យ​ជា​ដាច់ខាត​»​។

វេទិកា​និពន្ធ​នាយក​ព័ត៌មាន​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​បាន​ឲ្យ​ដឹងថា​៖ «​យើង​អ្នក​សារព័ត៌មាន​អាជីព​មិន​ត្រូវ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​ផ្ទៀងផ្ទាត់​ជា​មុន​ឲ្យ​ជាក់លាក់ ចៀសវាង​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក​ ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ប្រទេស​កម្ពុជា​ក៏​បាន​និង​កំពុង​បង្កបញ្ហា​ដ៏ធំធេង​ផង​ដែរ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហើយ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា ហើយ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ព័ត៌មាន​អាជីព​ដែល​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​។

លោក បូណា ​ថ្លែង​ថា​៖ «​យើង​ជា​អ្នក​សារព័ត៌មាន​យើង​មិន​ត្រូវ​ចូលរួម​ចំណែក​នៅក្នុង​ការបន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បើ​ព័ត៌មាន​ណា​មិន​មាន​ប្រភព​ច្បាស់លាស់​ដែល​យើង​មិន​គួរ​ទុកចិត្ត​យើង​កុំទៅ​ like ​ទៅ​ share ​ទៅ​ comment ​ហើយ​យក​ជា​ប្រភព​»៕